ព្រះមហាក្សត្រ​កម្ពុជា ផ្ញើ​ព្រះ​រាជសារ​រំលែក​ទុក្ខ​ដល់​ឥណ្ឌូណេស៊ី ដែល​រងគ្រោះ​រញ្ជួយដី​យ៉ាង​ធ្ងន់ធ្ងរ

  • 2018-08-09 10:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជសារ​ចូលរួម​រំលែក​ទុក្ខ​ទៅកាន់​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូកូ វីដូដូ បន្ទាប់​ពី​មនុស្ស​ជាច្រើន​រយ​នាក់​បាត់បង់​ជីវិត ដោយ​សារ​គ្រោះ​រញ្ជួយដី​ បាន​វាយប្រហារ​កោះ Lombok របស់​ប្រទេស​នេះ។ នេះ​បើយោង​តាម​ព្រះរាជសារ​ជា​ភាសា​អង់គ្លេស ត្រូវបាន​ឡាយ​ព្រះហត្ថលេខា​កាលពី​ថ្ងៃទី​៧​សីហា ហើយ​ដែល [ខ្លីៗ] ទើប​ទទួល​បាន​នៅថ្ងៃ​ទី៩​សីហា​នេះ។

គ្រឿងចក្រ កាយថ្ម ស្វែងរកជនរងគ្រោះ ដែលអាចជាប់នៅក្រោមបំណែកថ្ម ក្រោយ​កើតមានរញ្ជួយដី (រូបថត៖ Reuters)
ក្នុង​ព្រះរាជសារ​នេះ មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា៖ «**តាំងនាម​ឱ្យ​ប្រជាជន​កម្ពុជា និង​ខ្លួន​ខ្ញុំផ្ទាល់ ខ្ញុំ​សូម​ចូល​រួមរំលែក​ទុក្ខ​ចំពោះ​ឯកឧត្តម និង​តាម​រយៈ​ឯកឧត្តម ទៅកាន់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាំងអស់ នូវ​សមានទុក្ខ​ និង​សេចក្តី​អាណិត​អាសូរ​របស់​យើង​ខ្ញុំ​ផង**»។

ជាមួយគ្នា​នេះ ព្រះមហាក្សត្រ​កម្ពុជា បាន​ប្រោស​ព្រះរាជទានពរ​ដល់​ជន​រងគ្រោះ ឱ្យឆាប់​ជា​សះស្បើយ ហើយ​ក៏បាន​ប្រោស​ព្រះរាជទានពរ​ឱ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ទទួល​បាន​ជោគជ័យ​ក្នុងការ​ជួយ​សង្គ្រោះ​ដល់​ជន​រងគ្រោះ នៅ​តំបន់​ដែល​ទទួល​រងការ​រញ្ជួយដី​នេះ​ផងដែរ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ មាន​គ្រោះ​រញ្ជួយដី​មួយ​កម្រិត ៦,៩រ៉ិចទ័រ បាន​វាយ​ប្រហារ​កោះ Lombok ដែលស្ថិត​នៅភាគ​ខាងកើត​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ឥណ្ឌូណេស៊ី មក​ទល់​ពេល​នេះ មាន​មនុស្ស​ស្លាប់​ជិត ៣៥០​នាក់​ហើយ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស ខណៈដែល​មនុស្ស​រាប់ពាន់នាក់​ទៀត​កំពុង​គ្មាន​ទីជម្រក៕

អត្ថបទទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;