ស្ត្រីរុស្ស៊ីម្នាក់សួរពូទីន អាចរស់ពឹងលើប្រាក់ ១៧០ដុល្លារក្នុងមួយខែបានទេ?

  • 2020-02-20 04:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធ ទី១៩ កុម្ភៈ បានប្រឈម មុខនឹងសំណួរចាក់ដោតពីស្ត្រីរុស្ស៊ីម្នាក់ ដែលបានសួរគាត់ថាតើគាត់រកបាន មួយខែប៉ុន្មាន ហើយតើគាត់អាចរស់ពឹងលើប្រាក់ចំណូល ១៧០ ដុល្លារក្នុងមួយខែ បានឬក៏អត់។

លោកពូទីនថតរូបជាមួយស្ត្រីម្នាក់ដែលសួរសំណួរចាក់ដោតមកគាត់កាលពីថ្ងៃពុធ នៅទីក្រុងសេនភីតធឺស្បឺក
នៅពេលធ្វើទស្សនកិច្ចនៅទីក្រុងកំណើតរបស់គាត់ សេនភីតធឺស្បឺក លោកពូទីន បានដាក់កម្រងផ្កានៅផ្នូរព្រឹទ្ធាចារ្យនយោបាយម្នាក់ ហើយប្រជាជនក្បែរនោះ បានដើរមករកគាត់ និងទាញទូរស័ព្ទដៃថតគាត់។

ស្ត្រីម្នាក់បានចូលមកជួបពូទីន រួចសួរភ្លាមៗថា “សូមប្រាប់ខ្ញុំផង តើអាចទៅរួចទេ ដែលរស់ពឹងលើប្រាក់ខែចំនួន ១០.៨០០ រូប្លិល (១៧០ ដុល្លារ)?”។

ក្នុងវីដេអូឃ្លីបដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោកពូទីនបាន និយាយស្ងាត់ៗថា “ខ្ញុំគិតថាវាពិបាកខ្លាំងណាស់”។

ស្ត្រីម្នាក់នោះនិយាយថា “ខ្ញុំគិតថា ប្រាក់ខែរបស់លោកប្រហែលជា ៨០០.០០០ រូប្លិល”។

លោកពូទីននិយាយថា “មែនហើយ” ខណៈលោកបន្ថែមថា អ្នកខ្លះនៅក្នុង ប្រទេសរុស្ស៊ីរកប្រាក់ចំណូលបានច្រើនជាងនេះឆ្ងាយណាស់ ហើយ “ប្រធានាធិបតីមិនមានប្រាក់ខែខ្ពស់ទេ”។

ស្ត្រី ដែលនិយាយថាគាត់កំពុងសិក្សាអំពីរបៀបកត់ត្រាសៀវភៅគណនេយ្យ និងរស់ពឹងលើអត្ថប្រយោជន៍ពិការភាព បានបន្តនិយាយអំពីការចំណាយប្រចាំថ្ងៃ ដែលទំនងសង្ស័យលោកពូទីនមិនបានដឹងតួលេខចំណូលចំណាយច្បាស់ទេ។

លោកស្រីបាននិយាយថា ទៅផ្សារទិញគ្រឿងទេសត្រូវចាយយ៉ាងតិច ១០០០ រូប្លិល រីឯចំណាយទឹកភ្លើងសម្រាប់ផ្ទះមួយយ៉ាងហោចណាស់ក៏ ៤០០០ រូប្លិលដែរ។

ខណៈដែលលោកពូទីនរះត្រចង់នៅក្នុងការថ្លែងសុន្ទរកថាសាធារណៈនៅក្នុងសាលប្រជុំធំៗជាមួយសំណួរដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ននោះ គាត់កម្រនឹងចេញទៅតាមដងផ្លូវជួបជាមួយប្រជាជន ដែលសួរសំណួរ មិនរំពឹងទុករបៀបនេះណាស់។

កាលពីថ្ងៃពុធ លោកពូទីនបានលើកឡើងអំពីគំនិតផ្តួចផ្តើមគោលនយោបាយថ្មីៗ ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវិតគ្រួសារដែលមានកូនច្រើន រួមទាំងការលើក កម្ពស់ផលប្រយោជន៍កុមារនិងការទូទាត់ប្រាក់សម្រាប់កំណើតរបស់កូនផងដែរ។

លោកបាននិយាយថា “ជាការពិត លោកស្រីនិយាយត្រូវ យើងនៅមានបញ្ហា សង្គមជាច្រើន ដែលរដ្ឋាភិបាលត្រូវដោះស្រាយ”។

ស្ត្រីនោះស៊កសម្តីទៅវិញថា “ម៉េចក៏លោកមិនព្រមដោះស្រាយវាចឹង?”។ លោកពូទីនតបវិញថា​ “យើងកំពុងដោះស្រាយវាហើយ”។

ក្រោយមកស្ត្រីម្នាក់នោះបានសុំថតជាមួយពូទីនមួយប៉ុស្តិ៍។

លោកពូទីនបានកំពុងស្ថិតនៅទីក្រុងសេនភីតធឺស្បឺកដើម្បីគម្រប់ខួបលើកទី២០នៃមរណភាពព្រឹទ្ធាចារ្យនយោបាយរបស់គាត់និងជាអតីតអភិបាលក្រុង លោក អាណាតូលី សូបឆាក់៕

ប្រភព ៖ rasmeinews

អត្ថបទថ្មី
;