កម្ពុជា-ទីម័រ ឯកភាពគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍

  • 2020-06-04 04:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ​ជាមួយលោក Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា និងបានបង្ហាញលោក គោលបំណងស្របគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើ​វិស័យ​ទេសចរណ៍ ក្នុងនោះភាគីកម្ពុជាក៏បានជំរុញឱ្យភាគីទីម័រឡេស្តេពន្លឿនការចុះ​ហត្ថលេខាលើអនុ​ស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ ខណៈអនុស្សរណៈនេះត្រូវបានផ្ដួចផ្ដើមជាយូរមកហើយ តែមិនទាន់បានចុះហត្ថលេខា។ ជំនួបនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នៅទីស្ដីការក្រសួងទេសចរណ៍។

លោកឯកអគ្គរដ្ឋទូត Kupa បានបញ្ជាក់ថា ប្រជាជនទីម័រច្រើនណាស់ដែលមានគម្រោងមក​លេង​ផ្ទះមិត្ត​កម្ពុជា ព្រោះកម្ពុជាបានគាំទ្រប្រទេសពួកគេឱ្យទទួលបានឯករាជ្យ និងតែងតែគាំទ្រឱ្យទីម័រឡេស្តេចូលជាសមាជិកទី១១របស់អាស៊ាន ប៉ុន្តែដោយសារកើតវិបត្តិកូវីដនេះមក ពួកគេក៏រំសាយគម្រោងសិនទៅ។ នៅពេលចប់វិបត្តិកូវីដទូទាំងពិភពលោកហើយ ប្រហែលនឹងមានប្រជាជនទីម័រមកទស្សនាកម្ពុជាច្រើន។ ដូច្នេះហើយបានជាស្ថានទូតទីម័រឡេស្តេចង់ឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយមិត្តកម្ពុជាឱ្យកាន់តែទូលំទូលាយ។

លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការស្វាគមន៍ចំពោះសំណើរបស់លោកឯកអគ្គរដ្ឋទូត Kupa ពីព្រោះប្រការនេះក៏ស្របទៅនឹងគំនិតរបស់ឯកឧត្ដមដែរ ដែលតែងតែចង់ពង្រីកកិច្ចសហ​ប្រតិ​បត្តិ​ការជាមួយប្រទេសដទៃឱ្យបានកាន់តែច្រើន និងកាន់តែរឹងមាំ តួយ៉ាងកម្ពុជា-ទីម័រឡេស្ដេ មុននិងក្រោយក៏គង់តែក្លាយជាបងប្អូនរួមតំបន់តែមួយ។

ចំពោះបំណងប្រាថ្នារបស់ប្រជាជនមិត្តទីម័រដែលចង់មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ក៏លោករដ្ឋមន្ត្រី ថោង ខុន បង្ហាញការស្វាគមន៍យ៉ាងពេញចិត្ត ខណៈកម្ពុជាបាននិងកំពុងខិតខំរៀបចំឱ្យកាន់​តែល្អប្រសើរ ដើម្បីត្រៀមខ្លួនទទួលការវិលត្រលប់របស់ភ្ញៀវទេសចរអន្តរជាតិ នៅពេលក្រោយ​ចប់​វិប​ត្តិកូវីដនៅទូទាំងពិភពលោក ដល់ពេលនោះកម្ពុជានឹងរង់ចាំស្វាគមន៍មិត្តទីម័រប្រកបដោយភាពកក់ក្ដៅ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើរដ្ឋាភិបាលទីម័រឡេស្តេ តាមរយៈលោកឯកអគ្គរដ្ឋទូត Kupa សូមឱ្យភាគីទីម័រឡេស្តេពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ទីម័រឡេស្តេ ដែលបានផ្ដួចផ្ដើមធ្វើជាច្រើនយូរមកហើយ សំដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។ សំណើនេះត្រូវបានលោក Kupa ទទួលយកភ្លាមៗ ដើម្បីរាយការណ៍ជូនរដ្ឋាភិបាលរបស់ខ្លួនបន្ត។

លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានបញ្ជាក់ថា អនុ​ស្ស​រណៈនេះមានផ្ដោតលើការអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្ដល់បទពិសោធន៍ឱ្យគ្នាទៅ​វិញ​ទៅ​មកលើការផ្សព្វផ្សាយ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបង្កើនការទាក់​ទាញ​ទេសចរពីគ្នាទៅវិញទៅមកឱ្យបានកាន់តែច្រើន។ លោកបានបន្តថា នៅពេលចប់វិបត្តិជំងឺកូវីដ-១៩នេះទៅ ភាគីទាំងពីរក៏នឹងពិនិត្យលើលទ្ធភាពនានាក្នុងការការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ទីម័រឡេស្តេបន្តទៀតផងដែរ៕

អត្ថបទ និង​រូបភាព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;