លោក ស៊ុន ចាន់ថុល នឹង​ផ្ញើលិខិតព្រមាន​ក្រុមហ៊ុនសង់ផ្លូវជាតិលេខ២

  • 2020-05-04 06:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ថា លោក​នឹងផ្ញើលិខិតព្រមាន​មួយ​ទៅក្រុមហ៊ុនដែល​ទទួលខុសត្រូវសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ខណៈ​ដែល​មានការយឺតយ៉ាវ​ក្នុងការ​សាងសង់​ដោយគ្រឿងចក្រ​មិនទាន់មិនដល់ និងការសាងសង់​ខុសលក្ខណៈបច្ចេកទេស។ លោកបាន​ឱ្យដឹងដូច្នេះ​ទៅកាន់​អ្នកកាសែត ក្នុងពេល​ចុះត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ១១ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០២០។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោក​ទេសរដ្ឋមន្រ្តី​បាន​គូសបញ្ជាក់​ថា កាលពី២សប្តាហ៍មុន លោកបាន​ចុះត្រួតពិនិត្យ​ការសាងសង់ផ្លូវនេះ ដោយមិនឱ្យដំណឹងជាមុន។ «**ផ្លូវលេខ២ ពីភ្នំពេញ ទៅតាកែវ និង​ផ្លូវវាងលេខ២២ អត់ប្រាប់អ្នកណាទាំងអស់ ហើយ​ជាក់ស្តែងឃើញមែន ពីភ្នំពេញ ទៅតាកែវ គ្រឿងចក្រ ២គ្រាប់ គ្មានអ្នកណាធ្វើការទាំងអស់**»។

សូមជម្រាប​ថា គម្រោង​ធ្វើឱ្យប្រសើរឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ការសាងសង់ផ្លូវនេះ គ្រោងចំណាយថវិកា ៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;