គួរ​យល់ដឹង! មូស​អាច​ចម្លង​វីរុស​ជា​ច្រើន​ដល់​មនុស្ស ចុះ​កូវីដ​១៩?

  • 2020-04-08 00:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​រៀងរាល់​ឆ្នាំ សត្វ​មូស​គឺ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ផ្សេងៗ​ទៅ​កាន់​មនុស្ស​រាប់​លាន​នាក់ ហើយ​បង្ក​ឲ្យ​មាន​​អ្នក​​ស្លាប់​​​មិន​តិច​ជាង​កន្លះ​លាន​នាក់​នោះ​ទេ។ មូស​អាច​ចម្លង​វីរុស​ជា​ច្រើន​ប្រភេទ​​ ហើយ​ធ្វើ​ឲ្យ​មនុស្ស​កើត​ជំងឺ​ធ្ងន់ធ្ងរ​​​ដូចជា គ្រុន​ឈាម គ្រុន​លឿង និង​ហ្ស៊ីកា ជា​ដើម។ ចុះ​ប្រភេទ​វីរុស​កូរ៉ូណា (កូវីដ១៩) អាច​ត្រូវ​​មូស​ចម្លង​ទៅ​កាន់​មនុស្ស​បាន​ដែរ​ឬ​ទេ?

បច្ចុប្បន្ន​មិន​ទាន់​មាន​​ការ​រក​ឃើញ​ណា​មួយ​នោះ​ទេ ដែល​​ស្ដែង​ថា មូស​អាច​ចម្លង​កូវីដ​១៩​បាន។ មួយ​វិញ​​​ទៀត បើ​ទោះ​ជា​វា​​ទៅ​ខាំ​ចំ​​អ្នក​ជំងឺ​កូវីដ​១៩ ក៏​មូស​មិន​ឆ្លង​ជំងឺ​នោះ​ដែរ ចុះ​ទម្រាំ​ទៅ​ចម្លង​ដល់​អ្នក​ដទៃ​ទៀត​​គឺ​មិន​អាច​ដាច់​ខាត។ បើ​តាម​អ្នក​ជំនាញ កូវីដ​១៩​សាយភាយ​តាមរយៈ​ដំណក់​ទឹក ដែល​​បញ្ចេញ​ដោយ​អ្នក​ជំងឺ​ ដូចជា ការ​កណ្ដាស់ និង​ក្អក ជា​ដើម។ វីរុស​នេះ​ទៀត​សោត​ក៏​មាន​នៅ​ក្នុង​គ្រាប់​ឈាម​អ្នក​ជំងឺ​ផង​ដែរ តែ​វា​មិន​ឆ្លង​តាម​រយៈ​មូស​ខាំ​​​​​​​​​​ទេ។

  • ហេតុ​អ្វី​មូស​អាច​ចម្លង​វីរុស​​​ខ្លះ តែ​មួយ​ចំនួន​ទៀត​មិន​អាច?

នៅ​ពេល​មូស​ខាំ និង​ជញ្ជក់​ឈាម ដែល​មាន​ផ្ទុក​​វីរុស នោះ​វីរុស​នឹង​ចូល​ទៅ​កាន់​ពោះវៀន​របស់​មូស​មុន​គេ។ បន្ទាប់​មក វីរុស​នឹង​ធ្វើ​ការ​វាយ​ប្រហារ​កោសិកា​ពោះវៀន មុន​បន្ត​ទៅ​កាន់​ផ្នែក​នៃ​រាងកាយ​ផ្សេង​ទៀត​ដូចជា ជើង ស្លាប និង​ក្បាល។ ជា​ចុង​ក្រោយ វីរុស​នឹង​ចម្លង​ទៅ​កាន់​ក្រពេញ​ទឹក​មាត់។ ដល់​ចំណុច​នេះ វា​នឹង​អាច​ចម្លង​វីរុស​ទៅ​កាន់​មនុស្ស​​បាន​តាម​រយៈ​ការ​ខាំ។

ដំណើរការ​​ចម្លង​វីរុស​នៅ​ក្នុង​រាងកាយ​សត្វ​មូស អាច​ចាយ​ពេល​វេលា​ខុស​ៗ​គ្នា​ចន្លោះ​ពី ២ ទៅ ៣​ថ្ងៃ ឬ​ច្រើន​ជាង ១​សប្ដាហ៍​ឯណោះ។ ហេតុ​ដូច្នេះ​ហើយ​ប្រភេទ​វីរុស​ខ្លះ​មិន​អាច​ចម្លង​ទៅ​កាន់​មនុស្ស​តាម​រយៈ​សត្វ​មូស​បាន​ឡើយ ព្រោះ​ដំណើរការ​ចម្លង​នៅ​ក្នុង​រាងកាយ​មូស​ត្រូវ​ការ​ពេល​យូរ​ពេក។ ត្រង់​ន័យ​នេះ​​គឺ​ថា​​មូស​អាច​ងាប់ មុន​នឹង​​ដំណើរការ​វាយ​ប្រហារ​នៃ​វីរុស​ចប់​សព្វ​គ្រប់។

ក្នុង​ករណី​​ផ្សេង​​ទៀត វីរុស​​ប្រភេទ​ខ្លះ​អាច​ងាប់​ភ្លាមៗ​ក្រោយ​ចូល​​ទៅដល់​ក្នុង​ពោះវៀន​សត្វ​​មូស។ បន្ថែម​ពី​​នេះ វីរុស​អាច​ទើរ​ជាប់​នៅ​ក្នុង​ដំណាក់កាល​ណា​មួយ​នៅ​ក្នុង​ដំណើរការ​វាយ​ប្រហារ​រាងកាយ​សត្វ​មូស។ ជា​ឧទាហរណ៍ វីរុស​មិន​ងាប់​ទេ នៅ​ពេល​វា​ចូល​ក្នុង​ពោះវៀន​មូស តែ​វា​មិន​អាច​​ចម្លង​ទៅ​កាន់​ផ្នែក​ផ្សេងៗ​​នោះ​ទេ៕

ប្រភព៖ MedicalXpress ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;