រវាង សុវណ្ណារី និង Rayane តើម្នាក់ណា នឹងបន្ត​កំណត់ត្រា​ "មិនចាញ់"?

  • 2019-12-06 03:42:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សុវណ្ណារី កូនខ្មែរនៅអាមេរិកដែលប្រកួតតំណាងឲ្យកម្ពុជា ត្រូវតតាំងនឹងជើងខ្លាំងមិនដែលចាញ់សញ្ជាតិប្រេស៊ីល Rayane Bastos នៅក្នុងកម្មវិធី ONE: MARK OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខចាប់ពីម៉ោង ៥ ល្ងាចតទៅនៅក្រុងកូឡាឡាំពួរពី ប្រទេសម៉ាឡេស៊ី។ យ៉ាងក្ដី ទាំង សុវណ្ណារី និង Rayane សុទ្ធតែមិនដែលចាញ់ដូចគ្នាក្នុងអាជីពគុនចម្រុះ គិតត្រឹមពេលនេះ។ តើសុវណ្ណារី អាចទៅរួចទេ ពេលប៉ះកីឡាការិនីប្រេស៊ីល Rayane Bastos ដែលមានវ័យត្រឹម២០ឆ្នាំ?

បទពិសោធន៍ប្រកួត៖

ឯម សុវណ្ណារី ទើបប្រកួតនៅសង្វៀន ONE Championship បានចំនួន១លើក កាលឈ្នះ កីឡាការិនីអ៊ុយក្រែន Iryna Kyselova ត្រឹមតែ ៨១វិនាទីប៉ុណ្ណោះកាលខែធ្នូ ឆ្នាំ ២០១៨។ មុនចូលសង្វៀន ONE សុវណ្ណារី បំបាក់កីឡាការិនីអាមេរិកពីររូបឲ្យចុះចាញ់ត្រឹមទឹកទី១យ៉ាងលឿនបំផុត ពោលគឺ​ ផ្ដួល Evelyn Nieves ឲ្យចុះចាញ់ត្រឹមរយៈពេល ១នាទីនិង១៩វិនាទីប៉ុណ្ណោះនៅទឹកទី១ ហើយ ប្រើកណ្ដាប់ដៃវ៉ៃ Lanikqua Robins ឲ្យសន្លប់ត្រឹមតែ ១៨ វិនាទី។ ដ្បិតប្រកួតតែ ៣លើក ប៉ុន្តែវាជាកំណត់ត្រាដ៏អស្ចារ្យគ្មានគូប្រៀប របស់កីឡាការិនីខ្មែរនៅអាមេរិកដែលកំពុងហ្វឹកហាត់យ៉ាងល្អនៅក្លិបប្រដាល់ Modern Martial Arts and Fitness។

សុវណ្ណារី និងគ្រូបង្វឹក Justen Hamilton

ងាកមកកាន់ Rayane Bastos ក៏មិនធម្មតាដែរ ព្រោះម្ចាស់ខ្សែក្រវាត់ BJJ State Champion ៥សម័យកាលនៅឯស្រុកកំណើតរបស់ខ្លួន។ កីឡាការិនីសញ្ជាតិប្រេស៊ីលរូបនេះទទួលកេរ្តិ៍បោះសំឡេងនៅស្រុកកំណើតរបស់ខ្លួនក្រុង Castanhal នៃរដ្ឋ Para។ គេចាប់ផ្ដើមហាត់ក្បាច់គុនដោយមានការណែនាំពីឪពុករបស់ខ្លួន ដែលជាគ្រូបង្វឹកខាងក្បាច់ការ៉ាតេ។ Bastos ធ្លាប់ឈ្នះជើងឯកការ៉ាតេក្នុងតំបន់ និងជើងឯក State BJJ Championships រហូតដល់ ៥ដង។ មិនត្រឹមហាត់ការ៉ាតេ Bastos បានហាត់ក្បាច់មួយថៃ ជឺជិតស៊ូ និងគុនចម្រុះទៀតផង។ Bastos ប្រកួតមិនដែលចាញ់សោះ ដោយឈ្នះ ៣ ដង និងស្មើ១ដង មុនពេលចុះហត្ថលេខាប្រកួតនៅសង្វៀន ONE Championship។ Bastos ឈ្នះដោយពិន្ទុ ២លើក និងបញ្ចប់គូប្រកួត១លើកមុនពេលស្មើកីឡាការិនី Evelin Gomes នៅឯស្រុកកំណើត។ កីឡាការិនីវ័យ២០ឆ្នាំរូបនេះមានកណ្ដាប់ដៃធ្ងន់ និងអាចបញ្ចប់គូប្រកួតគ្រប់ពេលវេលាហើយក៏បន្តក្ដីស្រមៃរបស់ខ្លួនទៅប្រកួតខ្សែក្រវាត់នាពេលខាងមុខទៀតផង។

Rayane Bastos

សម្រង់សម្ដី៖

កីឡាការិនី ឯម សុវណ្ណារី បានទទួលស្គាល់អំពីចំណុចល្អ របស់ RAYANE ថា៖ «វាជាការប្រកួតដ៏លំបាកមួយ គូប្រកួតរបស់ខ្ញុំនៅក្មេង មានកម្លាំងខ្លាំង មានជំនាញខាងប្រយុទ្ធ និងចូលចាប់ ជាពិសេសក្បាច់ ជឺជិតស៊ូ និងមួយថៃរបស់គេក៏ល្អដែរ។ លើសពីនេះ RAYANE ក៏ពូកែខាងចំបាប់ ហើយខ្ញុំត្រូវតែការពារកុំឲ្យគេចូលចាប់ងាយៗ បើមិនដូច្នោះ វាអាចនឹងយ៉ាប់។ គេក៏មានក្បាច់ប្រយុទ្ធវាយបកលឿនៗផងដែរ។ បើហ៊ានប្រហែសខ្ញុំច្បាស់ជាត្រូវគេបញ្ចប់ការប្រកួតមិនខាន»។

ក្រោយខកខានឡើងសង្វៀនរយៈពេល១ឆ្នាំ កីឡាការិនីវ័យ ២៧ ឆ្នាំសង្កត់ធ្ងន់ថា៖ «ការប្រកួតច្បាស់ជាល្អមើល ហើយជក់ចិត្ត ព្រោះមានស្ទិលនិងក្បាច់ខុសគ្នាច្រើន។ ហើយយើងទាំងពីរសុទ្ធតែមិនចង់ខូចកំណត់ត្រាឡើយ»។ សុវណ្ណារី មិនត្រឹមផ្ដោតលើការប្រកួតទម្ងន់ flyweight នេះទេ ប៉ុន្តែថែមទាំងចង់ប្រកួតដណ្ដើមខ្សែក្រវាត់ទៅថ្ងៃអនាគតទៀតផង។

សូមបញ្ជាក់ថា ការប្រកួតនឹងចាប់ផ្ដើម​ពីម៉ោង ៥ល្ងាច ថ្ងៃទី៦ ខែធ្នូនេះ។ ប្រិយមិត្ត​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់ តាម​រយៈ Facebook, YouTube និង App របស់ ONE Championship៕

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី
;