រឿងរ៉ាវ​សោកសៅ​ពី​ក្រោយ​ការ​ពង្រាយ​ឆ្អឹង ប៉ាវចិន ពាសពេញ​ផ្ទៃ​ប្រទេស!

  • 2020-05-13 01:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ាវចិន (Bao Zheng) គឺ​ជា​បុគ្គល​ដ៏​ល្បី​មួយ​រូប​នៅ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ចិន ហើយ​មក​ទល់​នឹង​បច្ចុប្បន្ន​ក៏​មាន​ការ​យក​រឿង​រ៉ាវ​ខ្លះៗ​របស់​លោក​មក​ថត​ជា​ខ្សែ​ភាពយន្ត​ជា​ហូរហែ​ផង​ដែរ។ ការ​ស្លាប់​របស់​ ប៉ាវចិន ពុំ​​មាន​មូលហេតុ​ច្បាស់លាស់​ឡើយ ហើយ​​បំណែក​ឆ្អឹង​របស់​មន្ត្រី​ជំនាន់​រាជ្ជកាល​សុង​រូប​នេះ ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ដាក់​ពង្រាយ​ពាស​ពេញ​ផ្ទៃ​ប្រទេស​ផង​ដែរ។

រូប​តួ​សម្ដែង​នៅ​ក្នុង​ខ្សែ​ភាពយន្ត
ទទួល​មរណភាព​នៅ​អាយុ​៦៤​ឆ្នាំ កាល​ពី​ខែ​កក្កដា ឆ្នាំ​១០៦២ លោក​ម្ចាស់ ប៉ាវ ត្រូវ​​គ្រួសារ​យក​ទៅ​បញ្ចុះ​នៅ​ឯ​​ស្រុក Daxingji។ ពាក្យ​ចចាមអារ៉ាម​តៗ​គ្នា បាន​និយាយ​ថា លោក​ត្រូវ​គេ​បំពុល​ឲ្យ​ស្លាប់ ព្រោះ​តែ​​លោក​ជា​មន្ត្រី​កាត់​ក្ដី​​​ស្មោះត្រង់ ដែល​​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​រាជ្ជកាល ហើយ​​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត។ សព្វថ្ងៃ មាន​ការ​រក​ឃើញ​​​បំណែក​ឆ្អឹង​ចំនួន​តែ​ ៣៤​ ប៉ុណ្ណោះ​របស់​ ប៉ាវចិន។ បំណែក​ឆ្អឺង​ទាំង​នោះ ត្រូវ​បាន​​រក្សា​ទុក​នៅ​ឈាបនដ្ឋាន​សាងសង់​ថ្មី នៅ​ក្នុង​ស្រុក Hefei ខេត្ត Anhui។ ចំណែក​ទីកន្លែង​ដែល​បញ្ចុះ​​បំណែក​ឆ្អឹង​​​សេសសល់​ត្រូវ​ក្រុម​គ្រួសារ​លោក​​រក្សា​ទុក​ជា​ការ​សម្ងាត់​ពី​​សាធារណៈ។
បំណែក​ឆ្អឹង​ទាំង​៣៤​របស់ ប៉ាវចិន

កាល​ពី​មុន ជំនាន់​ក្រោយ​របស់​ ប៉ាវចិន បាន​បញ្ចុះ​បំណែក​ឆ្អឺង​លោក​នៅ​ក្នុង​ទីតាំង​ចំនួន ២១​កន្លែង​ផ្សេងៗ​គ្នា​នៅ​ពាសពេញ​ប្រទេស ក្រោម​ហេតុផល​មិន​ចង់​ឲ្យ​សត្រូវ​ជីក​កកាយ​ឃើញ។ តែ​ជា​រឿង​អកុសល ដោយ​មាន​ការ​បំពាន​ពី​ពួក​ម៉ាន់ជូរ (Manchuria) នៅ​អំឡុង​ដើម​សតវត្ស​ ១១០០ ផ្នូរ​មួយ​ចំនួន​ត្រូវ​គេ​រើរុះ ដើម្បី​លួច​យក​វត្ថុ​មាន​តម្លៃ។ គ្រួសារ​លោក​ម្ចាស់ ប៉ាវ ក៏​បាន​សម្រេច​​រើ​ផ្នូរ​ទៅ​ចម្ងាយ ១០​ម៉ែត្រ​ពី​ទីតាំង​បញ្ចុះ​ដំបូង ដើម្បី​បញ្ចៀស​នូវ​រឿង​ហេតុ​អាក្រក់​ដែល​ធ្លាប់​កើត​មាន។ ប៉ុន្តែ​ក្រុម​ចោរ​លួច​ផ្នូរ នៅ​តែ​អាច​ដឹង​ពី​កន្លែង​ទាំង​នោះ ហើយ​ក៏​បាន​បំផ្លិចបំផ្លាញ​ដដែល។

លុះ​ដល់​សម័យ​បដិវត្ត​វប្បធម៌​នៅ​ប្រទេស​ចិន (ឆ្នាំ​១៩៦៦ - ១៩៧៦) រដ្ឋាភិបាល​បាន​ជីក​គាស់​ផ្នូរ​ជា​ច្រើន​កន្លែង ដើម្បី​យក​ដី​ទៅ​សាងសង់​រោងចក្រ​ផលិត​ដែក​ថែប។ ក្នុង​នោះ​ផ្នូរ​របស់​ ប៉ាវចិន ក៏​ត្រូវ​​គេ​ជីក​​ចំ​ផង​ដែរ ហើយ​បំណែក​ឆ្អឹង​ដែល​រក​ឃើញ​ចំនួន ១១​ក្ដារមឈូស​នៅ​​ស្រុក Hefei (ក្នុង​នោះ​មាន​ទាំង​ឆ្អឹង​​អ្នក​ស្រី Dong ប្រពន្ធ​របស់​ ប៉ាវចិន) ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់ Dabaocun ដែល​ជា​​ទីកន្លែង​កំណើត​របស់ ប៉ាវចិន។ កាល​នោះ មន្ត្រី​មូលដ្ឋាន​មិន​អនុញ្ញាត​ឲ្យ​បំណែក​ឆ្អឹង​ទាំង​នោះ​បញ្ចុះ​នៅ​​ក្រោម​ដី​ឡើយ។

នៅ​អំឡុង​ពេល​មានបំណង​ចង់​សាងសង់​ឈាបនដ្ឋាន​ថ្មី​ម្ដង​ទៀត នា​​ទសវត្ស​ទី ៨០ មាន​ការ​ប្រទះ​ឃើញ​ថា បំណែក​ឆ្អឹង​ដែល​នៅ​ក្នុង​ក្ដារមឈូស​ទាំង​១១​នោះ​បាន​បាត់​ទៅ​ហើយ នៅ​សល់​ត្រឹម​ភក់​ដី​ប៉ុណ្ណោះ។ មាន​ការ​លើក​ឡើង​ជា​ច្រើន​សង្ស័យ​ថា កូន​ចៅ​ជំនាន់​ក្រោយ ប៉ាវចិន បាន​យក​បំណែក​ឆ្អឹង​ទាំង​នោះ​ទៅ​បញ្ចុះ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​​ដោយ​សម្ងាត់។ មក​ទល់​នឹង​សម័យ​នេះ នៅ​មិន​ទាន់​ដឹង​ទីតាំង​ពិត​ប្រាកដ​នោះ​ទេ៕

អាន​បន្ថែម៖

ប្រភព៖ jaynestars ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;