វ៉ាក់សាំង​កូវីដ​ដែល​ទើបផលិតបាននៅថៃ ត្រូវ​ខកពេល​បញ្ជូនទៅហ្វីលីពីន

  • 2021-06-03 06:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វ៉ាក់សាំងកូវីដ១៩ AstraZeneca ដែលទើបផលិតបាន​ដំបូងនៅប្រទេសថៃ គឺនឹងត្រូវពន្យារពេល​ក្នុងការបញ្ជូនទៅហ្វីលីពីន ពោលគឺគ្រោងនឹងបញ្ជូនទៅនៅ​សប្តាហ៍ទី៣ ខែមិថុនា តែត្រូវពន្យារពេលទៅពាក់កណ្តាលខែកក្កដា ឆ្នាំ​២០២១។

លោក Joey Concepcion ទីប្រឹក្សាប្រធានាធិបតីហ្វីលីពីន ដែល​ទទួលខុសត្រូវ​លើការទិញ​វ៉ាក់សាំងនេះ បាន​ឱ្យដឹងថា ការបញ្ជូនវ៉ាក់សាំងនេះ មិនត្រឹមតែលើកពេលនោះទេ ប៉ុន្តែចំនួនក៏កាត់បន្ថយផងដែរពីចំនួនដំបូង ១,៣លានដូស មកត្រឹម ១,១៧លានដូស។

យ៉ាងណាមិញ លោកមិនបញ្ជាក់ពីមូលហេតុ​នៃការពន្យារពេលនេះទេ ដោយគ្រាន់តែលើកឡើង​ថា «វាគឺជារោងចក្រ​ថ្មីមួយ​ដែល​កំពុងដំណើរការ ដូច្នេះវាប្រហែល​ជាមានបញ្ហាខ្លះ នៅពេល​អ្នកចាប់ផ្តើម​រោងចក្រថ្មី»។

សូមជម្រាប​ថា វ៉ាក់សាំងនេះគឺ​ក្រុមហ៊ុនថៃ Siam Bioscience ទទួលបានអាជ្ញាបណ្ណផលិតពីក្រុមហ៊ុនអង់គ្លេស AstraZeneca។ កាលពីថ្ងៃទី២មិថុនាម្សិលមិញ ក្រុមហ៊ុនបាន​ដឹកជញ្ជូន​វ៉ាក់សាំង​ចេញពីរោងចក្រ​ជាលើកដំបូង ឱ្យរដ្ឋាភិបាលថៃ សម្រាប់​យុទ្ធនាការ​ចាក់វ៉ាក់សាំងក្នុងប្រទេសនេះ៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;