ដឹងអត់ថា កម្ពុជា កំពុង​សម្រុក​សាងសង់​ផ្លូវ ៤គន្លង​ចេញពី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត​ទាំងនេះ

  • 2020-05-19 07:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងរយៈពេល​មួយឆ្នាំ ឬពីរឆ្នាំ​មកនេះ កម្ពុជា​កំពុង​សម្រុក​សាងសង់​ពង្រីកផ្លូវជាតិ​សំខាន់ៗ​ក្នុងនោះ ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៥ និងផ្លូវល្បឿនលឿន ដែលមាន​ផ្លូវដល់ ៤គន្លង។

  • ផ្លូវជាតិលេខ៣

គិត​ត្រឹមខែមេសា ឆ្នាំ​២០២០  ការ​សាងសង់ពង្រីក​ផ្លូវជាតិ​លេខ៣ បាន​សម្រេច ៦៧ភាគរយ​ហើយ ដោយ​តាមផែនការ​គ្រោងទុក នឹងបញ្ចប់​នៅក្នុងឆ្នាំ​២០២២។ ការ​ពង្រីក​ផ្លូវនេះ​គឺ​ត្រូវបាន​បែងចែក​ជា ២កំណាត់ គឺពី​ចោមចៅ-បែកគូស និង​បែកគូស-ក្រុង​កំពត។ ផ្លូវពី​ចោមចៅ ទៅ​បែកគូស ​ក្នុង​ខេត្តតាកែវ ប្រវែង​ ៦៤,៩០គីឡូម៉ែត្រ នឹងត្រូវ​ពង្រីក ២គន្លង​ទៅ ៤គន្លង (២ទៅ ២មក) និង​មាន​សួន​កណ្តាល។ ចំណែក​កំណាត់​ផ្លូវពី​បែកគូស ទៅក្រុង​កំពត ប្រវែង​ជាង ៦៤គីឡូម៉ែត្រ​ នឹង​ត្រូវ​ពង្រីក​តួផ្លូវ​ដល់ ១២​ម៉ែត្រ ដោយមាន ២គន្លង​ផ្លូវ​ដដែល (១ទៅ ១មក)។

  • ផ្លូវជាតិលេខ៥

គិតត្រឹមខែមេសា ឆ្នាំ​២០២០ គម្រោង​ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវ​អាស៊ាន​ហាយវេលេខ១) ភាគ​ខាងជើង (បាត់ដំបង-សិរីសោភ័ណ) ​សម្រេច​បាន ៨០,០២%, ភាគកណ្ដាល (ធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ-ប៉ោយប៉ែត) ​សម្រេច​បាន ១៤,៩០% និង​ភាគខាងត្បូង​ (ពីស្ពានព្រែកក្តាម-ធ្លាម្អម) សម្រេច​បាន ២៣,៩០%។ ផ្លូវនេះ ត្រូវបានពង្រីកជា៤គន្លង ប្រវែងសរុប ៣៦៦គីឡូម៉ែត្រ។

  • ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

គិតត្រឹមខែមេសា ឆ្នាំ​២០២០ គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway ) ភ្នំពេញ-ព្រះសីហនុ ប្រវែងជាង ១៩០ គីឡូម៉ែត្រ សម្រេច​បាន ២០,៦៥% ហើយ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ​២០២២។ ផ្លូវនេះ​មាន​ទទឹង​តួ​សរុប ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ចែក​ជា ៤​គន្លង (២គន្លងទៅ ២គន្លង​មក) ហើយ​គន្លងនីមួយៗ​មានទទឹង ៣,៧៥​ម៉ែត្រ ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូត​ដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុង​មួយម៉ោង។ ផ្លូវនេះ​តភ្ជាប់​ពី​ភូមិទី១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ​ទី១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ពោលគឺ​ឆ្លងកាត់​រាជធានី​ភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្ត​កណ្តាល (ប្រវែង ៩,១០គ.ម) ខេត្ត​កំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្ត​កោះកុង (ប្រវែង ១,៩២គ.ម) និង​ខេត្ត​ព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)៕

អត្ថបទថ្មី
;