កាសែត​ដាណឺម៉ាក​សរសេរ​ថា៖ វីរុសកូរ៉ូណា មាន​ប្រភព​ចេញពីផ្សារ​មួយកន្លែង​នៅប្រទេសថៃ

  • 2021-02-25 08:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារព័ត៌មាន​នៅប្រទេសដាណឺម៉ាក​ឈ្មោះ Politiken បាន​ចេញ​ផ្សាយ​នូវអត្ថបទមួយកាលពីថ្ងៃចន្ទកន្លងទៅ​ដោយដាក់ចំណងជើងថា «ផ្សារលក់សត្វព្រៃមួយកន្លែងនៅក្នុងក្រុងបាងកក ប្រទេសថៃ អាច​ជាកន្លែងនាំយកវីរុសកូរ៉ូណា ទៅក្រុងវូហាន» ក្នុងនោះ​គឺសំដៅទៅលើផ្សារ Chatuchak។

ការចេញផ្សាយអត្ថបទខាងលើ ត្រូវបានកាសែតនេះ​ដកស្រង់សម្តីរបស់​លោកស្រី Thea Kolsen Fischer ដែល​ជាសមាជិក១រូបនៃបេសកកម្មរបស់អង្គការ WHO ក្នុងការស្វែងរកប្រភព​ផ្ទុះកូរ៉ណា នៅក្រុងវូហាន ប្រទេសចិន។

យ៉ាងណាមិញ ក្រោយ​ការចេញផ្សាយនេះ លោកស្រី Fischer បាន​បញ្ជាក់​នៅលើបណ្តាញទ្វីតធើថា ការដកស្រង់សម្តី​លោកស្រី​របស់កាសែតខាងលើ គឺមិនត្រឹមត្រូវឡើយ ដោយ​លោកស្រីគ្រាន់តែ​និយាយ​ពីការ​រកឃើញ​ថ្មីៗនេះ​ថា សត្វប្រជៀវ​អាចជាប្រភព​នៃវីរុសកូរ៉ូណា​តែប៉ុណ្ណោះ។

បើតាម​សេចក្តីថ្លែងការណ៍របស់​អង្គការ WHO កាលពីថ្ងៃទី២៤កុម្ភៈម្សិលមិញ ឱ្យដឹងទៀតថា ខ្លួន​កំពុងធ្វើរបាយការណ៍​អំពីបេសកកម្មទៅស្រាវជ្រាវនៅវូហាន ដោយក្នុងរបាយការណ៍នោះ មិនមាន​ការ​សន្និដ្ឋានថារកឃើញ​ប្រភពវីរុសកូរ៉ូណា ចេញពីទីតាំងណាមួយនោះទេ។

ទន្ទឹមនេះ អាជ្ញាធរថៃ​ក៏បាន​ប្រកាសច្រានចោលនូវការចុះផ្សាយរបស់​កាសែតដាណឺម៉ាកខាងលើផងដែរ។

លោក Chawetsan Namwat ប្រធានផ្នែកគ្រប់គ្រងជំងឺឆ្លង និង​គ្រោះថ្នាក់សុខភាពបន្ទាន់​ នៃនាយកដ្ឋាន​គ្រប់គ្រងជំងឺឆ្លង របស់​ប្រទេសថៃ បាន​លើកឡើង​ថា៖ «យើងអាចនិយាយបានថា វាមិនមែន​ជាការពិតឡើយ។ គ្មាន​ភស្តុតាង​វិទ្យាសាស្រ្ត​ណាដែលបញ្ជាក់ថា វា (វីរុសកូវីដ១៩) មានប្រភពចេញពីសត្វ​ក្នុងផ្សារក្នុងក្រុងបាងកកនេះឡើយ»៕

ប្រភព៖ Coconuts Bangkok

អត្ថបទថ្មី
;