រដ្ឋ​លេខាធិការ៖ ការរឹតបន្តឹងច្បាប់ និង​បង្កើន​ប្រាក់​ផាក​ពិន័យ មិនមែន​រកប្រាក់​ចំណេញ​ទេ

  • 2020-05-13 03:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួង​សាធារណការ និង​ដឹកជញ្ជូន និងជា​អគ្គលេខាធិការ​នៃគណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែង​ក្នុងសន្និសីទ​កាសែត​កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២០​ថា ការរឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និងការ​បង្កើន​ប្រាក់​ផាកពិន័យ នេះគឺ​មិនមែន​មានបំណង​រកប្រាក់​ចំណេញ​ទេ ប៉ុន្ដែ​ចង់​ឃើញ​អ្នកប្រើប្រាស់​ផ្លូវទាំងឡាយ​ទទួលបាន សុខ​សុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថា​គ្រោះមហន្តរាយ​ទាំងនេះ​បានបន្សល់ទុក ពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ។

ជាមួយគ្នានោះផងដែរ លោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងនៅទូទាំងប្រទេសទាំងផ្លូវលំ និងផ្លូវជាតិ ដោយហេតុថា គ្រោះថ្នាក់ចរាចរណ៍មិនដែលប្រកាន់ថា កើតមានតែនៅតាមផ្លូវជាតិ ឬផ្លូវកៅស៊ូនោះទេ។ យ៉ាងណាមិញ ក្រោមដំបូលសុខសន្តិភាព ផ្លូវថ្នល់ខ្វាត់ ខ្វែង ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរច្រើនបែបច្រើនយ៉ាង រាជរដ្ឋាភិបាលមានភារកិច្ចថែរក្សាសុខ សុវត្ថិភាពរបស់ពួកគាត់ដោយមិនប្រកាន់ទីកន្លែង និងពេលវេលាឡើយ។

លោកស្រី​បានគូសបញ្ជាក់ថា ឆ្នាំ២០២០នេះ គឺជាឆ្នាំដែលត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក ហើយមុននឹង​ប្រតិបត្តិការ​រឹតបន្តឹងច្បាប់ចរាចរណ៍នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួង និងអាជ្ញាធរ​មានសមត្ថកិច្ច​បានជូនដំណឹងដល់សាធារណជនតាំងពីដើមឆ្នាំមកម្ល៉េះ ដើម្បីឱ្យបងប្អូនប្រជា ពលរដ្ឋបានត្រៀមឯកសារផ្លូវច្បាប់បានគ្រប់គ្រាន់មុនពេលសមត្ថកិច្ចចុះធ្វើប្រតិបត្តិការ និងអាចចៀសផុត ពីការពិន័យនានា។

ឆ្លើយតបនឹងការចោទសួរអំពីការរឹតបន្តឹងច្បាប់ ពោលគឺយុទ្ធសាស្ត្រកៀងគោបញ្ចូលក្រោល លោកស្រី​រដ្ឋលេខាធិការបានបកស្រាយថា ឆៀករថយន្តគឺជាកាតព្វកិច្ចផ្លូវច្បាប់របស់ម្ចាស់យានយន្ត ហើយការ ឆៀកនេះទៀតសោត ត្រូវតែធ្វើឡើងតាមកាលកំណត់របស់រថយន្តនីមួយៗ មិនមែនដល់ពេលរឹតបន្តឹងទើប យករថយន្តទៅឆៀកនោះទេ។ ការមិនយករថយន្តទៅឆៀក មិនត្រឹមតែគ្រោះថ្នាក់ចំពោះខ្លួនឯងនោះទេ ប៉ុន្តែវាបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃផងដែរ។

ចំណែកឯការធ្វើបណ្ណបើកបរគឺជាកាតព្វកិច្ចរបស់អ្នកបើកបរ ព្រោះបណ្ណបើកបរជាភស្តុតាងបញ្ជាក់ពី សមត្ថភាពរបស់អ្នកបើកបរតាមប្រភេទយានយន្តនីមួយៗដែលកំណត់ដោយច្បាប់ មិនមែនជាការកៀងគោបញ្ចូលក្រោលតាមការចោទប្រកាន់នោះទេ ប៉ុន្តែដើម្បីសុវត្ថិភាពរួម។

ជាមួយ​គ្នានោះ​ផងដែរ លោក ហ៊ឹម យ៉ាន បានឱ្យដឹងថា លទ្ធផលនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវ គោករយៈពេល ១១ថ្ងៃ បានរកឃើញថា៖ មានបទល្មើសសរុបចំនួន ១៩ ០០៤ករណី ក្នុងនោះម៉ូតូមាន ចំនួន៧៥% និង​រថយន្ត​មាន​ចំនួន២៥%។ ម៉្យាងវិញទៀត បើប្រៀបធៀប​នឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ ២០១៩ មានការ​ថយចុះ​ចំនួន​៥៤% ស្មើនឹង​១២លើក អ្នកស្លាប់​ថយចុះ ១៦នាក់ ស្មើនឹង​៩០% និង​អ្នករបួស​ថយចុះ ៥៩​នាក់ ស្មើនឹង ៥៣%៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;