ក្រសួង៖ សូមភ្ញៀវទេសចរ កុំបេះប្រភេទផ្ការុក្ខជាតិព្រៃ​ដែលកំពុងរងគ្រោះ

  • 2021-07-09 08:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានអំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាអនាម័យបរិស្ថានដោយវេចខ្ចប់និងទុកដាក់សំណល់រឹងសំរាមឱ្យ បានត្រឹមត្រូវ និងជាពិសេសចូលរួមថែរក្សាជីវៈចម្រុះនានាជាពិសេសគួរកុំបេះប្រភេទផ្ការុក្ខជាតិព្រៃដែលកំពុងរងគ្រោះជិតផុតពូជដើម្បីរក្សាពូជ និងសោភ័ណភាពរមណីយដ្ឋានឱ្យបានស្អាតសម្រាប់ ការទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរដទៃទៀតដែល ចូលចិត្តនិងស្រឡាញ់ធម្មជាតិ។

នេះជាការអំពាវនាវរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននេះធ្វើឡើងក្រោយពីសង្កេតឃើញថានៅមានភ្ញៀវទេសចរមួយចំនួនតូចមិនទាន់បានគោរពត្រឹមត្រូវនូវវិធានអនាម័យបរិស្ថាន និងពេលខ្លះបានបេះផ្កាមួយចំនួនដូចជាប្រភេទផ្កាបំពង់ក្រឡោមជាដើមដែលជាប្រភេទរុក្ខជាតិដែលកំពុងរងគ្រោះបាត់បង់ពូជដើម្បីថតរូបបង្ហាញពី សេចក្តីស្រឡាញ់របស់ខ្លួន។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះថ្លែងថា ប្រសិនបើស្រឡាញ់ និងសរសើរថា រុក្ខជាតិទាំងនេះស្អាតគួរថែរក្សាវានៅលើដើមដើម្បីទុកឱ្យភ្ញៀវទេសចរផ្សេងទៀតបានឃើញសម្រាប់ដ៏ស្អាតនៃជីវៈចម្រុះទាំងនេះផង។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា យោងតាមការសិក្សារបស់អ្នកជំនាញ ផ្កាបំពង់ក្រឡោម, បំពង់ស្រមោច ឬអ្នកខ្លះហៅថា «ផ្កាបំពង់លុក» ឬ «ផ្កាក្រឡូមពារ» ភាសាបច្ចេកទេស Pitcher plants (Nepenthes) គឺជាពួករុក្ខជាតិស៊ីសាច់ ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។ គេហៅវាថាជារុក្ខជាតិស៊ីសាច់ព្រោះវាអាចចាប់ សម្លាប់ និងរំលាយសត្វដែលចូលទៅក្នុងទម្រង់ស្លឹកពិសេសរបស់វា។ រុក្ខជាតិនេះមានដុះនៅតាមតំបន់ការពារធម្មជាតិនានា នៅកម្ពុជាហើយទីតាំងដែលមានឈ្មោះល្បីគឺដូចជានៅ លើឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅតំបន់ខ្នងផ្សារ ក្នុងឧទ្យានជាតិជួរក្រវ៉ាញកណ្តាលជាដើម។ ផ្កាបំពង់ក្រឡោមជា ប្រភេទរុក្ខជាតិម៉្យាងមានរាងដូចបំពង់ ហើយផ្ទុកសារធាតុ ម្យ៉ាងដែលអាចទាក់ទាញសត្វល្អិតឱ្យធ្លាក់ចូលទៅក្នុងបំពង់របស់វា ហើយក៏លង់ទឹកក្នុងបំពង់នោះរហូតដល់ស្លាប់។ នៅពេលសត្វល្អិតងាប់ហើយនោះ សរីរាង្គពិសេសរបស់វាក៏ចាប់ផ្ដើមបំបែករំលាយសាកសពសត្វល្អិតទៅជាសារធាតុចិញ្ចឹម ធ្វើឱ្យរុក្ខជាតិប្រភេទនេះលូតលាស់បានល្អ។

លោក​បានថ្លែងថា នៅលើពិភពលោក ផ្កាបំពង់ក្រឡោមនេះមានដល់ទៅ ១២៩ ប្រភេទក្នុងនោះមាន ៥​ប្រភេទបាននិងកំពុងដុះលូតលាស់នៅប្រទេសកម្ពុជាដែលរួមមាន៖

ទី១៖ Nepenthes bokorensis ជាប្រភេទដែលមានវត្តមាននៅតំបន់ភ្នំពពកវិល វាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។

ទី២៖ Nepenthes holdenii មានដុះនៅតាមតំបន់ភ្នំនៃភាគនិរតីប្រទេសកម្ពុជា ដូចជានៅតាមតំបន់ជួរភ្នំក្រវាញជាដើម។

ទី៣៖ Nepenthes kampotiana Lecomte មានដុះនៅក្នុងខេត្តកំពត ដែនជម្រកសត្វព្រៃភ្នំសំកុស និងនៅតាមតំបន់ជួរភ្នំក្រវាញ។

ទី៤៖ Nepenthes mirabilis (Loureiro) Druce មានដុះនៅខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។

ទី៥៖ Nepenthes smilesii Hemsley មាននៅដុះខេត្តកំពត និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៃខេត្តកំពង់ស្ពឺ។

បើតាម​លោក នេត្រ ភក្ត្រា រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (Appendix II) នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរ នោះឡើយ។

លោក​បានអំពាវនាវដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមថែរក្សាជីវៈចម្រុះក្នុងនោះមានផ្កាបំពង់ក្រឡោមជាដើមដើម្បីការពារថែរក្សាពូជឱ្យបាននៅគង់វង្សនិងចូលរួមថែរក្សាសោភ័ណភាពរមណីយដ្ឋានទេសចរណ៍ធម្មជាតិឱ្យនៅស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ដទៃទៀតឱ្យមកទស្សនាតំបន់រមណីយដ្ឋានធម្មជាតិឱ្យបានច្រើន បង្កើតការងារជូនសហគមន៍ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;