សត្វទោចមកុដ និងសត្វភេ ដែលបានដោះលែងនៅព្រៃឧទ្យានអង្គរកើតបានកូន ៣បន្ថែមទៀត

  • 2020-05-04 03:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​អាជ្ញាធរជាតិអប្សរា នៅ​ថ្ងៃ​ទី ២ ឧសភា បាន​បង្ហាញ​ថា​ចាប់​តាំងពីឆ្នាំ២០១៣មក គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យក្នុងការដោះលែងសត្វចូលក្នុងព្រៃធម្មជាតិ​នៃឧទ្យានអង្គរបានជាច្រើនប្រភេទដូចជា សត្វទោចមកុដចំនួន ១០ក្បាល សត្វឈ្លូសចំនួន ៤ក្បាល សត្វស្វាព្រាមចំនួន ១២ក្បាល សត្វសំពោចក្រអូបចំនួន ៥ក្បាល សត្វភេខ្លួនរលោងចំនួន ៥ក្បាល ដែលមកដល់ពេលនេះសត្វទាំងអស់នោះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

ដោយឡែកសត្វទោចមកុដចំនួន ៣គ្រួសារ ដែលក្នុងនោះនៅក្បែរប្រាសាទតានៃមានចំនួន ៥ក្បាល ទើបតែកើតបានកូនមួយបន្ថែម ដែលមានអាយុប្រហែល ៤សប្តាហ៍ហើយ។ ក្រៅពីនោះ សត្វទោចមកុដផ្សេងទៀតដែលបានដោះលែងនាពេលកន្លងមក គឺនៅខ្លោងទ្វារខ្មោចមានចំនួន ៤ក្បាល និងនៅខ្លោងទ្វារតាកាវមានចំនួន ២ក្បាល កំពុងផ្សាំក្នុងទ្រុង ហើយគ្រោងនឹងដោះលែងនៅរដូវវស្សាខាងមុខនេះ។ សរុបនៅឧទ្យានអង្គរ សត្វទោចមកុដទាំងអស់មានចំនួន ១១ក្បាល។ ក្នុងពេលឆាប់ៗខាងមុខនេះក្រុមការងារគ្រោងនឹងយក ២ក្បាលបន្ថែមទៀតដាក់នៅក្បែរបឹងសន្ធមារ(ខាងជើងឈៀងខាងលិចក្នុងបរិវេណតំបន់អង្គរធំ) ក្រោយពីសង់ទ្រុងដែកសម្រាប់ផ្សាំរួចរាល់។

ចំពោះសត្វភេខ្លួនរលោង ដែលគម្រោងបានដោះលែងចំនួន ៥ក្បាលកន្លងមក ពេលនេះកើតបានកូនចំនួន ២បន្ថែម ដែលកូនភេទាំង២នោះមានអាយុប្រហែល៣ខែហើយ។ ដើម្បីឲ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់អង្គរ ត្រូវចូលរួមថែរក្សាសត្វទាំងនោះទាំង​អស់​គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;