សម្តេច ហ៊ុន សែន៖ គ្រាន់តែចាក់វ៉ាក់សាំងធ្វើមិនបានផង ចាំបាច់​បន្តធ្វើទាហាន ប៉ូលិស ឬមន្រ្តី​រាជការ​អីទៀត

  • 2021-04-07 01:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងក្រើនរំលឹក​ដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឱ្យចូលរួម​ស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ កុំឱ្យហួសពេលទាន់ បើមិនដូច្នោះទេ នឹង​ត្រូវដេកផ្ទះ ហើយថា​ការចាក់វ៉ាក់សាំង​នឹងក្លាយជាកាតព្វកិច្ច។

តាមរយៈសារជាសំឡេង​កាលពីយប់មិញ សម្តេចតេជោ បាន​មានប្រសាសន៍យ៉ាងដូច្នេះថា៖

«នៅពេលណាមួយ​ គ្រប់ស្ថាប័នចាក់បានពី ៧០% ឡើងលើ មន្ត្រី​ដែលមិនបានចាក់វ៉ាក់សាំង ប្រហែល​ជាមិនអាចចូលធ្វើការបានទេ សុំដេកផ្ទះចុះ។ ហើយបើសិនជាថ្នាក់​ដែល​ត្រូវចូលប្រជុំ ក៏មិនចាំបាច់​ឱ្យប្រធានស្ថាប័ន​ អញ្ជើញចូលរួមប្រជុំដែរ ទុកឱ្យដេកផ្ទះនោះទៅ ព្រោះគ្រាន់តែវ៉ាក់សាំង​ចាក់ដើម្បីការពារជីវិតខ្លួនឯង និងចូលរួមប្រយុទ្ធនឹងកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់​បន្តធ្វើជាទាហាន ជាប៉ូលិស ឬក៏ជាមន្រ្តីរាជការ​ធ្វើអ្វីតទៅទៀត»។

សម្តេច ហ៊ុន សែន បន្តថា៖ «កុំឱ្យហួសពេល ព្រោះវ៉ាក់សាំង​មិនមែន​ជាទំនិញ​ដែលលក់តាមផ្សារ តាមឱសថស្ថានបានទេ។ ឥឡូវនេះ រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ចាក់ឱ្យមន្រ្តីរាជការ កងកម្លាំង​ប្រដាប់អាវុធ ទាន់មានវ៉ាក់សាំងចាក់ សូមអញ្ជើញ​មកចាក់។ ហើយប្រសិន​បើមិនមកចាក់ដោយការស្ម័គ្រចិត្តទេ ថ្ងៃក្រោយ​ លោក លោកស្រី ឬ ឯកឧត្តម លោកជំទាវ​ គ្មានឱកាស​បានចូលរួមប្រជុំ ហើយក៏គ្មានឱកាស​ចូលទៅកាន់​ក្រសួង​ទៀតដែរ ព្រោះថា អ្នកនៅក្នុងក្រសួងភាគច្រើន​គេខ្លាចការឆ្លងរោគ ​ពីសំណាកអស់លោក ដែល​ជាមន្រ្តី​ដែល​មិនបានចាក់វ៉ាក់សាំងនោះឯង»៕

អត្ថបទថ្មី
;