វិដេអូ៖ ស្វាកន្ទុយស ជាសត្វមានរូបរាងស្អាតគួរឱ្យស្រឡាញ់ និងជិតពូជបំផុតនៅលើពិភពលោក

  • 2021-04-05 09:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្វាកន្ទុយស គឺសត្វស្វាមួយប្រភេទដែលមានរូបរាងស្អាតគួរឱ្យស្រឡាញ់។ វាមានមុខពណ៌ខៀវ និងមានរង្វង់ភ្នែកពណ៌លឿងទុំ និងមានកន្ទុយពណ៌សភ្លឺរលោង។ ស្វាកន្ទុយស ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជបំផុតនៅលើពិភពលោក និងមានវត្តមានតែនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសកម្ពុជា និងមានមួយចំនួនតូចនៅភាគខាងត្បូងនៃប្រទេសវៀតណាមប៉ុណ្ណោះ។

ចំនួនសត្វប្រភេទនេះនៅលើពិភពលោកកំពុងមានការថយចុះ ដោយសារបណ្តាលមកពីការបាត់បង់ទីជម្រកនិងការប្រមាញ់យកទៅធ្វើជាឱសថបុរាណនិងលក់ដូរធ្វើជាសត្វចិញ្ចឹម។ បើប្រៀបធៀបទៅនឹងតំបន់ដទៃទៀតនៅលើពិភពលោក ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីមានវត្តមានសត្វស្វាកន្ទុយសនេះច្រើនជាងគេ គឺប្រហែល ២៤ ០០០ក្បាល និងមានមួយចំនួនតូចទៀតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។

យោងតាមប្រកាសលេខ ០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សត្វស្វាកន្ទុយសត្រូវបានធ្វើចំណាត់ថ្នាក់ជាប្រភេទសត្វព្រៃមានដោយកម្រ។ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៥៦ និង ៦១ ស្តីពីបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ជនទាំងឡាយណាដែលចាប់ ដាក់អន្ទាក់ ប្រមាញ់ ធ្វើឱ្យរបួស បំពុល សម្លាប់ យកចេញ ប្រមូលពងកូន និងសត្វព្រៃ ដែលជាប្រភេទងាយរងគ្រោះ ប្រភេទកម្រ ឬប្រភេទជិតផុតពូជបំផុត នឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១៥ លានរៀល ដល់ ១៥០ លានរៀល។

នៅឆ្នាំ ២០១៤ អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន បានផ្តួចផ្តើមបង្កើតគម្រោងទេសចរណ៍ធម្មជាតិសហគមន៍មួយឈ្មោះ ជុំរុំទោចថ្ពាល់លឿង (Jahoo Gibbon Camp) ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងគោលបំណងការពារប្រភេទសត្វព្រៃកម្រផង និងផ្តល់ឱកាសដល់អ្នកទេសចរបានទស្សនា សត្វស្វាកន្ទុយស និងសត្វទោចថ្ពាល់លឿង ព្រមទាំងសត្វស្លាបកម្រផ្សេងៗទៀតផង។ ដោយសារមានការគាំទ្រពីសហគមន៍មូលដ្ឋាន និងមានការគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អ ចំនួនសត្វស្វាកន្ទុយសនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានៅថេរក្នុងកំឡុងមួយទសវត្សរ៍ចុងក្រោយនេះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;