រដ្ឋបាលខេត្តព្រះសីហនុ អាជីវករ លក់​ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល នឹង​មាន​តូបគំរូថ្មី​សម្រាប់​ការ​លក់​ដូរ

  • 2019-08-16 04:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជីវករ លក់​ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល នៅ​ខេត្តព្រះសីហនុ នឹង​មាន​តូបគំរូថ្មី​សម្រាប់​ការ​លក់​ដូរ។ នេះ​បើតាម​ការ​បង្ហោះនៅលើផេក ហ្វេសបុករបស់ រដ្ឋបាល​ខេត្តព្រះសីហនុ នៅ​ក្នុងកិច្ច​ប្រជុំ​បង្ហាញ​ប្លង់​តូប​គំរូ​ថ្មី​ដល់​អាជីវករ​កាល​ពី​ថ្ងៃ​ទី ១៥ ខែសីហា ឆ្នាំ២០១៩ ។

ឆ្នេរអូរឈឺទាល នៅ​ខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានជួបប្រជុំជាលើកទី២ ជា​មួយ​បង​ប្អូន​អាជីវករ​លក់ដូរនៅឆ្នេរអូរឈើទាលចំនួន ៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បី​ដាក់​បង្ហាញ​ប្លង់សាងសង់តូបគំរូថ្មី របស់គណៈកម្មការឆ្នេរកម្ពុជា។

តាម​ការ​បង្ហាញរបស់មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ បាន​បញ្ជាក់​ថា តាម​ប្លង់​សាង​សង់តូបគំរូថ្មីនៅឆ្នេរអូរឈើទាលមាន ២ប្រភេទ គឺតូបទោល និងតូបភ្លោះ ដែល​គណកម្មការ​បាន​ចុះវាស់​កំណត់។

លោក គួច ចំរើន បាន​សំណេះសំណាលជាមួយអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលថា តាម​ការ​ឯក​ភាព​របស់​គណកម្មការ​ឆ្នេរ បាន​រៀបចំគំរូប្លង់តូប ដើម្បី​ឱ្យ​បង​ប្អូន​យក​ទៅ​សាង​សង់​តាម​គំរូថ្មី​មាន​រចនា​បទ សោភ័ណភាព​ក្នុងការទាក់ទាញភ្ញៀវ ហើយ​មន្ត្រី​ជំនាញ​នៅ​រង់​ចាំ​ជួយ​សម្រប​សម្រួល​ដើម្បី​ឱ្យ​ការ​សាង​សង់ប្រព្រឹត្តទៅដោយរលូន។

លោក ក៏​បានបន្តថា បងប្អូនត្រូវជម្រុញការសាងសង់ឱ្យបានលឿន ដើម្បី​ត្រៀម​រៀប​ចំទទួល​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ នៅ​ថ្ងៃ​បុណ្យឆ្លងឆ្នាំសកល នឹង​ធ្វើ​ឲ្យ​តំបន់ឆ្នេរអូរឈើទាល ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏ទាក់ទាញជាងគេ ក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;