ប្រជាពលរដ្ឋ ២២ក្រុមនៅខេត្តព្រះសីហនុ សុំឲ្យ លោក គួច ចំរើន ចេញប័ណ្ណសំគាល់កាន់កាប់ដី
- 2019-08-13 09:02:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាពលរដ្ឋ ២២ក្រុមនៅខេត្តព្រះសីហនុ សុំឲ្យ លោក គួច ចំរើន ចេញប័ណ្ណសំគាល់កាន់កាប់ដី
ចន្លោះមិនឃើញ
ក្នុងកិច្ចពិភាក្សា រកដំណោះស្រាយ និងផលប៉ះពាល់ ដល់ប្រជាពលរដ្ឋចំនួន ២២ក្រុម មកពី ២ក្រុង និង ៣ស្រុក ក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងបញ្ហាស្រដៀងគ្នា គឺសុំចេញប័ណ្ណសំគាល់ម្ចាស់អចលនវត្ថុ ដែលមន្ត្រីជំនាញបានចុះវាស់ វែងនាពេលកន្លងមក និងបញ្ហាផ្សេងៗមួយចំនួនទៀត។
ការស្នើសុំខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅព្រឹកថៃ្ងទី ១៣ ខែសីហា ឆ្នាំ២០១៩ ដោយ លោក គួច ចំរើន បាននិយាយថា រដ្ឋបាលខេត្តបានទទួលឯកសាររបស់ប្រជាពលរដ្ឋទាំង ២២ក្រុម និងសន្យាធ្វើការដោះស្រាយម្តងមួយៗ ព្រោះបើដោះមួយកញ្ចប់តែម្តង មិនអាចធ្វើបានទេ។ លោកក៏បានបន្តថា ចំពោះរឿងដែលចូលដល់ប្រព័ន្ធតុលាការលោកមិនមានសិទ្ធិនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរកមេធាវី ដើម្បីការពារក្តី។
តាមការឆ្លើយតបខាងលើនេះ លោកក៏សុំការយោគយល់ពីប្រជាពលរដ្ឋ សូមមានការអត់ធ្មត់ ក្នុងការដោះស្រាយ ព្រោះរដ្ឋបាលខេត្តត្រូវជ្រើសរើសយកកិច្ចការណាសំខាន់មកធ្វើការដោះស្រាយចំពោះមុខ ហើយនៅមានឯកសារជាច្រើនទៀត ដែលរដ្ឋបាលខេត្តត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់ ។
លោក គួច ចំរើន ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋ កុំចូលកាន់កាប់ដីព្រៃរបស់រដ្ឋ និងដីឯកជនដោយខុសច្បាប់ ហើយក៏មិនអនុញ្ញាតឱ្យមានការចាប់ដីរដ្ឋដោយខុសច្បាប់នោះដែរ។ ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងចូលរួមចំណែកអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ