កម្ពុជា-ទីម័រខាងកើត សន្យារួមគ្នាអភិវឌ្ឍន៍វិស័យការងាររឹតតែប្រសើរក្រោយចប់កូវីដ១៩

  • 2020-06-09 06:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង Ermenegildo Kupa Lopes (អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសន្យាអភិវឌ្ឍន៍វិស័យការងាររវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរបន្តទៀត ក្រោយចប់ជំងឺកូវីដ-១៩។ ការបញ្ជាក់ជំហរដូច្នេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

ជំនួបពិភាក្សានេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសហការជាមួយគ្នាយ៉ាងល្អកន្លងមក ហើយបាននិងកំពុងបន្តពង្រឹងពង្រីកបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសន្យាថា នឹងខិតខំបំពេញ​បេសក​​កម្មការទូតឲ្យទទួលបានជោគជ័យ នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ ឯកឧត្តម បានចាត់ទុកកម្ពុជាជាគេហដ្ឋានទី២ របស់ខ្លួន និងមានភាពកក់ក្តៅយ៉ាងខ្លំាង ទោះបីពេលនេះ ពិភពលោកមានបញ្ហាកូវីដ-១៩ តែកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមកដែលប្រទេសទាំងពីរបានចុះកិច្ច​ព្រម​ព្រៀង​ជាមួយគ្នាស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ” កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ រួមមាន៖

  • ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធីការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សានិងព័ត៌មានពាក់ព័ន្ធវិស័យនានា រួមទាំងការសិក្សាប្រៀបធៀបលើវិស័យការងារ មុខរបរ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជា៖ ការចរចារជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្ម សេរីភាពខាងសមាគម សុវត្ថិភាព និងសុខភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្តូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ

  • ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្ត្រីទទួលបន្ទុក និងមន្ត្រីជំនាញ

  • ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ

  • ការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស៕

ប្រភព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

អត្ថបទថ្មី
;