លោក ស៊ី ជិនពីង និង​លោក ពូទីន អួត​ពី​ទំនាក់​ទំនង​ប្រទេស​ខ្លួន​ទាំង២ ទៅកាន់​ពិភពលោក

  • 2019-06-07 07:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​បង្ហាញ​ពិភពលោក​នូវ​ទំនាក់ទំនង​ដ៏ស្អិត​រមួត ហើយឡើង​ខ្ពស់​ថែមទៀត​រវាង​ប្រទេស​ទាំង២ ក្នុង​អំឡុង​ទស្សនកិច្ច​លោក ស៊ី ជិនពីង ទៅកាន់​ក្រុងមូស្គូ សប្តាហ៍​នេះ។

ក្នុង​ពិធី​រំលឹកខួប​ ៧០ឆ្នាំ​នៃការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេសចិន និង​រុស្ស៊ី កាលពីថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ លោក ស៊ី ជិនពីង បាន​លើកឡើង​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២ កំពុងឈាន​ចូលដល់​យុគសម័យ​ថ្មីមួយ​ផ្អែក​លើ​ភាព​ជឿជាក់ និង​គាំទ្រ​គ្នា​ទៅវិញទៅមក ដែលនឹង​បម្រើ​ដល់​សន្តិភាព​ពិភពលោក ហើយ​ថា​ទំនាក់ទំនង​នេះ ក៏​អាចធ្វើ​ជាគំរូ​មួយ​ស​ម្រាប់​ប្រទេស​ដទៃ​ទៀតផង។

រូបថត៖ Sputnik News
ជាមួយ​គ្នានេះ លោកកត់​សម្គាល់​ថា អន្តរកម្ម​រវាង​ក្រុង​ប៉េកាំង និង​ក្រុងមូស្គូ មាន​គោលបំណង​ជំរុញ​ពហុប៉ូល ក្នុង​ពិភពលោក និង​ជំរុញ​ប្រជាធិបតេយ្យ ក្នុង​ទំនាក់​ទំនង​អន្តរជាតិ ដើម្បី​បង្កើន​ឱ្យកាន់តែ​ច្រើន​នូវ​វិបុលភាព ស្ថិរភាព និង​យុត្តិធម៌​ពិភពលោក។

ក្នុងរយៈពេល​៧០ឆ្នាំមកនេះ មិត្តភាព​រវាង​ប្រជាជន​ទាំងពីរ នៅតែ​រឹងមាំ​ដូចជាថ្ម។ ចូល​មកដល់​យុគសម័យ​ថ្មីមួយ ទំនាក់ទំនង​ចិន-រុស្ស៊ី ត្រូវការ​ពង្រឹង​ផលប្រយោជន៍​រួម មាន​ន័យថា គឺពង្រីក​គ្រប់​ប្រភេទ​ទាំងអស់​នៃ​ចំណង​សេដ្ឋកិច្ច​ប្រទេស​ទាំង២។ នេះជា​ការ​លើកឡើង​បន្ថែមរ​បស់​ប្រធានាធិបតី​ចិន។

ចំណែក​លោក ពូទីន បាន​សង្កត់​ធ្ងន់​ថា ទំនាក់ទំនង​ប្រទេស​ទាំង២ បាន​ឈាន​ដល់​កម្រិត​ខ្ពស់ ដែល​ហួស​ពីការ​រំពឹង​ទុក។ «យើងនឹង​មិន​បញ្ឈប់​នូវអ្វីដែល​យើង​សម្រេចបាន​ឡើយ»។

លោកបាន​បង្ហាញ​ពី​ទំនុក​ចិត្ត​ក្នុងកិច្ចសហប្រតិបត្តិការ​រវាង​រុស្ស៊ី និង​ចិន សម្រាប់​ពិភពលោក ពោលគឺ​ប្រទេស​ទាំង២ បាន​ធ្វើការ​ជាមួយគ្នា​យ៉ាងជិតស្និទ្ធ​ក្នុងឆាក​ពិភពលោក ដើម្បីស្ថិរភាព និង​សន្តិសុខ​តំបន់ និង​សកល។ «ប្រទេស​យើង បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការដោះស្រាយ​បញ្ហា​ពិភព​លោក»៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;