ទន្លេមេគង្គស្រកដល់កម្រិត «គួរឲ្យព្រួយបារម្ភ» ដោយផ្នែកខ្លះប្រែពណ៌ជាបៃតងខៀវ

  • 2021-02-26 04:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លេខាធិការដ្ឋាន​នៃគណៈកម្មការទន្លេមេគង្គ បាននិយាយនៅថ្ងៃនេះថា កម្រិតទឹកទន្លេមេគង្គនៅចន្លោះស្ថានីយវារីអគ្គិសនី  Jinghong ក្នុងខេត្ត Yunnan នៃប្រទេសចិន និងដីសណ្តទន្លេមេគង្គនៅប្រទេសវៀតណាម បានធ្លាក់ចុះ​ដល់កម្រិតគួរឲ្យ​បារម្ភ។ កម្រិតទឹកបានស្រកចុះយ៉ាងច្រើន តាំងពីដើមឆ្នាំ​នេះ ដោយសារមានភ្លៀងតិច ការប្រែប្រួលលំហូរនៅផ្នែកខាងលើ ការដំណើរការវារីអគ្គិសនីនៅតាមដៃទន្លេ និងការកំហិតលើលំហូរចេញពីទំនប់ Jinghong ។ 

បណ្ឌិត Winal Wangpimool ប្រធានផ្នែកគាំទ្របច្ចេកទេស​នៃលេខាធិការដ្ឋាន​នៃគណៈកម្មការរទន្លេមេគង្គ បាននិយាយថា៖ «មានការឡើង និងស្រកភ្លាមៗ​ នៃកម្រិតទឹក នៅខាងក្រោមជាប់​នៃ Jinghong និងនៅខាងក្រោមមកទល់នឹងទីក្រុងវៀងចន្ទន៍ ដែលចោទជាបញ្ហាប្រឈម​សម្រាប់អាជ្ញាធរ និងសហគមន៍ នៅក្នុងការត្រៀមទប់ទល់ចំពោះផលប៉ះពាល់»។

ការសង្កេតប្រចាំខែរបស់គណៈកម្មការទន្លេមេគង្គ លើរបាយទឹកភ្លៀងបង្ហាញថា តាំងពីខែវិច្ឆិកា ឆ្នាំមុន បរិមាណទឹកភ្លៀងគិតជាមធ្យម មានការធ្លាក់ចុះទាបជាកម្រិតមធ្យម ដោយធ្លាក់ចុះ ២៥%។ទិន្នន័យស្តីពីកម្រិតទឹកដែលគណៈ​កម្មការបានសង្កេតឃើញ ថែមទាំងបង្ហាញទៀតថា កម្រិតទឹកហូរចេញ​នៅស្ថានីយ Jinghong កាលពីម្សិលមិញ មាន ៧៧៥ ម៉ែត្រគូបក្នុងមួយវិនាទី  គឺថយចុះជិតពាក់កណ្តាលពីកម្រិតធម្មតា ដែលមានប្រហែល ១៤០០ ម៉ែត្រគូបក្នុងមួយវិនាទី ដែលត្រូវបានគេសង្កេតឃើញ នៅខែធ្នូ។

ចាប់តាំងពីការធ្លាក់ចុះដំបូង នៅថ្ងៃទី ១ ខែមករា កម្រិតទឹកហូរចេញ​ពីស្ថានីយ Jinhong ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមករា គឺថេរ ត្រឹម ៧៨៥ ម៉ែត្រគូប​ក្នុង១វិនាទី។ បន្ទាប់មក កម្រិតទឹកហូរចេញញបានធ្លាក់មក ៧៤០ម៉ែត្រគូបក្នុង១វិនាទី នៅចន្លោះពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមករា មុននឹងឡើងដល់ ៩៩០ ម៉ែត្រគូបក្នុង១វិនាទី នៅថ្ងៃទី ២៩ ខែមករា។ បន្ទាប់មក វាធ្លាក់ចុះបន្តិចម្តងៗមកដល់ ៨០០ ម៉ែត្រគូបក្នុង១វិនាទី នៅថ្ងៃទី ១១ ខែកុម្ភៈ។

នៅដើមខែមករា ក្រសួងធនធានទឹករបស់ចិន បានប្រាប់ទៅប្រទេសនៅតំបន់ទន្លេមេគង្គក្រោមទាំង ៤ ប្រទេសថា លំហូរចេញពីស្ថានីយ Jinghong នឹងត្រូវកំហិតត្រឹម ១០០០ ម៉ែត្រគូបក្នុង១វិនាទី ពីថ្ងៃទី ៥ ដល់ថ្ងៃទី ២៤ ខែមករា ដោយសារការជួសជុលប្រព័ន្ធខ្សែបញ្ជូនចរន្តភ្លើង។ តែក្រសួង​នេះមិនបានបញ្ជាក់ពីកម្រិតទឹកនៅមុនពេលនៃការកំហិតទឹកហូរចេញ និងបរិមាណទឹកដែលត្រូវស្តារឡើងវិញ នៅថ្ងៃទី ២៥ មករាទេ។

កាលពីឆ្នាំទៅ ប្រទេសចិនបានយល់ព្រមចែករំលែកទិន្នន័យស្តីពីបរិមាណទឹកភ្លៀង និងកម្រិតទឹកទន្លេក្នុងឆ្នាំទាំងមូល ជាមួយគណៈកម្មការទន្លេមេគង្គគ។ តាមរយៈកិច្ចព្រមព្រៀងជាមួយគណៈកម្មការ​នេះ   ប្រទេសចិន​បានសន្យាប្រាប់ទៅគណៈកម្មាការ និងប្រទេសជាសមាជិក នូវការឡើងឬការស្រកចុះមិនធម្មតា​នៃកម្រិតទឹក ឬការបញ្ចេញទឹក ហើយផ្តល់ព័ត៌មានទាក់ទង ស្តីពីកត្តាដែលអាចនាំឲ្យមានការជន់លិចភ្លាមៗ។

បណ្ឌិត Winal បានមានប្រសាសន៍ថា៖ «ការបន្តលំហូរបែប​នេះ អាចមានផលប៉ះពាល់ទៅលើការដឹកជញ្ជូនតាមទន្លេ បម្លាស់ទី​នៃមច្ឆា កសិកម្ម និងការប្រមូលស្មៅទន្លេ។ ដើម្បីជួយប្រទេស​នៅតំបន់ទន្លេមេគង្គក្រោម ក្នុងការគ្រប់គ្រងហានិភ័យឲ្យមានប្រសិទ្ធភាព យើងអំពាវនាវឲ្យប្រទេសចិន និងប្រទេសនៅតំបន់ទន្លេមេគង្គក្រោម ចែករំលែកផែនការក្នុងការបញ្ចេញទឹក​របស់គេ ដល់យើង»។

Chiang Sean ដែលជាស្ថានីយតាមដានទី១ នៅលើទន្លេមេគង្គ នៅប្រទេសថៃ ហើយស្ថិត​នៅប្រមាណជា ៣០០ គម​ ពីស្ថានីយ មាណជា ៣០០ គម​ ពីស្ថានីយ Jinghong មានកម្រិតទឹកធ្លាក់ចុះយ៉ាងច្រើន គឺធ្លាក់ចុះ ១ ម៉ែត្រ ពីថ្ងៃទី ២ ដល់ទី ៤ ខែមករា។ ពី Chiang Khan ក្នុងប្រទេសថៃ ដល់ក្រុងវៀងចន្ទន៍ ​ក្នុងប្រទេសឡាវ កម្រិតទឹកទន្លេមានការប្រែប្រួល រវាងពី –០,៣២ ម ទៅ ០,៥០ម។

នៅក្នុងដងទន្លេមេគង្គទាំងមូល ចាប់ពី​ Nakhon Phanom, Mukdahan និង Khon Chiam ក្នុងប្រទេសថៃ ដល់ Thakhek, Savanakhet និង Pakse ក្នុងប្រទេសឡាវ កម្រិតទឹកបានស្រកពី ០,០៤ម ដល់ ០,០៨​ម។  នៅតំបន់ខាងក្រោមទៀត ក្នុងប្រទេសកម្ពុជា កម្រិតទឹក​នៃទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ​ មានការប្រែប្រួលពី –០,០២ម ទៅ ០,០៥ម។ តែកម្រិតទឹកនៅខ្ពស់ជាងកម្រិតមធ្យមយូរអង្វែង។

កម្រិតទឹកពីកំពង់ចាម អ្នកលឿង និងបាសាក់​ នៅភ្នំពេញ និងព្រែកក្តាមបានស្រកចុះជាលំដាប់ ហើយនៅទាបជាងកម្រិតមធ្យមរយៈពេលយូរ គិតតាំងពីដើមខែវិច្ឆិកាមក។ តាំងពីខែមករា មានការស្រកប្រចាំថ្ងៃចំនួន ០,០២ម ដោយគិតជាមធ្យម។

តំបន់ដីសណ្ត​នៅវៀតណាម រាប់ពី Tan Chau នៅតាមទន្លេមេគង្គ និង Chau Doc តាមទន្លេបាសាក់ ច្រើនតែរងនឹងផលនៃទឹកជន់ និងនាចនៃសមុទ្រ។ កម្រិតទឹក​នៅតាមស្ថានីយទាំងពីរ មានការប្រែប្រួលនៅក្រោមនិងលើកម្រិតមធ្យមរយៈពេលយូរ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំទៅ។

ទឹកទន្លេមេគង្គមានការប្រែពណ៌

ដោយសារលំហូរទាប ការធ្លាក់ចុះយឺតនៃកករទន្លេ និងវត្តមាន​នៃរុក្ខជាតិសរីរាង្គ Algae នៅបាតទន្លេ ទឹកទន្លេមេគង្គនៅក្នុងខេត្ត Nakhon Phanom នៅភាគឦសាននៃប្រទេសថៃ មានការប្រែពណ៌​ ក្នុងពលថ្មីៗ​នេះ គឺវាបានកើតមានម្តង នៅចុងឆ្នាំ ២០១៩។ ការវិភាគដំបូងៗក្នុងពេលថ្មីៗ​នេះ​ របស់គណៈកម្មការទន្លេមេគង្គគ ទៅលើបាតុភូត​នេះ ដែលពិនិត្យលើហេតុ និងផលប៉ះពាល់ដែលអាចមាន បានបង្ហាញថា ដូចនៅឆ្នាំ ២០១៩ ដែរ មានកត្តាច្រើន​នៅក្នុងរឿង​នេះ។

ការវិភាគបានបង្ហាញថា លំហូរទឹកទាបដូចនៅពេលនេះ បានធ្វើឲ្យទឹកមានការប្រែពណ៌។ កករល្អិត ដែលតាមធម្មតា ត្រូវបានគេឃើញតែ​នៅពេលមានទឹកជ្រៅហូរខ្លាំងដែលធ្វើឲ្យទឹកទន្លេមានពណ៌ត្នោត គឺលែងមានទៀត​ហើយ ដែលជាការធ្វើឲ្យទឹកមានសភាពថ្លា។ នៅពេលពន្លឺចាំងចូលក្នុងទឹក ទឹកថ្លាស្រូបយកពន្លឺធ្វើឲ្យវាមានការប្រែពណ៌។

ទឹកថ្លាធ្វើឲ្យរុក្ខជាតិជាលក្ខណៈមីក្រុប ដុះ​នៅលើខ្សាច់ និងបាតទន្លេ ដែលជាការធ្វើឲ្យទឹកមានសភាពបៃតង។ ធម្មតា​រុក្ខជាតិបែប​នេះហូរដាច់ទៅដោយសារចរន្តទឹកទន្លេ តែដោយសារកម្រិតទឹកទាប វាកាន់តែដុះច្រើនឡើង នៅផ្នែកខ្លះ​នៃទន្លេ។

បណ្ឌិត So Nam មន្រ្តីដឹកនាំការគ្រប់គ្រងផ្នែកបរិស្ថាន​ របស់លេខាធិការដ្ឋាន​នៃគណៈកម្មការទន្លេមេគង្គ បានមានប្រសាសន៍ថា៖ «ដូចករណីនៅឆ្នាំ ២០១៩ អញ្ចឹង បាតុភូតទឹកឡើងពណ៌រាងខៀវនឹងមាន​នៅកន្លែងដទៃទៀត​នៃទន្លេមេគង្គ ដែលមានលំហូរទឹករាក់»។

ដោយលើកឡើងពីការវិភាគ​នេះ បណ្ឌិត Nam បានបន្ថែមថា ផលប៉ះពាល់ខ្លះ ដែលអាចកើតមានពីកម្រិតទឹកឡើងថ្លាខ្លាំង មានដូចជាការប្រែប្រួល​នៃអត្ថប្រយោជន៍​នៃទន្លេ ដោយចំណីអាហារសម្រាប់សត្វល្អិត និងត្រី​នៅក្នុងទន្លេមានការថយចុះ។ ការនេះប៉ះពាល់ដល់ផលផ្តល់ដោយជីវសាស្រ្តចម្រុះ ដែលនាំទៅដល់ការធ្លាក់ចុះផលនេសាទ និងគម្រាមកំហែងជីវិតរស់នៅ​របស់សហគមន៍​មូលដ្ឋាន។

បណ្ឌិត Nam បានធ្វើការកត់សម្គាល់ថា ពណ៌ឡើងខៀវ​នៃទន្លេមេគង្គនឹងនៅតែមាន រហូតទាល់តែទឹកឡើងហើយយូរខ្លាំង នៅពេលចាប់ផ្តើម​នៃរដូវទឹកជំនន់ ដែលតាមធម្មតា ចាប់ផ្តើម​នៅចុងខែឧសភា។ ស្ថាន​ភាពធម្មតា​អាចត្រូវបានស្តារឡើងវិញបាន ប្រសិនបើបរិមាណទឹកច្រើនត្រូវបានបញ្ចេញមកពីអាងស្តុក ដែលស្ថិត​នៅផ្នែកខាងលើនៃទំទំនប់តាមទន្លេមេគង្គ (ឡាងឆាង) និងទំនប់​នៅតាមដៃទន្លេ ដែលនាំកករ ហើយធ្វើឲ្យទន្លេមេគង្គវិលទៅរកសភាពមានពណ៌ត្នោតដូចធម្មតាឡើងវិញ។

ទន្លេមេគង្គ និងដៃរបស់វាទ្រទ្រង់ប្រជាជនចំនួនជិត ៧០ លាននាក់ ដែលរស់នៅតាមអាងទន្លេមេគង្គខាងក្រោម ដោយផ្តល់មុខរបរប្រកបជីវភាព សន្តិសុខស្បៀង និងសេវា​ប្រព័ន្ធបរិស្ថានអេកូឡូស៊ីដ៏សម្បូរបែប។ ដោយកំណើន​នៃសេដ្ឋកិច្ចដាក់សម្ពាធកាន់តែច្រើនទៅលើទន្លេ  ការគម្រាមកំហែងចំពោះសហគមន៍​នៅតាមទន្លេនេះមានរឹតតែខ្លាំង​ដោយគួបនឹងកំណើន​នៃប្រជាជន ការកសាងទំនប់វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ ការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួត៕

ប្រភព៖ kh.usembassy.gov/km

អត្ថបទថ្មី
;