នារីម្នាក់​ស្លាប់​ដោយសង្ស័យថា​​ប្រើ​ទូរសព្ទ​ពេល​កំពុង​សាកថ្ម​

  • 2019-11-01 07:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមត្ថកិច្ច​ខេត្ត​កណ្ដាល​ឲ្យ​ដឹងថា​កម្មការិនី​ម្នាក់​បាន​ស្លាប់​កាលពីព្រឹក​មិញ​សង្ស័យ​ថា​ស្លាប់​ដោយ​សារ​ឆក់​ចរន្ត​អគ្គិសនី​​ពេល​កំពុង​បើក​ទូរសព្ទ​ដាក់​កាស​នៅ​នឹង​ត្រចៀក ខណៈ​ទូរសព្ទ​កំពុង​សាក​ថ្ម​។

ស្នកងការ​នគរបាល​ខេត្ត​កណ្ដាល​បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​ហេតុការណ៍នេះ បាន​កើតឡើង​កាលពី​ព្រឹក​មិញ​នៅ​ក្នុង​ផ្ទះជួល​លេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

​មិត្ត​រួម​ការកងារ​របស់​ជនរងគ្រោះ​អ្នកស្រី សុខ ផាន្នី បាន​ប្រាប់​សមត្ថកិច្ចថា​ជនរងគ្រោះ​ឈ្មោះ​ អាន សុខណា ជាកម្មការិនី​នៅ​រោងចក្រ​ជាមួយ​គ្នា ពេល​ដល់​មោង​ធ្វើ​ការ​មិន​ឃើញ​ទៅធ្វើការ​នោះទេ។ ដោយមិន​ឃើញ​មាន​វត្តមាន​នៅកន្លែង​ធ្វើការ ខ្លួនក៏បាន​ទូសព្ទ​រក​តែគ្មាន​អ្នក​ទទួល ហើយ​ខ្លួន​ក៏ទូរសព្ទទៅអ្នកនៅជិត​នោះ​ជួយ​ទៅ​មើល​នៅ​បន្ទប់។

ប្រភព​សរសេរថា​ពេល​អ្នកជិតខាង​ទៅ​ដល់​​ទ្វារជាប់​គន្លះ និង​ហៅ​ជនរងគ្រោះមិន​ឆ្លើយ​ហើយអ្នកជិត​ខាងនោះ​ក៏ទូរសព្ទមក​​អ្នកធ្វើការនៅរោងចក្រឲ្យជួយទៅមើលវិញ​។​ ប្រភព​បន្តថា​ពេលមកដល់អ្នកទាំងនោះ​នាំគ្នាទាញបង្អួច ហើយលូកដៃបើកគន្លឹះបង្អួច និង​ទាញគន្លឹះទ្វារបើកឃើញ​ជនរងគ្រោះដេកក៏ដាស់ មិនក្រោក ដោយ​ជនរងគ្រោះមានសភាពរឹងដៃ រឹងជើង និងឃើញមានកាសជាប់នឹងត្រចៀក ឯទូរសព្ទ័ មានសាកថ្មជាប់នឹងព្រីភ្លើងផង ​ក៏នាំគ្នាបិទឌីសង់ទ័រភ្លើង ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មក បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។

​សមត្ថកិច្ច​សរសេរ​ថា៖ «សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ពិនិត្យឃើញថា សាកសព មានសភាពធម្មតា ធ្មេញខាំអណ្តាត ប្រឹង ហើយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ ។ ការសន្និដ្ឋានតាមការពិនិត្យ​របស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ ឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យស្លាប់ ។ សាកសពត្រូវបានប្រគល់ជូនប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត...​ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល»។

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;