ការងារ មុខរបរ ឬអាជីវកម្ម​ទាំង​ប៉ុន្មាននេះ គឺ​ត្រូវបានអនុញ្ញាត​ក្នុងអំឡុង​ស្ថានភាពបិទខ្ទប់ភ្នំពេញ

  • 2021-04-15 05:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​សេចក្តីសម្រេច​ស្តីពី​ការ​បិទខ្ទប់​ភូមិសាស្រ្ត​រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺកូវីដ១៩ បង្ហាញថា ក្នុង​អំឡុង​ពេលនៃការអនុវត្ត​វិធានការ​បិទខ្ទប់​នេះ ត្រូវបាន​ហាមឃាត់​រាល់សកម្មភាព​ការងារ មុខរបរ ឬអាជីវកម្ម​ទាំងអស់ ដែលមិនមែន​ជាតម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ។ ប៉ុន្តែ​សកម្មភាព​ការងារ​ មុខរបរ ឬអាជីវកម្ម អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដូចខាងក្រោម៖

-សកម្មភាព​ការងារ​របស់​ស្ថាប័ន​សាធារណៈ និងកងកម្លាំង​ប្រដាប់អាវុធ ប៉ុន្តែ​ប្រធាន​ស្ថាប័ន​សាមី ត្រូវ​កាត់​បន្ថយ​ចំនួន​អ្នកធ្វើការ​ឱ្យមកនៅត្រឹម​កម្រិត​អប្បបរមា ដើម្បីធានានិរន្តរភាព​ការងារ​របស់ស្ថាប័ន។ ប្រធាន​ស្ថាប័ន​អាច​សម្រេច​ផ្អាក​ការងារ​ដែលមិនចាំបាច់​ជាបណ្តោះអាសន្ន តាមការជាក់ស្តែង។

-រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែង​ផលិតម្ហូបអាហារ និងគ្រឿងឧបភោគ​បរិភោគ ដោយ​រួមទាំងទីសត្តឃាត ដែល​ជាតម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ

-សកម្មភាព​ការងារ​ដែលពាក់ព័ន្ធ​នឹងការផ្តល់​សេវាសាធារណៈ តាមការកំណត់​របស់​ស្ថាប័ន​នីមួយៗ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ សេវាផ្គត់ផ្គង់​អគ្គិសនិ ទឹកស្អាត សេវា​ប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង ជាដើម

-រាល់សកម្មភាព​ការងារ មុខរបរ ឬអាជីវកម្ម ដែលដំណើរការ​តាមរយៈ​ប្រព័ន្ធអនឡាញ

-ការផ្គត់ផ្គង់​ទំនិញ​ដែល​ជាតម្រូវការចាំបាច់​ប្រចាំថ្ងៃ ជាអាទិ៍ ហាងលក់ទំនិញ ផ្សារលក់ដុំ ផ្សារ ឬទីតាំង​លក់ដូរគ្រឿង​ឧបភោគ​បរិភោគ​ដែលមាន​សណ្តាប់​ធ្នាប់ ផ្សារម៉ាត និង​ភោជនីយដ្ឋាន-​អាហារដ្ឋាន​ដែល​លក់​ជាអាហារ​វេចខ្ចប់ ស្ថានីយប្រេងឥន្ធនៈ - ហ្គាស ឬទីតាំង​ផ្គត់ផ្គង់​ទំនិញ​ដែល​ជាតម្រូវការចាំបាច់​ប្រចាំថ្ងៃ​ផ្សេងទៀត ដោយមានការអនុញ្ញាតពី​អាជ្ញាធរមានសមត្ថកិច្ច

-ការផ្គត់ផ្គង់​សេវា​ដែល​ជាតម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ ជាអាទិ៍ សេវាសង្គ្រោះ​បន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន សេវាប្រៃសណីយ៍-​ទូរគមនាគមន៍ សេវាធនាគារ និងហិរញ្ញវត្ថុ និង​សេវា​ដែលជា​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ​ផ្សេងទៀត​ដោយមានការអនុញ្ញាតពី​អាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែ​ត្រូវកាត់​បន្ថយ​ចំនួន​បុគ្គលិក​បម្រើការ​ឱ្យមកនៅ​ត្រឹមកម្រិតអប្បបរមា

-សេវាកម្ម​សណ្ឋាគារ និងផ្ទះសំណាក់

-សេវាកម្ម​ដឹកជញ្ជូនទំនិញ​ចាំបាច់​ដើម្បីបម្រើ​ឱ្យភូមិសាស្រ្ត​ដែលត្រូវបានបិទខ្ទប់

-សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​ទូទៅ​ចេញ-ចូល ឬឆ្លងកាត់​ភូមិសាស្រ្ត​ដេលត្រូវបានបិទខ្ទប់​ដើម្បី​បម្រើ​ឱ្យ​វិស័យ​សង្គម​-សេដ្ឋកិច្ច​នៃប្រទេស

-សកម្មភាព​ការងារ មុខរបរ ឬអាជីវកម្ម​ចាំបាច់​ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទថ្មី
;