Adylkuzz មេរោគ​លើ​អ៊ីនធឺណិត ដែល​លួច​លុយ​អ្នក​ប្រើប្រាស់​មិន​ឲ្យ​ដឹង​ខ្លួន

  • 2017-05-18 09:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ជំនាញ​នៃ​ក្រុមហ៊ុន​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ឈ្មោះ Proofpoint ដែល​មាន​ប្រភព​នៅ​រដ្ឋ Califonia សហរដ្ឋអាមេរិក បាន​លាតត្រដាង​ថ្មីៗនេះ​ថា ខ្លួន​បាន​រកឃើញ​មេរោគ​មួយ​ប្រភេទ​ទៀត ឈ្មោះ Adylkuzz ដែល​វា​បាន​ឆ្លង​ចូល​កុំព្យូទ័រ ហើយ​អាច​លួច​លុយ​សម្រាប់​ក្រុម Hackers ដែល​បាន​បង្កើត​វា​ឡើង។

ស្ថិតិ​ដំបូង​បាន​ប៉ាន់ស្មាន​ថា ការ​វាយប្រហារ​របស់​មេរោគ Adylkuzz អាច​នឹង​កំពុង​កើត​លើ​កុំព្យូទ័រ​រាប់ពាន់​គ្រឿង​នៅ​ជុំវិញ​ពិភពលោក ហើយ​វា​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដែល​អាច​បង្ក​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ជាង​មេរោគ WannaCry ដែល​បាន​បង្ក​ឡើង​នៅ​ទូទៅ​សកលលោក កាលពី​សប្ដាហ៍​មុន​ទៅ​ទៀត។

ក្រុមហ៊ុន Proofpoint បាន​ឲ្យដឹង​ថា មេរោគ​ខាងលើ​អាច​លួច​លុយ​ចេញ​ពី​កុំព្យូទ័រ​មួយ​គ្រឿង​ក្នុង​ចំនួន​ត្រឹមតែ​ប៉ុន្មាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង១​សប្ដាហ៍​ ប៉ុន្តែ​បើ​សរុប​ជា​បណ្ដាញ​អ៊ីនធឺណិត​ទូទាំង​ពិភពលោក វា​អាច​ទាញ​យក​ក្នុង​ចំនួន​ដ៏​ច្រើន​សម្រាប់​ក្រុម Hackers។

Proofpoint បន្ត​ថា រោគ​សញ្ញា​នៃ​ការ​វាយប្រហារ Adylkuzz មាន​ដូចជា ការ​រារាំង​មិន​ឲ្យ​ចូល​ទៅ​កាន់​ឯកសារ​ចែក​រំលែក​រវាង​កុំព្យូទ័រ និង​កុំព្យូទ័រ ព្រមទាំង​ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ដំណើរការ​កុំព្យូទ័រ និង​សេវា​អ៊ីនធឺណិត។

លក្ខណៈ​ខុសគ្នា​រវាង Adylkuzz ជាមួយ WannaCry គឺ​ត្រង់ថា Adylkuzz ជា​ប្រភេទ​មេរោគ​លួច​លុយ​តាម​អ៊ីនធឺណិត ចំណែក WannaCry ជា​ប្រភេទ​មេរោគ "Ramsomware” ដែល​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​បង់​ជា​ប្រាក់​ក្នុង​ចំនួន​ណាមួយ​ទៅ​តាម​ការ​ទាមទារ​របស់ Hackers៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;