កម្ពុជា​បំភ្លឺទៅ UN រឿង «ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»

  • 2020-04-17 08:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យ​អង្គការសហប្រជាជាតិ បានធ្វើការបំភ្លឺទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នៅកម្ពុជា។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា បានបំភ្លឺទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដូចតទៅ៖

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
១. វាជាបញ្ហាធម្មតាទេ

នៅពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះការគម្រាមកំហែងដ៏គួរឱ្យភ័យខ្លាចនិងហានិភ័យដល់អាយុជីវិតមនុស្ស ដែលបង្កឡើងដោយជំងឺឆ្លងកូរ៉ូណា(កូវីដ១៩) ប្រទេសជាច្រើនត្រូវបានបង្ខំចិត្តក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអាយុជីវិតប្រជាជន និងសុខភាពសាធារណៈ ដោយមានការដាក់កម្រិតទៅលើសេរីភាពនៃការបម្លាស់ទី ការជួបជុំ និងឯកជនភាព។ យ៉ាងហោចណាស់ប្រទេសចំនួន ៧០ នៅទូទាំងពិភពលោក បានប្រកាសដាក់ប្រទេសឱ្យនៅក្នុងភាពអាសន្ន និងចាត់វិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃរីរុសនេះ។

២. កតិកាសញ្ញាអន្តរជាតិស្តីពី សិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយ និងសេចក្តីប្រកាសជាសកលស្តីពី សិទិ្ធមនុស្ស ចែងពីការកម្រិតបណ្តោះអាសន្ននូវសិទ្ធិនិងសេរីភាពខ្លះ នៅក្នុងស្ថានភាពអាសន្ន។ ប៉ុន្តែ ការរឹតត្បិតទាំងនោះ នឹង ត្រូវបានកំណត់ដោយច្បាប់ សម្រាប់ជាសារៈប្រយោជន៍សាធារណៈ និងផលប្រយោជន៍រួម។

៣. ប្រទេសកម្ពុជាបានប្រកាន់យកនូវគោលនយោបាយ និងវិធានការជាក់ស្តែង ក្នុងការបង្ការ និងទប់ស្កាត់ការផ្ទុះឡើងនូវការឆ្លងមេរោគដ៏កាចសាហាវនេះ។ ក្នុងចំណោមវិធានការផ្សេងទៀតដែលបានដាក់ចេញកន្លងមក គឺការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន» ដែលបច្ចុប្បន្នកំពុងត្រូវបានពិនិត្យដោយព្រឹទ្ធសភា។

៤. ខណៈពេលដែលមាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យមានការប្រកាសដាក់ប្រទេសឱ្យនៅ ក្នុងភាពអាសន្ន ប៉ុន្តែច្បាប់ស្តីពីការប្រកាសភាពអាសន្ននេះនៅពុំទាន់មាននៅឡើយ ហើយនេះជាហេតុផលដែលនាំឱ្យមានសេចក្តីព្រាងច្បាប់បច្ចុប្បន្ននេះ។

៥. ច្បាប់បែបនេះត្រូវបានអនុញ្ញាត ដោយលិខិតុបករណ៍ជាតិនិងអន្តរជាតិ ស្តីពីសិទិ្ធមនុស្ស ដូចជា រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា (មាត្រា២២ថ្មី មាត្រា៣១ មាត្រា៨៦ និងមាត្រា១០២ថ្មី) សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស(មាត្រា២៩) កតិកាសញ្ញាអន្តរជាតិស្តីពី សិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយ (មាត្រា ៤) ការបកស្រាយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រួមទាំងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។ល។

៦. ដូចច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នៅទូទាំងពិភពលោកដែរ សេចក្តីព្រាងច្បាប់នេះចែងអំពីនីតិវិធីនិងលក្ខខណ្ឌសម្រាប់ប្រកាសភាពអាសន្ន ការដាក់ចេញនូវវិធានការដោយរដ្ឋាភិបាល កាតព្វកិច្ចនៃការរាយការណ៍របស់រដ្ឋាភិបាល និងការដាក់ទណ្ឌកម្មចំពោះការរារាំងនិងការរំលោភលើវិធានការរបស់រដ្ឋាភិបាល។ ច្បាប់ត្រូវចែងពីការដាក់ទណ្ឌកម្មចំពោះការមិនគោរពតាម ដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្ត ។ បើប្រៀបធៀបទៅនឹងច្បាប់របស់ប្រទេសដទៃក្នុងតំបន់អាស៊ីនិងអឺរ៉ុប សេចក្តីព្រាងច្បាប់របស់កម្ពុជា គឺមានលក្ខណៈធូរស្រាលជាង ទាំងអំណាចនិងវិធានការដាក់ទោស នានា។

៧. នៅពេលអនុវត្តច្បាប់ គោលការណ៍គណនេយ្យភាព សមាមាត្រភាព និងភាពចាំបាច់ ត្រូវយកមកអនុវត្ត។ អំណាចដែលប្រគល់ជូនរដ្ឋាភិបាលសម្រាប់ការចាត់វិធានការ នៅពេលប្រទេសស្ថិតក្នងភាពអាសន្ន មិនមែនជាអំណាចគ្មានដែនកំណត់នោះទេ។ មាត្រា ៨៦ និងមាត្រា ១០២ថ្មី នៃរដ្ឋធម្មនុញ្ញ ចែងអំពីយន្តការត្រួតពិនិត្យដោយសភាទាំងពីរថ្នាក់របស់កម្ពុជា។ បន្ថែមពីលើនេះ មន្រ្តីអនុវត្តច្បាប់ ដែលអនុវត្តតាមអំពើចិត្ត និងបំពានច្បាប់ នឹងត្រូវផ្តន្ទាទោសដោយតុលាការ។

៨. ច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នឹងត្រូវយកមកអនុវត្តតែក្នុងស្ថានភាពចាំបាច់ដែលត្រូវការវិធានការបន្ថែម និងមានសេចក្តីត្រូវការចាំបាច់បំផុត សម្រាប់ការពារនិងថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីការពារអាយុជីវិតប្រជាជន សុខភាពសាធារណៈ ផលប្រយោជន៍ សាធារណៈ និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ។ ម្យ៉ាងវិញទៀត ការដាក់ប្រទេសក្នុងភាពអាសន្នត្រូវប្រកាសនៅក្នុងរយៈពេលកំណត់ជាក់លាក់ នៅទូទាំងប្រទេស ឬក្នុងវិសាលភាពភូមិសាស្ត្រ ជាក់លាក់ណាមួយ ដែលមានស្ថានភាពធ្ងន់ធ្ងរ និងមិនអាចគ្រប់គ្រងបាន។

៩. កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមមាត្រា៤នៃកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ប្រសិនបើមានការប្រកាស ដាក់ប្រទេសនៅក្នងភាពអាសន្ន ហើយច្បាប់ស្តីពី » ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន» ត្រូវបានយកមកអនុវត្ត ដើម្បីផលប្រយោជន៍សាធារណៈ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវបានឆ្លងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ កន្លងទៅ។ សេចក្តីព្រាងច្បាប់នេះ រួមមាន ៥ជំពូក និង ១២មាត្រា ត្រូវរដ្ឋសភាជាតិបានប្រជុំពេញអង្គរដ្ឋសភាលើកទី៤នីតិកាលទី៦ កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០២០ អនុម័តលើសេចក្តីព្រាងច្បាប់ នេះដែលមានសម្លេងគាំទ្រ ១១៥/១១៥ សម្លេង តាមការស្នើសុំពីប្រមុខរាជរដ្ឋាភិបាល។ ហើយ ត្រូវបានព្រឹទ្ធសភាអនុម័តកាលពីព្រឹក​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ដោយសម្លេងគាំទ្រ ៥៤លើ៥៤សម្លេង៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ សោភា

អត្ថបទថ្មី
;