ប្រើពេលជិត ១០ឆ្នាំ ប្រាសាទដែលកសាងឡើងក្នុងសតវត្សទី១០ ត្រូវបានជួសជុលរួចរាល់
- 2021-06-21 02:51:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើពេលជិត ១០ឆ្នាំ ប្រាសាទដែលកសាងឡើងក្នុងសតវត្សទី១០ ត្រូវបានជួសជុលរួចរាល់
ចន្លោះមិនឃើញ
វិទ្យាសា្ថន ណារ៉ា របស់ប្រទេសជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងអភិរក្សជួសជុលប្រាសាទតុបពីឆ្នាំ២០១១មក។ ជំហានដំបូង ក្រុមការងារបានជួសជុលប្រាង្គខាងត្បូងរួចរាល់ ហើយបន្តជួសជុលប្រាង្គខាងជើង និងជួសជុលប្រាង្គកណ្តាលនៃប្រាសាទ ដែលបានបញ្ចប់នៅឆ្នាំ២០២០។
ប្រាសាទតុបខាងលិច កសាងឡើងក្នុងរវាងសតវត្សទី១០ ដែលមានរចនាប័ទ្មបន្ទាយស្រី ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ចាប់ពីសតវត្សទី១៣ដល់ទី១៧ ប្រាសាទនេះ ត្រូវបានកែបន្ថែមខ្លះៗ ដែលគេឃើញដល់សព្វថ្ងៃដូចជា ការកសាងប្រាង្គពីរអមសងខាង ព្រមទាំងខឿនថ្មមួយខាងមុខប្រាសាទបន្ថែមទៀត ឱ្យក្លាយជាឧបោសថាគារ ជាទីសក្ការៈរបស់ព្រះពុទ្ធសាសនាថេរវាទជាដើម។
ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ឬនៅខាងលិចប្រាសាទបាយ័ន្ត ចន្លោះប្រាសាទបាយ័ន្តនិងខ្លោងទ្វារតាកាវ។ ប្រាសាទតូចមួយនេះ មានភាពស្រស់ស្អាតនិងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនចូលមកទស្សនានិងផ្តិតយករូបភាពប្រាសាទបុរាណនិងធម្មជាតិជាច្រើន៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា