ការជួសជុលស្រះខាងជើងនៃប្រាសាទអង្គរវត្ត អាចនឹងរួចរាល់ទាំងស្រុងនៅ ២ឆ្នាំក្រោយ

  • 2021-03-01 02:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នកជំនាញជួសជុលស្រះខាងជើងនៃប្រាសាទអង្គរវត្ត មកដល់ពេលនេះបានបញ្ចប់កិច្ចការស្រាវជ្រាវបុរាណវិទ្យារួចរាល់ហើយ ព្រមទាំងបានជួសជុលច្រាំងស្រះបានចំនួន៥៦ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន៦០០០០ម៉ែត្រគូប។ ទោះជាយ៉ាងនេះក្តី ទីនេះនៅតែបន្តបិទស្បៃខ្មៅមិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅផ្តិតរូបភាពប្រាសាទអង្គរវត្តពីស្រះនេះនៅឡើយ ព្រោះគម្រោងជួសជុលនិងលើកតម្លៃរចនាសម្ពន្ធស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ២ឆ្នាំក្រោយ។

លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនិងជាប្រធានគម្រោងជួសជុលរចនាសម្ពន្ធស្រះខាងជើងឱ្យដឹងថា ការងារទាំងនេះបានចាប់ផ្តើមកិច្ចការស្រាវជ្រាវតាំងពីឆ្នាំ២០១៨ និងអនុវត្តការជួសជុលនៅឆ្នាំ២០២០។ បច្ចុប្បន្នមិនទាន់បើកឱ្យភ្ញៀវចូលផ្តិតរូបភាពទេ ព្រោះរចនាសម្ពន្ធស្រះខាងជើងខូចខាតខ្លាំង មិនទាន់ជួសជុលរួចរាល់ទាំងស្រុង។ ស្របនឹងពេលនេះ ការរីករាតត្បាតនៃជំងឺកូវីដ១៩ ក៏មិនមានភ្ញៀវមកទស្សនាដែរ។ ម្យ៉ាងវិញទៀត ក៏ទុកឱកាសឱ្យអ្នកជំនាញស្រាវជ្រាវនិងអ្នកជួសជុលងាយស្រួលបំពេញការងារបានល្អផង។

នាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរានៅសល់កាំជណ្តើរស្រះ ៣ជ្រុងទៀតដែលត្រូវពង្រឹងនិងកំពុងតែកំណាយមើលស្ថានភាពខូចខាតជាក់ស្តែងដើម្បីលើកគម្រោងជួសជុលបន្ថែមចំនួន ៦៥ម៉ែត្រឱ្យរួចរាល់ក្នុងរយៈពេល ២ឆ្នាំទៀត តែបើជួបនឹងករណីស្រាវជ្រាវ វានឹងអាចពន្យារពេលយូរជាងនេះ។ រចនាសម្ពន្ធស្រះខាងជើងខូចខាតទ្រុឌទ្រោមដោយសារថ្មភក់មានប្រតិកម្មខ្លាំងនឹងកម្តៅថ្ងៃជាមួយនឹងទឹកធ្វើឱ្យក្តៅសើមៗ បណ្តាលឱ្យថ្មភក់ងាយសឹករិចរិល ងាយនឹងបាក់បែក ហើយកន្លែងខ្លះបាត់ថ្ម ដែលធ្វើឱ្យមានចន្លោះប្រហោងបណ្តាលឱ្យទឹកហូរនាំដីច្រោះចូលទៅក្នុងស្រះ។

ដូច្នេះក្រុមការងារត្រូវការសិក្សាស្រាវជ្រាវពីវិធីសាស្ត្រពង្រឹង ការបិទចន្លោះប្រហោងយ៉ាងម៉េចដើម្បីកុំឱ្យវាច្រោះទៀត។ លោក ស្រ៊ុន តិច បញ្ជាក់ថា ការអភិរក្សសំណង់បុរាណ យើងអត់អាចកំណត់បានដូចសំណង់សម័យទំនើបទេ ក្រុមការងារ​ត្រូវការពេលវេលាយូរដើម្បីកុំឱ្យបាត់បង់នូវទម្រង់ដើមរបស់ស្រះ។ លោកបន្តថា មិនអាចធ្វើលឿនពេក ដោយមិនគិតគូរអំពីកិច្ចការស្រាវជ្រាវ បច្ចេកទេសបុរាណ វិស្វកម្មបុរាណ ការប្រើប្រាស់វត្ថុធាតុដើមនោះឡើយ។

លោកក៏បាន​បញ្ជាក់​ថា ដូច្នេះមុននឹងធ្វើពីកន្លែងមួយទៅកន្លែងមួយ ត្រូវកំណាយបើកដីមើលឱ្យអស់ពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ រួចសិក្សាប្លង់ តើត្រូវរៀបម៉េចឱ្យដូចទម្រង់ដើម ដែលសំខាន់សម្រាប់កិច្ចការអភិរក្សមិនអាចកែប្រែវាបានទេ។ ចំពោះស្រះខាងជើងនៃប្រាសាទអង្គរវត្ត ក៏ធ្លាប់មានប្រវត្តិជួសជុលកាលពីឆ្នាំ១៩២២ ដោយលោក ហង់រី ម៉ាកហ្សាល់។ គាត់បានរៀបផ្នែកខាងជើងម្តងរួចមកហើយ ដោយលោកបានកែលម្អលើកថ្មឱ្យមានទម្រង់ចេញជារូបរាងស្រះ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;