រាល់​អ្នកដំណើរ​ទាំងអស់ ពេលមក​កម្ពុជា ​មិនព្រមនៅដាច់ដោយឡែក នឹង​ត្រូវប្រឈមុខនឹងច្បាប់

  • 2020-05-26 07:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង បានថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) នៅព្រឹក​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ តាមបណ្តាញតេឡេក្រាម​ថា រាល់អ្នកដំ​ណើរទាំងអស់ រួមទាំងជនជាតិកម្ពុជា ដែលមកដល់​ព្រះរាជាណាចក្រកម្ពុជា ត្រូវតែ​អនុវត្តការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដោយខ្លួនឯង នៅកន្លែង​ស្នាក់នៅ ឬគេហដ្ឋាន ដោយមាន​ការឃ្លាំមើល​ជាប្រចាំ​ពីអាជ្ញាធរ​មាន​សមត្ថកិច្ច។ ក្នុងករណីមាន​ការល្មើស​នឹងវិធានការនេះ អ្នកដំណើរទាំងនោះ​នឹងប្រឈមមុខ​នឹងផ្លូវច្បាប់ ដូចជា​រងការផាកពិន័យ ឬអាច​ឈានទៅដល់​បទល្មើសព្រហ្មទណ្ឌ​ផងដែរ។

លោក​បានគូស​បញ្ជាក់​ដូច្នេះ​ថា៖ «យើងបានយកវត្ថុវិភាគសំណាកទាំងអស់ របស់អ្នកដំណើរដែលបានចូលមកកម្ពុជា ដើម្បីយកទៅធ្វើតេស្តពិសោធន៍ នៅវិទ្យាស្ថានជាតិប៉ាស្ទ័រ ហើយអ្នកដំណើរទាំងនោះត្រូវរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ ដោយតម្រូវឱ្យស្នាក់នៅកន្លែងដែលក្រសួងសុខាភិបាលបានរៀបចំឱ្យ ចំនួន២៤ម៉ោងជាមុនសិន។ ក្នុងករណីដែលការធ្វើវិភាគពុំមានរកឃើញករណីវិជ្ជមានណាមួយលើអ្នកដំណើរទាំងអស់នោះទេ យើងនឹងអនុញ្ញាតឱ្យពួកគាត់ទៅទីតាំង ឬគេហដ្ឋាន ដែលពួកគាត់ស្នាក់នៅ ប៉ុន្តែតម្រូវឱ្យមានការធ្វើចត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃបន្ថែមទៀត ហើយបើក្នុងអំឡុងពេលចត្តាឡីស័កខ្លួនឯង១៤ថ្ងៃនេះ មានករណីល្មើសណាមួយនោះ គឺពួកគាត់នឹងរងការពិន័យ ឬអាចឈានទៅដល់បទល្មើសព្រហ្មទណ្ឌផងដែរ បើសិនជាករណីធ្ងន់ធ្ងរ»។

លោក​វេជ្ជបណ្ឌិត​បន្តថា ក្នុងករណីដែលអ្នកដំណើរទាំងនោះ ត្រូវបានរកឃើញថាមាន អ្នកណាម្នាក់មានវីរុសកូវីដ១៩ ក្នុងរយៈពេលនៃការរងចាំនោះ គឺតម្រូវឱ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ សម្រាប់អ្នកដំណើរនៅក្នុងយន្តហោះនោះទាំងអស់តែម្តង ដោយពួកគាត់មិនអាចត្រលប់ទៅកន្លែងស្នាក់នៅ ឬគេហដ្ឋាន បានជាដាច់ខាត ហើយតម្រូវឱ្យពួកគាត់ស្នាក់នៅមជ្ឍមណ្ឌល ដែលកំណត់ដោយអាជ្ញាធររាជធានីភ្នំពេញ ដោយតម្រូវឱ្យអ្នកដំណើរទាំងនោះ ចេញថវិកាដើម្បីបង់ថ្លៃស្នាក់នៅក្នុងពេលដាក់ខ្លួនឱ្យដាច់ដោយឡែកចំនួន១៤ថ្ងៃនេះ។

ករណីអ្នកជំងឺកូវីដ១៩ ទាំង០២នាក់ដែលត្រូវបានរកឃើញវិជ្ជមានប៉ុន្មានថ្ងៃមកនេះ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ គឺស្ថានភាពសុខភាពរបស់អ្នកជំងឺល្អប្រសើរនោះទេ ដោយពួកគាត់ពុំមានបញ្ហាសុខភាពផ្លូវចិត្ត ឬរោគសញ្ញាណាមួយគួរឱ្យបារម្ភនោះដែរ ព្រោះស្ថិតក្រោមការយកចិត្តទុកព្យាបាលដាក់ពីក្រុមគ្រូពេទ្យជំនាញៗរបស់កម្ពុជានៅថ្នាក់ជាតិ។ នេះបើតាមការអះអាងបន្ថែមរបស់​លោកវេជ្ជបណ្ឌិត លី សូវ៉ាន់៕

ប្រភព៖ AKP

អត្ថបទថ្មី
;