ផ្លូវអាស៊ាន​ហាយវេលេខ១ ពី​ព្រែកក្តាម ទៅ​ប៉ោយប៉ែត សម្រេច​បាន​ប៉ុន្មាន​ភាគរយ​ហើយ?

  • 2020-04-29 02:42:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា គិតត្រឹម​ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២០ គម្រោង​ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវ​អាស៊ាន​ហាយវេលេខ១) ភាគ​ខាងជើង​សម្រេច​បាន ៨០,០២%, ភាគកណ្ដាល​សម្រេច​បាន ១៤,៩០% និង​ភាគខាងត្បូង​សម្រេច​បាន ២៣,៩០%។

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ៥ មាន​ប្រវែង​សរុប​ចំនួន ៣៦៦ គីឡូម៉ែត្រ ស្ថិត​ក្នុងខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ជាគម្រោង​ក្រោម​កម្ចីឥណទាន​សម្បទាន​ពីរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុនប្រចាំ​កម្ពុជា។ ការងារ​ស្ថាបនាត្រូវបាន​បែងចែក ជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកកណ្តាល និងផ្នែកខាងត្បូង ដោយមានការ​ពង្រីក​កំណាត់ផ្លូវជាតិ​មានស្រាប់​ពី២គន្លង​ទៅ៤គន្លង ទទឹង​២៣ម៉ែត្រ ជាប្រភេទផ្លូវ​បេតុងកៅស៊ូ (AC) និងមាន​សួនច្បារ​ចំកណ្តាល។

១. ភាគខាងជើង (ពីក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ) កំណាត់​ផ្លូវ​មាន​ប្រវែង​សរុប ៨៤,៧៤គ.ម។ ក្នុងនោះ ផ្លូវមេមាន​ប្រវែង ៥១,៤៨​គ.ម និង​ផ្លូវវាងក្រុងបាត់ដំបង មាន​ប្រវែង ២៣,៩២គ.ម និង​ផ្លូវវាង​ក្រុង​សិរីសោភ័ណ​ មាន​ប្រវែង ៩,៣៤គ.ម។

២. ភាគខាងត្បូង (ពីស្ពាន​ព្រែកក្តាម-ធ្លាម្អម ខេត្ត​ពោធិ៍សាត់) កំណាត់​ផ្លូវមាន​ប្រវែងសរុប ១៣៥,២៤ គ.ម។ ក្នុងនោះ ផ្លូវមេ​មាន​ប្រវែង ១១៧,៩៧គ.ម និង​ផ្លូវវាង ២ខ្សែគឺ ផ្លូវ​វាង​ក្រុងឧត្តុង្គ មាន​ប្រវែង ៥,២គ.ម និង​ផ្លូវវាង​ក្រុងកំពង់ឆ្នាំង មានប្រវែង ១២,០៧គ.ម។

៣. ភាគ​កណ្តាល (ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និង​ពីក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត) កំណាត់​ផ្លូវមាន​ប្រវែង​សរុប ១៤៦,០៤ គ.ម ក្នុងនោះ ពី​ធ្លាម្អម ខេត្ត​ពោធិ៍សាត់ ទៅក្រុងបាត់ដំបង មាន​ប្រវែង ៩៩,២១គ.ម ជាផ្លូវ៤គន្លង, ផ្លូវវាង​ក្រុង​ពោធិ៍សាត់ ១១,៦៩គ.ម និង​កំណាត់​ផ្លូវពី​ក្រុងសិរីសោភ័ណ ទៅក្រុង​ប៉ោយប៉ែត មាន​ប្រវែង ៣៥,១៤គ.ម៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទថ្មី
;