មិន​ថាតែ​មនុស្ស! នេះ​វីដេអូ​សត្វ​ស្វា​រាប់​ពាន់​ក្បាលនៅ​ថៃ​​ក៏​កំពុង​រង​គ្រោះ​ដោយសារ​កូវិដ១៩

  • 2020-03-16 01:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិភពលោក​កំពុង​ប្រឈម​នឹង​ជំងឺ​រាតត្បាត ដែល​គេ​​ស្គាល់​ថា​ជា​វីរុស​កូរ៉ូណា ឬ​ហៅ​ថា កូវិដ១៩។ បញ្ហា​នេះ​​មិន​ត្រឹម​តែ​មនុស្ស​ជាតិ​ទេ​ជា​អ្នក​ប្រឈម​នឹង​វិបត្តិ​ជំងឺ​ឆ្លង សូម្បី​តែ​សត្វ​​​មួយ​ចំនួន​ក៏​កំពុង​ពើប​ប្រទះ​នឹង​​ផល​ប៉ះពាល់​ដូច​គ្នា។ ជា​ឧទាហរណ៍​ជាក់​ស្ដែង សត្វ​ស្វា​រាប់​ពាន់​ក្បាល​នៅ​ប្រទេស​ថៃ កំពុង​ជួប​វិបត្តិ​ខ្វះ​ចំណី​អាហារ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ទេសចរ​យ៉ាង​គំហុក​មិន​គួរ​ឲ្យ​ជឿ។

ក្នុង​វីដេអូ​​មួយ​ដែល​ថត​នៅ​ខេត្ត Lopburi ប្រទេស​ថៃ បាន​បង្ហាញ​ថា ស្វា​រាប់​ពាន់​ក្បាល​បាន​វាយ​ដណ្ដើម​គ្នា​ព្រោះ​តែ​ចេក​១​ផ្លែ។ ពី​មុន ចំណី​អាហារ​របស់​ពួក​វា​ភាគ​ច្រើន​បាន​មក​ពី​ការ​ផ្ដល់​ឲ្យ​ពី​អ្នក​ទេសចរ តែ​ក្រោយ​កើត​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស ចំនួន​អ្នក​មក​កម្សាន្ត​​​បាន​បាត់​ស្រមោល​ស្ងាត់​ឈឹង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​កង្វះ​ខាត​ចំណី​សម្រាប់​សត្វ​ស្វា​ដ៏​ច្រើន​ពាន់​ក្បាល​នេះ។

អ្នក​រស់​នៅ​តំបន់​ខាង​លើ បាន​រៀបរាប់​ថា ពួក​គេ​​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ខ្លាំង​ពេល​ឃើញ​ភាព​ឃោរឃៅ​របស់​សត្វ​ស្វា ដែល​ខុស​ពី​​ទង្វើ​សព្វ​ដង​របស់​ពួក​វា។ ម្ចាស់​វីដេអូ​ឈ្មោះ Sasaluk Rattanachai និយាយ​ថា៖ "ពួក​វា​មើល​ទៅ​ដូចជា​ឆ្កែ​ព្រៃ​ច្រើន​ជាង​សត្វ​ស្វា។ ពួក​វា​ចាប់ផ្ដើម​ទៅ​ជា​ឆ្កួត​អ៊ីចឹង​​ព្រោះ​​ចែក​១​ផ្លែ។ ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពួក​វា​កាច​សាហាវ​ដូច​នេះ​ពី​មុន​មក​ទេ"។

សូម​បញ្ជាក់​ថា ខេត្ត Lopburi គឺ​ជា​ជម្រក​នៃ​សត្វ​ស្វា​រាប់​ពាន់​ក្បាល ដែល​ភាគ​ច្រើន​ពួក​វា​រស់នៅ​តាម​ដង​ផ្លូវ​សាធារណៈ ឬ​​នៅ​តាម​​ព្រះវិហារ​បុរាណ។ សត្វ​ព្រៃ​នៅ​ក្នុង​ប្រទេស​ថៃ​​​អាច​ទាក់​ទាញ​ទេសចរ​បាន​ប្រមាណ ៣៥​លាន​នាក់​ក្នុង​១​ឆ្នាំៗ ហើយ​បើ​គិត​​ជា​ចំណូល​សេដ្ឋកិច្ច​ទាំង​មូល​គឺ​ស្មើ​នឹង ២០%៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;