កម្ពុជា បន្ត​ហាមឃាត់​ការចូល​មករបស់​ជនបរទេស​ពីប្រទេស​ទាំង៦​នេះ​ដដែល

  • 2020-04-17 00:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រាប់​ឲ្យឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេសបន្តអនុវត្តវិធានការរឹតបន្តឹងការធ្វើដំណើរ និងការផ្អាកមិនឲ្យជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាម៉េរិក ចូលមកកម្ពុជា។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

នៅក្នុងលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជម្រាបជូនឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស បានឲ្យដឹងថា ក្រសួងសុខាភិបាលបានសម្រេចពន្យាសុពលភាព នៃវិធានការក្នុងផ្អាកមិនឲ្យជនបរទេសដែលមកពីបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាម៉េរិក ចូលមកព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច និងទិដ្ឋាការនៅពេលមកដល់ ក៏ដូចជាវិធានការសុខាភិបាលនានា រួមទាំងតម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវស្ថិតនៅជាធរមានជាបន្តទៅទៀត។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាល់វិធានការរឹតបន្តឹងការធ្វើដំណើរខាងលើ គឺមានលក្ខណៈជាបណ្តោះអាសន្ន នឹងត្រូវបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវីដ ១៩ មានការធូរស្រាល ក្រោយពីមានការវាយតម្លៃរួមគ្នារវាងក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ សោភា

អត្ថបទថ្មី
;