ពាក្យសន្យារបស់ បៃឌិន! ក្រោយចូលកាន់តំណែង១០០ថ្ងៃ ចាក់វ៉ាក់សាំង ១០០លាននាក់នោះ ឥឡូវយ៉ាងម៉េចហើយ?

  • 2021-02-26 02:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក ចូ បៃឌិន បានថ្លែងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១ថា ចាប់តាំងពីលោកចូលកាន់តំណែង​កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ​២០២១ វ៉ាក់សាំងកូវីដ១៩ ត្រូវបានចាក់ជូន​ប្រជាពលរដ្ឋ​អាមេរិក ៥០លាននាក់។

មុនពិធីចូលកាន់តំណែង​ លោក បៃឌិន សន្យាថា នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យ ១០០លាននាក់ ក្រោយពេលលោកចូលកាន់តំណែង ១០០ថ្ងៃ (ឬ១ថ្ងៃ ១លាននាក់) ខណៈ​បច្ចុប្បន្ន​ជាមធ្យមក្នុងមួយថ្ងៃអាមេរិក ចាក់វ៉ាក់សាំងបានបានលើសពី១លាននាក់ទៅហើយ។ ដូច្នេះ​ការសន្យារបស់លោក​នឹង​ក្លាយជាការពិត។

លោក ចូ បៃឌិន ក្នុងពេលទៅទស្សនកិច្ចនៅរោងចក្រ​ផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer
យ៉ាងណាមិញ លោក​ប្រធានាធិបតី ព្រមាន​ថា ក្តីសង្ឃឹម​ថានឹងវិលទៅរក​ជីវិតធម្មតាវិញ ស្ថិតលើផ្លូវវែងឆ្ងាយនៅឡើយ ពោលគឺនឹង​ប្រើរយៈពេលយូរទៀត។

បៃឌិន បញ្ជាក់​ដូច្នេះថា៖ «ប្រជាជន​ចាក់វ៉ាក់សាំងកាន់តែច្រើន យើងក៏កាន់តែឆាប់​ប្រយុទ្ធឈ្នះជំងឺរាតត្បាត។ យើងកំពុង​សំដៅទៅទិសដៅត្រឹមត្រូវ បើទោះបីជាយើង​បានទទួល​មរតកដ៏រញ៉េរញ៉ៃពីរដ្ឋបាល​មុន​ដែល​​គ្មាន​ផែនការ​ពិតប្រាកដ​ក្នុងការចាក់វ៉ាក់សាំងឱ្យ​ប្រជាជន​អាមេរិក​ក៏ដោយ»។

យោងតាមទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២១ បង្ហាញ​ថា សហរដ្ឋអាមេរិក បាន​ចាក់វ៉ាក់សាំងកូវីដ១៩ បើគិតជាដូសវិញគឺមានចំនួនសរុប​ជាង ៦៦,៥លានដូសហើយ (អ្នកចាក់បាន១ដូស + អ្នកចាក់បាន ២ដូស)៕

ប្រភព៖ CNN

អត្ថបទថ្មី
;