នាយករដ្ឋមន្រ្តីរុស្ស៊ី ផ្ទុកជំងឺកូវីដ១៩ ហើយស្នើសុំឱ្យលោកពូទីន តែងតាំង​នាយករដ្ឋមន្រ្តីស្តីទី

  • 2020-05-01 01:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តី​រុស្ស៊ី លោក Mikhail Mishustin បាន​ប្រកាស​នៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០នេះថា លោក​មានវិជ្ជមានកូវីដ១៩ ហើយ​លោកនឹង​នៅដាច់ដោយឡែកពីគេ។ ជាមួយគ្នានេះ លោក​ក៏ស្នើសុំ​ឱ្យ​ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន តាមរយៈវីដេអូខល តែងតាំង​នាយករដ្ឋមន្រ្តីស្តីទីផងដែរ។

លោក Mishustin ដែល​ជាអ្នកដឹកនាំ​គ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅរុស្ស៊ី បាន​ប្រាប់​លោកពូទីនយ៉ាងដូច្នេះថា៖ «ខ្ញុំបាន​ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។ ខ្ញុំនឹង​នៅដាច់ដោយឡែក និង​ធ្វើតាមការណែនាំ​របស់​គ្រូពេទ្យ។ នេះ​គឺចាំបាច់ណាស់​ ដើម្បី​ការពារ​សហសេវិក​របស់ខ្ញុំ»។

សូម​បញ្ជាក់​ថា លោក ពូទីន បាន​សម្រេចតែងតាំង​ឧបនាយករដ្ឋមន្រ្តីទីមួយ គឺលោក Andrei Belousov ជានាយករដ្ឋមន្រ្តីស្តីទី។

គិតមកត្រឹមព្រឹកថ្ងៃទី១ឧសភានេះ រុស្ស៊ី បានរកឃើញ​ករណីឆ្លងកូវីដ១៩ ដល់ចំនួន ១០៦ ៤៩៨នាក់ ក្នុងនោះស្លាប់ ១០៧៣នាក់ និង​អ្នកជាសះស្បើយ ១១ ៦១៩នាក់៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;