ទំនិញ​ប្រភេទណាខ្លះ​ដែលនាំចូលមកកម្ពុជា មិនចាំបាច់បង់ពន្ធ?

  • 2020-06-19 08:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​លើកលែង​ពន្ធ និង​អាករ​នាំចូល​ត្រូវអនុញ្ញាត​ផ្តល់ជូន​ចំពោះ​ការនាំចូល៖

ក-ទំនិញ​សម្រាប់​បេសកកម្ម​ការទូត ឬ​បេសកកម្ម​កុងស៊ុលបរទេស អង្គការ​អន្តរជាតិ និងភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​ផ្សេងទៀត ដើម្បី​ប្រើប្រាស់​ក្នុងការិយកិច្ច​នៃមុខងារ​ជាផ្លូវការ ដោយមាន​ការបញ្ជាក់​ពី​ប្រធាន​បេសកកម្ម និង​ពី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

ខ-ទំនិញ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​របស់​បុគ្គលិក​ផ្លូវការ​នៃបេសកកម្ម និង​អង្គការ ដូចបាន​រៀបរាប់ខាងលើ ដោយ​ត្រូវ​ផ្អែកលើ​គោលការណ៍​ច្បាប់​អន្តរជាតិ និង​គោលការណ៍​បដិការ​រវាង​រដ្ឋាភិបាល​ពាក់ព័ន្ធ។

គ-ទំនិញ​មាន​ដើម​កំណើត​កម្ពុជា ឬ​ទំនិញ​នាំចូល​ដែល​បាន​បង់ពន្ធ និង​អាករ​រួច ដែល​ចេញពី​ដែន​គយ​ហើយ​ត្រូវនាំចូល​ត្រឡប់​ពីបរទេស​មកវិញ ដោយពុំមាន​ការបង្កើនតម្លៃ។

ឃ-ទំនិញ​ដែល​ត្រូវ​លើកលែងពន្ធ និង​អាករ​ក្រោមបញ្ញត្តិ​នៃច្បាប់ផ្សេងទៀត​របស់​កម្ពុជា។

ង-ទំនិញ​ជាអំណោយ​សម្រាប់​មនុស្សធម៌​ទំនិញ​សម្រាប់​ការស្រាវជ្រាវ និង​គោលបំណង​វិទ្យាសាស្រ្ត ទំនិញ​គំរូ និង​ទំនិញ​តាំងពិព័រណ៍​ដែល​គ្មាន​តម្លៃ​ពាណិជ្ជកម្ម​មឈូស​ដែលមាន​សាកសព​មនុស្ស និង​ទំនិញ​ផ្សេងទៀត ដែល​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ទំនិញ​នាំចូល​ដែល​ត្រូវលើកលែងពន្ធ និង​អាករក្រោម​បញ្ញត្តិកថាខណ្ឌទី១ នៃ​មាត្រានេះ មិន​អាចត្រូវបានលក់ ផ្ទេរ បង្វែរ​ទៅប្រើប្រាស់​អ្វីផ្សេង ឬបោះបង់​ចោល​ដោយ​គ្មាន​ការ​អនុញ្ញាត​ជាមុន​ពីរដ្ឋបាល​គយឡើយ។

ទំនិញ​ដែលមាន​តម្លៃ និង​បរិមាណ​ច្បាស់លាស់​មួយចំនួន កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​នាំចូល​ដោយ​អ្នកដំណើរ អ្នកបម្រើ​ការ​តាមមធ្យោបាយ​ដឹកជញ្ជូន និង​ជន​ទាំងឡាយ​ដែល​ឆ្លងកាត់​ព្រំដែន ត្រូវ​លើកលែងពន្ធ និង​អាករ​នាំចូល។

រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាច​ចេញ​ប្រកាស​កំណត់​បាន​នូវ​បញ្ញត្តិ​នានា​ដែលពាក់ព័ន្ធ​ចំពោះ​ទំនិញ​ដូចមានចែង​ក្នុងវាក្យខណ្ឌ ក វាក្យខណ្ឌ ខ វាក្យខណ្ឌ គ វាក្យខណ្ឌ ឃ និង​វាក្យខណ្ឌ ង ក្នុង​កថាខណ្ឌទី១ នៃមាត្រានេះ ដោយរួម​ទាំងការលក់ ការផ្ទេរ​ ការបង្វែរ និង​ការបោះបង់ចោល ក្រោម​បញ្ញត្តិ​កថាខណ្ឌទី២ នៃមាត្រានេះ (មាត្រា២៦)។

ដកស្រង់ចេញពី៖ ច្បាប់​ស្តីពី គយ

អត្ថបទថ្មី
;