ប្រធានបទសំខាន់ៗ ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី
- 2018-03-18 03:06:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានបទសំខាន់ៗ ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី
ចន្លោះមិនឃើញ
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅក្រុងស៊ីដនី ដោយមានប្រធានបទសំខាន់ៗមួយចំនួន ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ។
ប្រធានបទក្នុងកិច្ចប្រជុំនេះ គឺផ្តោតទៅលើទិសដៅអនាគតនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី និងសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យយុទ្ធសាស្រ្តមួយចំនួនដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព។ អាទិភាពនៃការពិភាក្សា ផ្តោតលើរបៀបវារៈសំខាន់ចំនួន២ គឺការប្រយុទ្ធប្រឆាំងនិងអំពើភេរវកម្ម និងការធ្វើពាណិជ្ជកម្ម-វិនិយោគ។
អាស៊ានគឺជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង៣ របស់អូស្រ្តាលី ដែលតំណាងឲ្យប្រមាណ ១៥% នៃពាណិជ្ជកម្មសរុបរបស់អូស្រ្តាលី។ ការវិនិយោគផ្ទាល់របស់អូស្រ្តាលី ក្នុងប្រទេសអាស៊ាន នៅចុងឆ្នាំ២០១៦ មានចំនួន ៣៨ពាន់លានដុល្លា។
ជាមួយគ្នានេះអូស្រ្តាលីបានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ១លាននាក់ ពីប្រទេសអាស៊ានជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៦-២០១៧ ជនជាតិអូស្រ្តាលីជាង ៣លាននាក់ បានធ្វើដំណើរទៅកាន់ប្រទេសអាស៊ាន។ ទន្ទឹមនឹងនេះមាននិស្សិតប្រមាណ ១០ម៉ឺននាក់ ពីប្រទេសអាស៊ាន កំពុងសិក្សាក្នុងប្រទេសអូស្រ្តាលី។
នៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះដែរ មេដឹកនាំអាស៊ាន-អូស្រ្តាលី បានអញ្ជើញជាអធិបតីនៃពិធីបិទសន្និសីទ ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដែលក្នុងនោះ មេដឹកនាំ អាស៊ាន-អូស្រ្តាលី បានឯកភាព និងចុះអនុស្សារណៈរវាងអាស៊ាន-អូស្រ្តាលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។
នៅចំពោះមុខមេដឹកនាំអាស៊ាន នាយករដ្ឋមន្រ្តីអូស្រ្តាលី បានធ្វើការគូសបញ្ជាក់ដែរថា អូស្រ្តាលីនឹងផ្តល់កម្មវិធីកសាងសមត្ថភាព ដល់ដៃគូអនុវត្តច្បាប់អាស៊ាន លើបច្ចេកវិទ្យាទប់ទល់ឧក្រិដ្ឋកម្ម ដើម្បីជួយក្នុងការស្រាវជ្រាវ និងកាត់ផ្តាច់សកម្មភាពភេរវកម្ម។ ការរៀបចំសិក្ខាសាលា អាស៊ាន-អូស្ត្រាលី ស្តីពីការប្រើប្រាស់ភស្តុតាងអេឡិចត្រូនិចក្នុងភេរវកម្ម និងការស៊ើបអង្កេតឧក្រិដ្ឋកម្មឆ្លងដែន និងការចោទប្រកាន់។ ការរៀបចំសិក្ខាសាលាអាស៊ាន-អូស្រ្តាលី ស្តីពីការប្រយុទ្ធប្រឆាំងភេរវកម្ម និងក្រុមអ្នកប្រយុទ្ធបរទេស ដើម្បីសន្តិសុខតាមព្រំដែន (អន្តោប្រវេសន៍ គយ ការអនុវត្តច្បាប់ និងស៊ើបការណ៍)។
អូស្រ្តាលី នឹងផ្តល់ជំនួយបច្ចេកទេសដល់ដៃគូអាស៊ាន ដើម្បីតាក់តែង និងអនុវត្តច្បាប់ប្រឆាំងអំពើភេរវកម្ម ដែលស្របជាមួយនឹងស្តង់ដារអន្តរជាតិ បង្កើតកិច្ចពិភាក្សា និងវេទិកាថ្នាក់តំបន់នានាជាមួយអាស៊ាន និងជាមួយដៃគូអនុវត្តច្បាប់អូស្ត្រាលី ក្នុងគោលបំណងប្រយុទ្ធប្រឆាំង ការគំរាមកំហែងភេរវកម្មពាក់ព័ន្ធ និងក្រុមអាយស៊ីល (ISIL-affiliated terrorists)៕