ការបូមប្រេងរបស់​ក្រុមហ៊ុន Kris Energy នៅកម្ពុជា ទទួលបាន​ផល​ទាបជាងការរំពឹងទុក

  • 2021-04-02 08:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការបូមប្រេង​នៅតំបន់​ប្លុកA របស់​ក្រុមហ៊ុន Kris Energy គឺទទួល​បានបរិមាណទាប​ជាងការរំពឹងទុក ពោលគឺ​មិនគ្រប់ចំនួននៃផែនការ​ ៧៥០០បារ៉ែលក្នុងមួយថ្ងៃឡើយ ដែល​នឹង​អាចប៉ះពាល់​ដល់លំហូរសាច់ប្រាក់វិនិយោគ។ នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មានរបស់​ក្រុមហ៊ុន Kris Energy កាលពីចុងខែមីនាកន្លងទៅ។

គិតត្រឹមថ្ងៃទី៣០មីនា ២០២១ អត្រាផលិតកម្មសរុប​នៅតំបន់ប្លុកA គឺទទួលបាន​តែ ២៤៩៣បារ៉ែល​ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ បើគិតជាមធ្យមវិញ ពីថ្ងៃទី២៣កុម្ភៈ ដល់ ៣០មីនា ២០២១ គឺ​បូមបានតែ ២៨៨៣បារ៉ែល​ក្នុងមួយថ្ងៃ។

ថ្ងៃដែល​ទទួលបាន​បរិមាណខ្ពស់បំផុត គឺមានចំនួន ៣៥៣៤បារ៉ែល ដែលបូមបាននៅថ្ងៃទី២៧ មីនា ២០២១។

ក្រុមហ៊ុនបានកត់សម្គាល់​ថា កត្តាដែល​មិនអាចសម្រេច​នូវបរិមាណ​ប្រេង​ ៧៥០០បារ៉ែល​ក្នុងមួយថ្ងៃនោះ គឺទំនងអាចមកពីអណ្តូងប្រេង មានកម្រិតប្រេងទាបជាងការ​រំពឹងទុក។ ក្រុមហ៊ុននឹងពិនិត្យ​មើលទិន្នន័យ​ទាំងអស់​សាជាថ្មី និងដាក់ផែនការឡើងវិញ។

សូម​រំលឹក​ថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាបានទទួលតំណក់ប្រេងជាលើកដំបូង​ក្នុងដែនសមុទ្រ​របស់ខ្លួន ដែលមានក្រុមហ៊ុន Kris Energy ជាប្រតិបត្តិករ។  តំណក់ប្រេងលើកដំបូងនេះ ចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A។ ក្រៅពីនេះ ក៏មានអណ្តូងប្រេង៤ទៀត ដែលក្រុមហ៊ុននឹង​បូម ជាបន្តបន្ទាប់ក្នុងឆ្នាំ​២០២១នេះ។

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បាន​លើកឡើង​កាលពីខែកុម្ភៈថា តាមការប៉ាន់ប្រមាណ កម្ពុជា​នឹងទទួលបាន​ក្នុងមួយថ្ងៃ ក្នុងបរិមាណពី ៧ពាន់ ទៅ ៧៥០០បារ៉ែល​តែប៉ុណ្ណោះ គឺជា​ទំហំតូចណាស់ និង​មិនទាន់ជះ​ឥទ្ធិពល​លើផ្នែក​សេដ្ឋកិច្ច​ទេ ប៉ុន្តែវា​ជាការ​ចាប់ផ្តើម​មួយដ៏ល្អ​នៃឧស្សាហកម្មប្រេង និងឧស្ម័ន​នៅកម្ពុជា៕

ប្រភព៖ Oedigital

អត្ថបទថ្មី
;