តៃវ៉ាន់ និង​អាមេរិក បើក​កិច្ច​ប្រជុំ​​ព្រួតគ្នា​វាយប្រហារ​ខ្លាំងៗ​ទៅលើ​ចិន

  • 2019-10-08 03:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តៃវ៉ាន់ បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំមួយ​នៅក្រុងតៃប៉ិ កាលពីថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ​២០១៩ ដោយមាន​ការ​សហការ​ជាមួយ​អាមេរិក និងមាន​ការចូលរួម​ពី​តំណាង​​ប្រទេស​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ បន្ទាប់ពី​សម្ព័ន្ធមិត្ត​តៃវ៉ាន់២ បាន​ទៅ​ចងមិត្ត​ជាមួយ​ចិន កាលពី​ពេលថ្មីៗ​នេះ។

ថ្លែងក្នុង​ពិធីបើកកិច្ចប្រជុំនេះ លោក Joseph Wu រដ្ឋមន្រ្តី​ការបរទេស​តៃវ៉ាន់ បាន​អំពាវ​នាវឱ្យប្រទេស​ជាដៃគូ រួមគ្នាចាត់វិធានការ​បន្ថែម​ទៀត ទប់ស្កាត់​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន ចូលមកកាន់តំបន់​ប៉ាស៊ីហ្វិក។

លោកបាន​ហៅ​ចេតនា​របស់ក្រុងប៉េកាំង ដែលដណ្តើមសម្ព័ន្ធមិត្ត២ប្រទេសរបស់តៃវ៉ាន់ក្នុងតំបន់​ប៉ាស៊ីហ្វិក គឺជា​យកទីតាំង​យុទ្ធសាស្រ្ត ហើយ​អាចគំរាមដល់​សន្តិសុខរបស់​អូស្ត្រាលី និង​អាមេរិក។

«ខ្ញុំពិត​ជាមិនចង់ឃើញ​តំបន់​ប៉ាស៊ីហ្វិក ប្រែក្លាយ​ទៅជា​សមុទ្រ​ចិន​ខាងត្បូង​ទី២ឡើយ»។ នេះជា​លើកឡើង​របស់​រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ ដែលលោក​សំដៅ​ទៅលើសកម្មភាព​បច្ចុប្បន្ន​របស់​យោធា​​ចិន នៅតាមប្រជុំកោះ​ក្នុង​សមុទ្រចិនខាងត្បូង។

ចំណែក​តំណាង​អាមេរិក គឺលោកស្រី Sandra Oudkirk ជំនួយ​ការ​រដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុក​ប្រទេស​អូស្ត្រាលី ណូវែលហ្សេឡង់ និង​ប្រទេស​កោះ​ប៉ាស៊ីហ្វិក។ លោកស្រីថ្លែងបញ្ជាក់​ពីការ​ប្តេជ្ញាចិត្តរបស់​អាមេរិក ក្នុងការ​សម្រេច​នូវ​សេរីភាព និងបើកចំហរ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ លោកស្រី​ក៏បាន​រិះគន់​ចិនអំពីអន្ទាក់បំណុល​ក្នុងរូបភាព​អភិវឌ្ឍ នៅតាមបណ្តា​ប្រទេសមួយចំនួនផងដែរ ដើម្បី​ពង្រីក​ឥទ្ធិពលខ្លួន។

គួររំលឹក​ថា កាលពីខែកញ្ញាកន្លងទៅ តៃវ៉ាន់ បាន​បាត់​បង់​សម្ព័ន្ធមិត្ត២ប្រទេស គឺ Solomon និង Kiribati បន្ទាប់ពីប្រទេស​ទាំងពីរនេះ បាន​ងាកទៅចងសម្ព័ន្ធមិត្តជាមួយមហាយក្សចិនវិញ៕

ចុចអាន៖ ប៉ុន្មានថ្ងៃប៉ុណ្ណោះ! តៃវ៉ាន់ បាត់បង់​មិត្ត​ដល់ទៅ​២ប្រទេស

ប្រភព៖ Taiwan News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;