អាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត បន្តរុះរើតូបដើម្បីឲ្យអាជ្ញាធររៀបចំសោភ័ណភាពឡើងវិញ

  • 2020-06-11 06:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត បន្តចូលរួមជាមួយ​អាជ្ញាធរជាតិ​អប្សរា រុះរើ​តូប​លក់​វត្ថុអនុ​ស្សាវ​រីយ៍​និងភោជនីយដ្ឋានធំៗចំនួន២កន្លែងជាថ្មីទៀត នៅ​ជាប់ស្ពានអណ្ដែតទឹក​និង​នៅ​ជិត​បន្ទប់អនាម័យនៃបរិវេណ​ប្រាសាទអង្គរវត្ត​ នាព្រឹកថ្ងៃពុធទី១០ខែ​មិថុនា​​។​ ការ​រុះរើ​តូបលក់វត្ថុអនុស្សាវរីយ៍​និងភោជនីយដ្ឋាននេះ ធ្វើឡើង​បន្ទាប់ពី​អាជីវករ​ជាអ្នកជួល​តូបនិង​ម្ចាស់ភោជនីយដ្ឋាន​ ​បាន​ស្ម័គ្រចិត្ត​ប្រគល់ទីតាំង ឱ្យមន្ត្រី​អាជ្ញាធរជាតិអប្សរា​យកទៅ​រៀ​ប​​ចំ​ធ្វើ​ជា​ទី​លានបដិសណ្ឋារកិច្ច ​ធ្វើជាសួនច្បារ កែប្រែឱ្យមានសោភ័ណភាព​និងបរិស្ថាន​ល្អ ព្រម​ទាំ​ង​​​រៀបចំសណ្ដាប់ធ្នាប់នៅមុខអង្គរវត្ត ឱ្យកាន់តែមាន​របៀបរៀបរយមក។​

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃ​អាជ្ញាធរជាតិអប្សរា ដែលជាអ្នកដឹកនាំ​កម្លាំង​ចុះរុះ​រើ​តូប​លក់​ដូរនោះ មាន​ប្រសាសន៍ថា៖អាជ្ញាធរមានគម្រោងនឹង​រុះរើតូប​និងភោជនីយ​ដ្ឋាន​ទាំងអស់ចេ​ញ​ពី​បរិវេណ​មុខប្រាសាទអង្គរ ឱ្យអស់​យ៉ាងយូរត្រឹម​ចុងខែ​សីហា​ឆ្នាំ​២០២០​ខាង​មុខ។​ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា​ដដែល ​បញ្ជាក់ទៀតថា បើទោះ​បី​ជាយ៉ាងណាក៏ការរុះរើ​តូប​ទាំង​នោះ មិនបានបង្ខិតបង្ខំ​អាជីវករ ដែលជាម្ចាស់តូបទេ ក៏ប៉ុន្តែអាជ្ញាធរ​ជាតិ​អប្សរានឹងប្រឹងប្រែង​ពន្យ​ល់ ឱ្យក្រុមអាជីវករទាំងនោះ ​បាន​យល់ព្រមរុះរើ​ដោយស្ម័គ្រចិត្ត​។​ ជាមួយ​នឹងការរុះរើ​តូបលក់ដូរ ព្រមទាំងភោជនីយដ្ឋានទាំងនេះដែរ អាជ្ញាធរជាតិអប្សរា ក៏កំពុង​សាងសង់​កន្លែងលក់ដូរថ្មី ដើម្បី​ប្ដូរ​ជាមួយអាជីវករ ឱ្យទៅ​ប្រកបរបរ​ចិញ្ចឹមជីវិតតទៅទៀត​ ដែល​មិន​ឆ្ងាយពីកន្លែងចាស់ប៉ុន្មានទេ​។ ក្រុមអាជីវករ​លក់​ដូរ​វត្ថុ​អនុស្សាវរីយ៍​និង​ម្ចាស់​ភោជនីយដ្ឋាន​ជា​ច្រើន​រូប ​បាន​បង្ហាញ​ការ​ស្ម័គ្រចិត្ត​ជាបន្ត​បន្ទាប់ ក្នុងការយល់ព្រមរុះរើតូបរបស់ខ្លួន ហើយ​ទទួល​យក​កន្លែង​លក់​ដូរ​ថ្មី​។

អ្នកស្រី ​ម៉ោញ រតនា ​ម្ចាស់​ហាងវត្ថុ​អនុស្សាវរីយ៍ដ៏ធំមួយមានប្រសាសន៍ថា៖អ្នកស្រី​បាន​យល់ព្រម​រុះរើ​ហាងរបស់គាត់ដែលបាន​ធ្វើសម្រាប់លក់ដូររយៈពេល​ជិត២០ឆ្នាំមកហើយនោះ​។ អ្នក​ស្រី​បញ្ជាក់​ទៀត​ថា អ្នកស្រីក៏ស្រឡាញ់ប្រាសាទអង្គរវត្ត ដូច្នេះ ការរុះរើតូបរបស់អ្នកស្រីដើ​ម្បី​ប្រគល់ទីតាំងទៅ​ឱ្យ​អាជ្ញាធរ ​រៀ​ប​​ចំ​ធ្វើជាទីលានបដិសណ្ឋារកិច្ច ​ធ្វើជាសួនច្បារ កែប្រែឱ្យមាន​សោ​​ភ័ណ​ភាព​និង​បរិស្ថាន​ល្អ ព្រម​ទាំ​ង​​​រៀបចំសណ្ដាប់ធ្នាប់នៅមុខអង្គរវត្ត ឱ្យកាន់តែមាន​របៀបរៀប​រយ​នោះ គឺអ្នកស្រី ពេញ​ចិត្ត​និងចូលរួម​។​

នេះជាលើកទី៥ ​ហើយ ដែលអាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត បន្តចូលរួមស្ម័គ្រចិត្ត​ជាមួយ​អាជ្ញាធរជាតិ​អប្សរា រុះរើ​តូប​លក់​វត្ថុអនុ​ស្សាវ​រីយ៍​និងភោជនីយដ្ឋានធំៗ​ចំនួន ២កន្លែង​ទៀត នៅបរិវេណ​មុខអង្គរវត្ត​។ ចាប់តាំងតែពី​ថ្ងៃទី ២ខែ មករា រហូតមកដល់ត្រឹមថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០ អាជីវករលក់​ដូរ​នៅ​មុខ​ប្រាសាទអង្គរវត្ត បានចូលរួមជាមួយ​អាជ្ញាធរជាតិ​អប្សរា ​​អនុវត្តន៍ការរុះរើ​ភោជនីយដ្ឋាន ដែល​មាន​សំណង់​ធំៗ​ចំនួន៤កន្លែងរួចមកហើយ ដូចជា​ភោជ​នីយ​ដ្ឋាន​ Chez sophéa & Matthieu ចំនួន ៣ខ្នង ភោជ​នីយដ្ឋានផ្ទះបាយតានីខ្មែរអង្គរ​និងហាង Spice​ Garden ជាដើម៕

អត្ថបទ និង​រូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;