មើល​មួយ​ភ្លែត​ស្មាន​តែ​ជា​ប្រាសាទ​បុរាណ តាម​ពិត​ជា​ស្នាដៃ​បង្កើត​ថ្មី​ដោយ​បុរស​ម្នាក់​អស់​រយៈពេល​២០​ឆ្នាំ

  • 2020-03-05 01:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​មិន​បាន​ដឹង មនុស្ស​មួយ​​​ចំនួន​ច្បាស់​​យល់​ច្រឡំ​ថា នេះ​​គឺ​ជា​ប្រាសាទ​បុរាណ​​មាន​ដើម​កំណើត​រាប់​រយ​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​​តាម​ការ​ពិត​ជាក់​ស្ដែង វា​កើត​ឡើង​ចេញ​ពី​គំនិត​ច្នៃ​ប្រឌិត​ថ្មី​របស់​បុរស​សញ្ជាតិ​ចិន​​ម្នាក់​ឈ្មោះ​ Song Peilun។ ការ​កសាង​​ប្រាសាទ​នេះ​ឡើង​ប្រើ​អស់​រយៈពេល​​ ២​ទសវត្ស ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត Guizhou ប្រទេស​ចិន។

លោក Song បាន​បោះបង់​ចោល​នូវ​អាជីព​ជា​គ្រូ​បង្រៀន កាល​ពី​អំឡុង​ឆ្នាំ​១៩៩៦ ហើយ​ប្រើ​ប្រាក់​សន្សំ​​ទិញ​យក​ដី​ចំនួន ២០​ហិចតា​នៅ​ក្នុង​ភូមិ Huaxi ដើម្បី​សម្រេច​​សេចក្ដី​ប្រាថ្នា​ធំ​បំផុត​​ក្នុង​ជីវិត។ ស្ថាបនិក​​វ័យ​៨០​ឆ្នាំ​រូប​នេះ​បាន​ស្រាវជ្រាវ​​អស់​ជា​ច្រើន​ឆ្នាំ​ទៅ​លើ​វប្បធម៌​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​ខេត្ត Guizhou។ លោក Song ធ្លាប់​បាន​ទៅ​ទស្សនា​​បូជនីយដ្ឋាន Crazy Horse នៅ​សហរដ្ឋ​អាមេរិក ហើយ​ក៏​​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភាព​ស្រដៀង​គ្នា​រវាង​វប្បធម៌​នៃ​ជនជាតិ​ភាគ​តិច​ទាំង​២។ ហេតុ​ដូច្នេះ​ហើយ​ទើប​ក្ដី​ស្រមៃ​មួយ​នេះ​លេច​ឡើង​នៅ​ក្នុង​ខួរ​ក្បាល​របស់​លោក​រហូត​ទាល់តែ​ចេញ​ជា​រូបរាង​ពិត​ប្រាកដ​នៅ​ក្នុង​ឆ្នាំ​២០១៦។

ក្នុង​ដំណើរ​កសាង​ប្រាសាទ​នេះ លោក Song ក៏​បាន​ទទួល​​​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ភូមិ​ផង​ដែរ ដោយ​ក្នុង​​នោះ​រួម​មាន​ទាំង​កម្លាំង​ពលកម្ម និង​ថវិកា​ជា​ដើម។ ក្រោយ​បញ្ចប់​សំណង់​ដ៏​អស្ចារ្យ​នេះ អ្នក​ភូមិ​ជា​ច្រើន​ក៏​បាន​ចូល​មក​រស់​នៅ​ក្នុង​​ប្រាសាទ​នេះ​ ដែល​បង្កើត​បាន​ទៅ​ជា​សហគមន៍​មួយ​ដ៏​ប្លែក​ និង​គួរ​ឲ្យ​​ចាប់​អារម្មណ៍។ តាំង​ពី​នោះ​មក កន្លែង​ដែល​លោក Song ស្ថាបនា​ឡើង​ក៏​ក្លាយ​ជា​តំបន់​ទេសចរណ៍​​​មួយ​ផង​ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;