ខ្លះៗ​អំពី​ស្ដេច​​១៣អង្គ ក្នុង​រាជវង្ស​ចុងក្រោយ​បំផុត​របស់​វៀតណាម

  • 2020-06-19 06:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជវង្ស​ង្វៀន (Nguyen) គឺ​ជា​ពូជ​ពង្ស​ស្ដេច​ចុង​​ក្រោយ​បំផុត​របស់​វៀតណាម ដែល​​បាន​​ចាប់​កំណើត​ដំបូង​​នៅ​ក្នុង​កំឡុង​ឆ្នាំ​១៨០២ ក្រោយ​​ការ​​បញ្ចប់​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ខ្សែ​​រាជវង្ស Tay Son (១៧៧៨ - ១៨០២)។ នៅ​ក្នុង​ជំនាន់​រាជវង្ស​ង្វៀន វៀតណាម​កាល​នោះ​មាន​ស្ដេច​​​ឡើង​សោយរាជ្យ​ចំនួន ១៣​អង្គ។

ស្ដេច Gia Long (១៧៦២ - ១៨២០) គឺ​ជា​ស្ថាបនិក​នៃ​​​រាជវង្ស​ង្វៀន ដែល​តាំង​រាជធានី​របស់​ទ្រង់​ក្នុង​​ក្រុង Hue។ នៅ​ក្នុង​រាជវាំង មាន​​ដំរី​ចាំ​ការពារ​ចំនួន ៨០០​ក្បាល។ អ្នក​បន្ត​វេន​ពី​ស្ដេច Gia Long មាន​ព្រះ​នាម​ថា Minh Manh (១៧៩១ - ១៨៤១)។ ស្ដេច​ Minh Manh មាន​​ស្រី​ស្នំ​ច្រើន​ជាង ៥០០​នាក់​ឯណោះ ហើយ​ក្នុង​១​យប់ៗ​ ទ្រង់​ផ្ទំ​ជាមួយ​ស្រី​ស្នំ​ចំនួន ៥​នាក់។ ស្ដេច Minh Manh មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខាង​ហាមឃាត់​ពួក​ផ្សព្វផ្សាយ​សាសនា​​​បារាំង​នៅ​ក្នុង​ប្រទេស​វៀតណាម។

ស្ដេច​សោយ​រាជ្យ​បន្ទាប់​​មាន​ព្រះ​នាម​ថា Thiệu Trị (១៨០៧ - ១៨៤៧)។ ដើរ​តាម​គន្លង​របស់​ព្រះ​បិតា​ខ្លួន ស្ដេច Thiệu Trị ក៏​មិន​ពេញ​ចិត្ត​នឹង​ពួក​ផ្សព្វផ្សាយ​សាសនា​បរទេស​ផង​ដែរ។ ស្ដេច Thiệu Trị បាន​ចាប់​ក្រុម​ផ្សព្វផ្សាយ​សាសនា​អេស្ប៉ាញ និង​បារាំង ដាក់​គុក ដែល​​​ជា​រឿង​ធ្វើ​ឲ្យ​បារាំង​​ក្ដៅ​ក្រហាយ​ដល់​ថ្នាក់​ប្រើប្រាស់​​កម្លាំង​យោធា ហើយ​បង្ក្រាប​​វៀតណាម​បាន​យ៉ាង​ងាយ ព្រោះ​កាល​នោះ​បារាំង​មាន​សុទ្ធ​តែ​អាវុធ​ទំនើបៗ​ជាង។ ក្រោយ​វ៉ៃ​ចាញ់​បារាំង ស្ដេច Thiệu Trị ក៏​សោយ​ទិវង្គត​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់។ បើ​តាម​ពាក្យ​ចចាមអារ៉ាម ទ្រង់​បាន​​ធ្វើ​អត្តឃាត​ដោយ​កប់​ខ្លួន​​ឯង និង​ប្រពន្ធ​ទាំងរស់។

រាជវាំង​នៅ​ក្រុង Hue

Tự Đức (១៨២៩ - ១៨៨៣) គឺ​ជា​ស្ដេច​ទី​៤​នៃ​រាជវង្ស​ង្វៀន ដែល​គ្រប់​គ្រង​ដែនដី​វៀតណាម​បាន​ដោយ​ឯករាជ្យ​មុន​ការ​ត្រួតត្រា​របស់​បារាំង។ ព្រោះ​តែ​កើត​ជំងឺ​អុត​ធំ ស្ដេច Tự Đức មិនអាច​មាន​បុត្រ​បាន​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រោយ​​ស្ដេច​រូប​នេះ​​សោយ​ទិវង្គត រាជ្យ​សម្បត្តិ​​បាន​ផ្ទេរ​ទៅ​ឲ្យ​ក្មួយ​របស់​ទ្រង់​ដែល​មាន​ព្រះ​នាម​ថា Dục Đức (១៨៥២ - ១៨៨៣)។ ជា​អកុសល ស្ដេច​ Dục Đức ​កាន់​អំណាច​បាន​​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ត្រូវ​ធ្វើ​ឃាត​ដោយ​ការ​បំពុល​ពី​សំណាក់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់ ព្រោះ​ទ្រង់​មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន មិន​សក្តិសម​ធ្វើ​ជា​ស្ដេច​ឡើយ។

បន្ទាប់​មក​ទៀត​គឺ​ស្ដេច Hiệp Hòa (១៨៤៧ - ១៨៨៣)។ មិន​ជា​ល្អ​ប៉ុន្មាន​លើស​ពី​ស្ដេច​មុន​ទេ ស្ដេច Hiệp Hòa សោយ​រាជ្យ​បាន​តែ ៤​ខែ​ប៉ុណ្ណោះ។ ទ្រង់​ត្រូវ​ក្រុម​មន្ត្រី​បង្ខំ​ឲ្យ​ធ្វើ​អត្តឃាត ក្រោយ​បាន​ចុះ​​ហត្ថលេខា​យល់​ព្រម​ឲ្យ​បារាំង​ធ្វើ​ជា​អាណាព្យាបាល។

ស្ដេច Kiến Phúc (១៨៦៩ - ១៨៨៤) ដែល​​ពេល​នោះ​មាន​វ័យ​ត្រឹម ១៥​វស្សា​ បាន​ឡើង​សោយរាជ្យ​បន្ត។ ការ​កាន់​អំណាច​នេះ​មាន​រយៈពេល​ត្រឹម ៨​ខែ មុន​ទ្រង់​សោយ​ទិវង្គត​នៅ​ក្នុង​រាជវាំង Kiến Thành។ ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន បាន​លើក​ឡើង​ថា ការ​ចូល​ទិវង្គត​នេះ​ព្រោះ​ត្រូវ​គេ​បំពុល ហើយ​អ្នក​បំពុល​នោះ​ទៀត​សោត​គឺ​ជា​ម្ដាយ​ចិញ្ចឹម​របស់​ទ្រង់ ពាក់ព័ន្ធ​​រឿង​ដឹង​ឮ​អំពី​អំពើ​​សហាយ​ស្មន់​របស់​ខ្លួន។ ស្ដេច​ក្រោយ​ទៀត​មាន​ព្រះ​នាម​ Hàm Nghi (១៨៧២ - ១៩៤៣) ឡើង​សោយរាជ្យ​បាន​ ១​ឆ្នាំ ហើយ​ត្រូវ​គេ​និរទេស​ខ្លួន​ទៅ​ប្រទេស​អាល់ហ្សេរី។ មុន​និរទេស​ខ្លួន ស្ដេច Hàm Nghi ធ្លាប់​ត្រូវ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ឈ្មោះ Tôn Thất Thuyết ចាប់​ខ្លួន ហើយ​យក​ទៅ​​នៅ​ព្រៃ​ដើម្បី​ប្រើប្រាស់​ទ្រង់​​ធ្វើ​ជា​តំណាង​ ក្នុង​ចលនា​បដិវត្ត​ប្រឆាំង​នឹង​បារាំង។ ស្ដេច​ស្នង​រាជ្យ​បន្ត​ មាន​ព្រះ​នាម​ថា Đồng Khánh (១៨៦៤ - ១៨៨៩) ដែល​នេះ​គឺ​ជា​ការ​តែងតាំង​ដោយ​បារាំង ព្រោះ​បារាំង​មើល​ឃើញ​ថា​ទ្រង់​​ចេះ​ស្ដាប់​តាម​​ការ​ត្រួតត្រា​​របស់​បារាំង។ ស្ដេច Đồng Khánh សោយ​រាជ្យ​បាន​ជាង ៣​ឆ្នាំ។

លេខ​រៀង​ទី​១០​នៃ​រាជវង្ស​ង្វៀន​គឺ​ស្ដេច Thành Thái (១៨៧៩ - ១៩៥៤)។ ទ្រង់​ជា​ស្ដេច​ដែល​មិន​សូវ​រណប​បារាំង​នោះ​ទេ ហើយ​មាន​គោល​បំណង​ចង់​តតាំង​នឹង​បារាំង​​ទៀត​ផង តែ​ត្រូវ​បរាជ័យ។ ស្ដេច Thành Thái ជា​ព្រះ​មហាក្សត្រ​ដំបូង​គេ​ដែល​រៀន​បើក​បរ​រថយន្ត។ ដើម្បី​​ធ្វើ​ជា​រាក់ទាក់​នឹង​បារាំង ទ្រង់​ថែម​ទាំង​កាត់​សក់​ខ្លី​តាម​បែប​អឺរ៉ុប​ទៀត​ផង។ ​បើ​តាម​ពាក្យ​ចចាមអារ៉ាម ទ្រង់​បាន​លួច​ចេញ​ពី​វាំង​ជា​ញឹក​​ញយ ចុះ​សួរ​សុខទុក្ខ​រាស្ត្រ ព្រោះ​ចង់​ដឹង​ពី​ជីវភាព​ក្រោយ​ការ​កាន់កាប់​របស់​បារាំង។ ដើម្បី​គេច​ពី​ការ​តាម​ដាន​​របស់​បារាំង ស្ដេច Thành Thái បាន​ពុត​ជា​វិកល​ចរិត​ ហើយ​​លួច​ពង្រឹង​កម្លាំង​តទល់​នឹង​បារាំង។ ក្រោយ​មក ​បារាំង​ក៏​ដឹង​រឿង រួច​បង្ខំ​ឲ្យ​ទ្រង់​​ដាក់​រាជ្យ ហើយ​និរទេស​ទៅ​កាន់​កោះ Reunion។

Duy Tân (១៩០០ - ១៩៤៥) ដែល​ត្រូវ​ជា​បុត្រ​របស់​ស្ដេច Thành Thái បាន​ឡើង​គ្រ​ង​រាជ​បន្ត​ពី​បិតា ដោយ​កាល​ពី​មាន​ព្រះ​ជន្ម​ត្រឹម ៧​ព្រះ​វស្សា​ប៉ុណ្ណោះ។ ការ​គ្រង​រាជ្យ​មាន​រយៈ​ពេល ៩​ឆ្នាំ។ មិន​ខុស​ពី​បិតា​ទ្រង់ ស្ដេច Duy Tân ក៏​​ព្យាយាម​ប្រឆាំង​នឹង​​អាណានិគម​បារាំង​ដែរ តែ​ត្រូវ​បារាំង​ដឹង ហើយ​ក៏​បាន​​និរទេស​ទ្រង់​ទៅ​កោះ Reunion ជាមួយ​បិតា។ ក្នុង​ឆ្នាំ​១៩៤៥ ពេល​វិល​ត្រឡប់​មក​វៀតណាម​វិញ ស្ដេច Duy Tân បាន​សោយ​ទិវង្គត​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ។

បល្ល័ង្ក​រាជវង្ស​ង្វៀន

ស្ដេច Khải Định (១៨៨៥ - ១៩២៥) ជា​អ្នក​​ត្រូវ​ឡើង​​សោយរាជ្យ​បន្ត។ កេរ្តិ៍ឈ្មោះ​ស្ដេច​អង្គ​នេះ មិន​សូវ​ជា​ល្អ​នោះ​ទេ ព្រោះ​វៀតណាម​មើល​ឃើញ​ថា ទ្រង់​ជា​អ្នក​គាំទ្រ​បារាំង ហើយ​ត្រូវ​បារាំង​ប្រើប្រាស់​ជា​មេ​ដឹក​នាំ​​អាយ៉ង។ នៅ​ឆ្នាំ​១៩២៥ ទ្រង់​បាន​​ចូល​ទិវង្គត​ដោយ​សារ​ជំងឺ​របេង។

ស្ដេច​ចុង​ក្រោយ​គេ​របស់​វៀតណាម និង​ខ្សែ​រាជវង្ស​ង្វៀន​គឺ​ស្ដេច Bảo Đại (១៩១៣ - ១៩៩៧)។ ជប៉ុន​បាន​បណ្ដេញ​ពួក​បារាំង កាល​ពី​កំឡុង​សង្គ្រាម​លោក​លើក​ទី​២ ហើយ​​ដណ្ដើម​សិទ្ធិ​ត្រួតត្រា​វៀតណាម​វិញ​ម្ដង។ ស្ដេច Bảo Đại ត្រូវ​បង្ខំ​ឲ្យ​ដាក់​រាជ្យ​នៅ​ឆ្នាំ​១៩៤៥ នៅ​ពេល​ជប៉ុន​ចាញ់​សង្គ្រាម តែ​នៅ​បន្ត​ធ្វើ​ជា​ប្រមុខ​រដ្ឋ។ នាយករដ្ឋមន្ត្រី Ngô Đình Diệm បាន​បណ្ដេញ​ទ្រង់​ពី​តំណែង ក្រោយ​ការ​ធ្វើ​​ប្រជាមតិ​មួយ​នៅ​ក្នុង​ឆ្នាំ​១៩៥៥៕

ប្រភព៖ noodlesandcurry ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;