ដើមឈើប្រណីត និងឈើផ្កាព្រៃ ៤០០ដើមត្រូវបានដាំក្នុងបរិវេណប្រាសាទអង្គរវត្ត

  • 2020-07-16 03:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានដឹកនាំក្រុមការងារស្ម័គ្រចិត្តសម្ដេច ហ៊ុន សែន ដើមឈើប្រណីតមានធ្នង់ គ្រញូង បេង នាងនួន សុក្រំនិងឈើផ្ការំដួល ថ្កុលមាស សរុបចំនួន៤០០ដើម បានដាំនៅក្នុងបរិវេណប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»។

លោក ហង់ ពៅ បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានដាំកូនឈើនៅក្នុងឧទ្យានអង្គរចាប់ពីឆ្នាំ២០០៤ ជាប្រយោជន៍សម្រាប់ការរស់នៅនិងការអភិរក្សប្រាង្គប្រាសាទ រួមទាំងបម្រើឱ្យវិស័យទេសចរណ៍ផង។ ឯកឧត្តម ក៏បានបញ្ចាក់ថា មុនកាប់ដើមឈើមួយដើមៗ គួរពិចារណាពីផលប្រយោជន៍របស់ដើមឈើ ហើយចូលរួមដាំឡើងវិញទាំងអស់គ្នា និងចងចាំថា «ដើមឈើខ្ញុំនៅក្នុងតំបន់អង្គរ»។ ក្នុងនោះដែរ ជាគោលដៅឆ្នាំនេះ អាជ្ញាធរជាតិអប្សរានឹងចែកជូនកូនឈើជាង១០ម៉ឺនដើមឱ្យទៅសាធារណជនយកទៅដាំនៅតាមសហគមន៍ និងបង្កើតគម្របបៃតងដល់បរិស្ថាន។

លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងថា គ្រប់គ្នាតែងមានគំនិតព្រួយបារម្ភ ពីការរេចរិលព្រៃឈើនៅក្នុងប្រទេសកម្ពុជា នាំឱ្យបាត់បង់ទំនុកចិត្តក្នុងការដាំដើមឈើឡើងវិញ តែសូមតាំងស្មារតីឡើងដើម្បីរួមគ្នាជាថ្មី ប្រយុទ្ធប្រឆាំងការបំផ្លាញព្រៃឈើ ឱ្យស្របតាមប្រសាសន៍របស់សម្តេចតេជោ គឺត្រូវដាំដើមឈើឱ្យបានរាប់ម៉ឺនហិកតា រាប់លានដើមនៅក្នុងប្រទេសកម្ពុជា ខណៈស្រុកទេសមានសុខសន្តិភាព។ សូមកុំឱ្យមានត្រឹមទស្សនៈស្រឡាញ់ដើមឈើ តែមិនដាំ ហើយនាំតែគ្នាបំផ្លាញ។

លោក គី តិច បានថ្លែងអំណរគុណចំពោះការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា និងគណៈអភិបាលខេត្តសៀមរាប រួមទាំងប្រជាពលរដ្ឋអនុញ្ញាតឱ្យក្រុមមេធាវីបានដាំដើមឈើនៅក្នុងបរិវេណខាងត្បូងប្រាសាទអង្គរវត្ត ទុកជាកេរតំណែល និងជាគំរូសម្រាប់បំផុសទឹកចិត្តឱ្យសាធារណជនស្រឡាញ់ ព្រមទាំងចូលរួមដាំដើមឈើទាំងតាមទីសាធារណៈ ស្ថាប័ន តំបន់ប្រវត្តិសាស្ត្រ និងសហគមន៍ដែលខ្លួនរស់នៅកាន់តែច្រើន។

លោកក៏បានបញ្ជាក់ពីមូលហេតុនៃការរៀបចំពិធីនេះ គឺក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឱ្យប្រទេសមានសន្តិភាព ដែលនាំមកនូវការអភិវឌ្ឍ យុត្តិធម៌ សាសនាសុខុដុមរមនា ការការពារបេតិកភណ្ឌ និងបរិស្ថានបានល្អ។ ក្រៅពីពិធីដាំកូនឈើ ថ្នាក់ដឹកនាំក្រុមមេធាវីស្ម័គ្រចិត្តរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តសៀមរាប និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមទាំងសមាជិក សមាជិកា ក៏បានជិះកង់ដើម្បីបរិស្ថាន ហើយនឹងធ្វើពិធីបួងសួងសុំសេចក្តីសុខចម្រើនដល់វត្ថុស័ក្តិសិទ្ធិនៅប្រាសាទអង្គរវត្តថែមទៀតផង៕

ប្រភេព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;