ព្រឹត្តិការណ៍នយោបាយជាតិសំខាន់ៗប្រចាំសប្តាហ៍
- 2018-10-21 08:44:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍នយោបាយជាតិសំខាន់ៗប្រចាំសប្តាហ៍
ចន្លោះមិនឃើញ
[ខ្លីៗ] សូមលើកយកព្រឹត្តិការណ៍នយោបាយជាតិសំខាន់ៗ ដែលកើតមានឡើងក្នុងសប្តាហ៍នេះ មកបង្ហាញជូនដូចខាងក្រោម។
១. CPP ប្រតិកម្មនឹង IPU ដែលអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលរួមប្រជុំ
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ចេញប្រតិកម្មចំពោះប្រធានអង្គប្រជុំសហភាពអន្តរសភា (IPU) ដែលបានអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ចូលរួមប្រជុំពេញអង្គសហភាពអន្តរសភា (IPU) លើកទី១៣៩ នៅប្រទេសស្វីស។ លោកបានហៅការអនុញ្ញាតនេះ គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា និងគឺជាការបំពានលើឯករាជ្យនិងអធិបតេយ្យភាពជាតិកម្ពុជា ព្រោះលោក សម រង្ស៊ី គ្មានតួនាទីអ្វី ក្នុងការមានមុខចូលប្រជុំនៅលើវេទិកានានាជាថ្នាក់អន្តរជាតិ ហើយក៏មិនមែនជាតំណាងប្រជាជនកម្ពុជាឡើយ។
២. សម្តេច ហ៊ុន សែន លើកពីបញ្ហាបំណុលរបស់កម្ពុជា ជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ី
ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ី Dmitry Medvedev កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅបែលហ្សិក សម្តេច ហ៊ុន សែន លើកឡើងពីបំណុលដែលកម្ពុជា ជំពាក់អតីតសហភាពសូវៀត ពោលគឺកម្ពុជាចង់បង្វែបំណុលនោះ ទៅជាការវិនិយោគនៅកម្ពុជា។ ជាការឆ្លើយតប លោក Dmitry Medvedev បញ្ជាក់ថា រុស្ស៊ីនឹងប្រើប្រាស់បំណុលនោះ សម្រាប់ជាការវិនិយោគនៅកម្ពុជា ដែលនោះគឺជាអាទិភាពដ៏ល្អសម្រាប់កម្ពុជា ដែលរុស្ស៊ីចង់ជួយ។
៣. គ.ជ.ប បង្ហាញចំនួនសរុបអ្នកចុះឈ្មោះបោះឆ្នោតថ្មីក្នុងឆ្នាំ២០១៨
របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ដែលធ្វើឡើងពីថ្ងៃទី១តុលាមក ត្រូវបានបញ្ចប់ហើយកាលពីថ្ងៃទី១៨តុលា ក្នុងនោះអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ១៩៥ ០៨៧នាក់ (ជាង១៩ម៉ឺននាក់)។ ចំនួននេះ ស្មើនឹង ៣៩,៨២% នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានដែលត្រូវចុះឈ្មោះថ្មីចំនួនជិត ៤៩ម៉ឺននាក់។
៤. កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០
បណ្តាមេដឹកនាំនៃប្រទេសអាស៊ី-អឺរ៉ុបទាំងអស់ បានឯកភាពគ្នា ក្នុងការផ្តល់ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ។ ការឯកភាពនេះ ធ្វើឡើងនៅក្នុងពិធីបិទបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។