លោក ស៊ី ជិនពីង ថាបណ្តាប្រទេសធំ តូច មាន ក្រ ខ្លាំង ខ្សោយ គឺស្មើគ្នាទាំងអស់
- 2019-05-29 02:33:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ស៊ី ជិនពីង ថាបណ្តាប្រទេសធំ តូច មាន ក្រ ខ្លាំង ខ្សោយ គឺស្មើគ្នាទាំងអស់
ចន្លោះមិនឃើញ
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាក់ថា បណ្តាប្រទេសទាំងអស់ មិនថា ធំឬតូច ខ្លាំងឬខ្សោយ មានឬក្រ គឺជាសមាជិកស្មើគ្នាទាំងអស់នៃសហគមន៍អន្តរជាតិ។ លោកថ្លែងដូច្នេះ ក្នុងអំឡុងជំនួបពិភាក្សាជាមួយលោក Charlot Salwai នាយករដ្ឋមន្រ្តីនៃប្រទេសវ៉ានូអាទូ (កោះតូចមួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិក) កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅក្រុងប៉េកាំង។
លោក ស៊ី លើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំង២ គឺជាពេលដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះ ខណៈដែលលោក Chartlot Salwai គឺជាមេដឹកនាំនៃប្រជាជាតិកោះប៉ាស៊ីហ្វិកដំបូងគេ ដែលបានទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន។
ប្រធានាធិបតីចិនរូបនេះ បន្ថែមថា ចិនមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាកសិកម្មជាមួយវ៉ានូអាទូ ហើយនឹងបន្តលើកទឹកចិត្តអ្នកវិនិយោគចិន ទៅវិនិយោគនៅប្រទេសផងដែរ។ លោកសង្ឃឹមថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នឹងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំង២។
គួររំលឹកថា កាលពីឆ្នាំ២០១៨ មានរបាយការណ៍មួយបានចេញផ្សាយថា ចិនចង់បង្កើតមូលដ្ឋានយោធាអាចិន្រ្តៃយ៍ នៅរដ្ឋវ៉ានូអាទូ ប៉ុន្តែត្រូវបានប្រទេសទាំង២នេះ ច្រានចោល។
សហរដ្ឋអាមេរិក និងអូស្ត្រាលី ក៏ដូចជាប្រទេសលោកខាងលិច បានបង្ហាញក្តីបារម្ភចំពោះឥទ្ធិពលចិនចូលទៅកាន់តំបន់ប៉ាស៊ីហ្វិក ជាពិសេសការផ្តល់ជំនួយ និងកម្ចីអភិវឌ្ឍន៍របស់ចិន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយចោទថា បណ្តារដ្ឋទាំងនោះ នឹងជាប់អន្ទាក់បំណុលរបស់ចិន៕