តូបលក់ដូរទី១១ នៅមុខប្រាសាទអង្គរវត្តត្រូវបានអាជីវករបន្តស្ម័គ្រចិត្តរុះរើចេញ

  • 2020-06-23 01:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោងកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត បាននិងកំពុងបន្តសកម្មភាពរបស់ខ្លួនទៅមុខជានិច្ច ក្នុងនោះអាជីវករជាបន្តបន្ទាប់ បានស្ម័គ្រចិត្តរុះរើសំណង់អាគារ និងតូបលក់ដូរ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្សរាមានលទ្ធភាពក្នុងការសម្រេចឱ្យបានគម្រោងដ៏មានសារសំខាន់មួយនេះ។

កាល​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សំណង់តូបលក់ដូរទី១១ហើយ ដែលស្ម័គ្រចិត្តរុះរើចេញពីបរិវេណមុខប្រាសាទអង្គរវត្ត។ លោកស្រី ម៉ោញ ស៊ីណាត ដែលលក់ដូរនៅទីតាំងនេះរយៈពេល២៨ឆ្នាំមកហើយបាននិយាយថា លោកស្រីយល់ព្រមរើតូបលក់ដូរនេះដើម្បីរួមចំណែកកិច្ចការអភិវឌ្ឍន៍ និងការរៀបចំបរិស្ថានមុខអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ។ លោកស្រីបន្ដថា មានសុទិដ្ឋិនិយមចំពោះការងារអភិវឌ្ឍន៍​ ហើយជឿថា ខ្លួនឯងនឹងទទួលផលចំណេញច្រើនចំពោះវិស័យទេសចរណ៍នៅប្រាសាទអង្គរវត្តនេះ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកកិច្ចការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត បានកោតសរសើរចំពោះការលះបង់ និងការសហការចូលរួមពីម្ចាស់អាជីវកម្មនានា ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរាសម្រេចការងារតាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមបន្ថែមថា ការចូលរួមនេះជាឥរិយាបថដ៏ប្រពៃប្រកបដោយឆន្ទៈខ្ពស់ចំពោះសង្គមជាតិ និងគិតប្រយោជន៍រួមជាធំ​ ហេីយសូមអំពាវនាវដល់អាជីវករដ៏ទៃទៀតឱ្យស្ម័គ្រចិត្តចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការរុះរេីតូបចាស់ចេញ​ ដេីម្បីទទួលបានតូបថ្មី។

តាមការបញ្ជាក់ពីអគ្គនាយរង អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការរុះរើសំណង់ទាំងស្រុងនៅជុំវិញបរិវេណមុខប្រាសាទអង្គរវត្ត និងត្រពាំងសេសដែលសរុបជាង១០០តូប ឱ្យបាននៅត្រឹមចុងខែ សីហាខាងមុខនេះ។ ការលក់ដូរនានា នឹងបញ្ចូលទៅក្នុងទីលានបដិសណ្ឋារកិច្ចដែលកំពុងមមាញឹកក្នុងការសាងសង់ និងគ្រោងដំណើរការការលក់ដូរនៅក្នុងខែកញ្ញាឆ្នាំ២០២០នេះ៕

អត្ថបទថ្មី
;