រដ្ឋ​មន្រ្តី​សុខភាព​សាធារណៈ​ថៃ ដែលចាក់វ៉ាក់សាំង Sinovac គ្រប់២ដូស អត់ពាក់ម៉ាស ពេល​អង្គុយជិត​អ្នកវិជ្ជមានកូវីដ១៩

  • 2021-04-09 01:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Anutin Charnvirakul ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ក្រសួង​សុខភាព​សាធារណៈថៃ ត្រូវបាន​គេថតរូបជាប់ដោយ​ឃើញ​លោកមិនបាន​ពាក់ម៉ាស ពេលអង្គុយជិត​រដ្ឋមន្រ្តីក្រសួង​ដឹកជញ្ជូន លោក Saksayam Chidchob ក្នុងអំឡុង​ចូលរួម​ពិធីរំលឹកខួបបង្កើតគណបក្ស Bhumjaithai កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ​២០២១។

១ថ្ងៃក្រោយមក គឺ​នៅថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២១​លោក Saksayam Chidchob ត្រូវបានរកឃើញ​វិជ្ជមាន​កូវីដ១៩ ចំណែក​លោក Anutin Charnvirakul គឺត្រូវបាន​ធ្វើចត្តាឡីស័ក ដោយលទ្ធផល​ធ្វើតេស្តលើកទី១ របស់លោក គឺអវិជ្ជមានកូវីដ១៩។

សូម​ជម្រាប​ថា លោក Anutin Charnvirakul គឺជាប្រធានគណបក្ស Bhumjaithai និងលោក Saksayam Chidchob គឺ​ជាអគ្គលេខាធិការគណបក្ស។ ​គណបក្សនេះ គឺបានចូលរួមធ្វើជារដ្ឋាភិបាលចម្រុះ​របស់​លោក​នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា។

ចំពោះរូបថតនេះ ត្រូវបាន​លោក Watcharapong Kuwijitsuwan ជំនួយការរបស់លោក Anutin Charnvirakul អះអាងថា លោក Anutin បានពាក់ម៉ាសគ្រប់ពេល​ក្នុងអំឡុងចូលរួមពិធីនេះ ហើយលោកដោះម៉ាសចេញនៅពេលដែល​ញុំាអាហារ ផឹកទឹក ឬពេលពិបាកដកដង្ហើមតែប៉ុណ្ណោះ។

គួរកត់សម្គាល់​ដែរថា លោក Anutin Charnvirakul បាន​ចាក់វ៉ាក់សាំង​ចិន Sinovac គ្រប់២ដូសរួចមកហើយ ដោយលើកទី១ នៅថ្ងៃទី២៨ ខែកុម្ភៈ និងលើកទី២ នៅថ្ងៃទី២៣ ខែមីនា ២០២១។ ចំណែកលោក Saksayam Chidchob បាន​ចាក់វ៉ាក់សាំង AstraZeneca ដូសទីមួយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២១៕

ប្រភព៖ The Nation

អត្ថបទថ្មី
;