បើ​ចង់​បាន​រាង​ស្លីម​ស្អាត​ដូច​ជប៉ុន គួរ​ចាប់​យក​ទម្លាប់​អាហារ​ទាំង​៦​នេះ!

  • 2020-07-20 01:49:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិបសាយ Bright Side បាន​ចង​ក្រង​នូវ​ទម្លាប់​​អាហារ​​ល្អ​ៗ​ចំនួន ៦ របស់​ស្ត្រី​ជនជាតិ​ជប៉ុន ដែល​ជួយ​ឲ្យ​ពួក​គេ​មាន​សុខភាព​​មាំមួន ជា​ពិសេស​គឺ​រូបរាង​កាយ​ស្លីម​ស្អាត៖

១. ការ​ទទួល​ទាន​របប​អាហារ​ដែល​មាន​តុល្យភាព និង​សម្បូរ​វីតាមីន

ជនជាតិ​ជប៉ុន​ចូល​ចិត្ត​បរិភោគ​អាហារ​ជា​ច្រើន​ប្រភេទ​ដូចជា ត្រី សារ៉ាយ​សមុទ្រ បន្លែ សណ្ដែក បាយ ផ្លែឈើ និង​តែ​បៃតង។ អាហារ​ទាំង​នេះ​​សុទ្ធ​តែ​មាន​សារធាតុ​ចិញ្ចឹម​ចម្រុះ និង​​តុល្យភាព​ល្អ ហើយ​មិន​សូវ​មាន​ជាតិ​កាឡូរី​ខ្ពស់​នោះ​ឡើយ។ មួយ​វិញ​ទៀត ពួក​គេ​មាន​ទម្លាប់​ទទួល​ទាន​អាហារ​ទៅ​តាម​រដូវ​កាល។ ឧទាហរណ៍​នៅ​រដូវ​រងា ជប៉ុន​ជា​ធម្មតា​ចូលចិត្ត​​ហូប​​ត្រី សាច់ ស៊ុប និង​ភេសជ្ជៈ​ក្ដៅៗ ខណៈ​ដែល​នៅ​រដូវ​ក្ដៅ​វិញ ពួក​គេ​ហូប​ស៊ុប​ត្រជាក់ៗ អាហារ​សមុទ្រ និង​បន្លែ​ចម្រុះ ជា​ដើម។

២. របៀប​ចម្អិន​អាហារ

តាម​បែប​ទំនៀម​ទម្លាប់ ជប៉ុន​និយម​ចម្អិន​អាហារ​ដោយ​ការ​ស្ងោរ អាំង ចំហុយ ឬ​ក៏​ចៀន ដែល​ប្រើ​ប្រភេទ​​ខ្ទះ​ពិសេស​ម៉្យាង ដោយ​ចម្អិន​ប្រើ​ប្រេង​តិច​បំផុត។ បន្ថែម​ពី​នេះ បន្លែ​ដែល​​ត្រូវ​​ចម្អិន​គឺ​ចិត​ជា​​ចំណិត​តូចៗ ដើម្បី​ឲ្យ​ឆ្អិន​លឿន។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ឲ្យ​សារធាតុ​ចិញ្ចឹម​មិន​សូវ​បាត់​បង់​ច្រើន។

នារី​ជប៉ុន​មាន​ភាព​ប្រុង​ប្រយ័ត្ន​ខ្លាំង​ចំពោះ​ការ​ប្រើ​គ្រឿង​ទេស​ណាស់ ដោយ​ធ្វើ​យ៉ាង​ណា​មិន​ចម្អិន​​​អាហារ​ឲ្យ​ឡើង​ពណ៌​ជ្រុល​ឡើយ ពោល​គឺ​រក្សា​ភាព​ស្រស់​ និង​ពណ៌​នៃ​អាហារ​ឲ្យ​បាន​ច្រើន។ ការ​ចម្អិន​អាហារ​ឲ្យ​ឡើង​ពណ៌​ជ្រុល​ពេក នឹង​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​ក្រពះ ថ្លើម និង​តម្រង់​នោម។

៣. វប្បធម៌​នៃ​ការ​ញ៉ាំ

ជប៉ុន​មាន​ទម្លាប់​បរិភោគ​អាហារ​យឺតៗ ​​​ហើយ​តិចៗ។ សូម្បី​តែ​ចាន​បាយ ឬ​ចាន​សម្ល​ក៏​មាន​ទំហំ​តូចៗ​ផង​ដែរ។ កាន់​តែ​ចាប់​អារម្មណ៍​ជាង​នេះ អាហារ​នៅ​ក្នុង​ចាន​គឺ​មិន​ដែល​ដួស​ឲ្យ​ពេញ​​ហូរហៀរ​មាត់​ចាន​ដែរ។

៤. បាយ​ជំនួស​ឲ្យ​នំបុ័ង

បាយ​មាន​សារសំខាន់​ណាស់​សម្រាប់​របប​អាហារ​មួយ​ពេលៗ ហើយ​ការ​ដាំ​បាយ​គឺ​គេ​មិន​បន្ថែម​គ្រឿង​ផ្សំ​ផ្សេងៗ​ដូចជា អំបិល ​​ឬ​ក៏​ប័រ​នោះ​ឡើយ។

៥. អាហារ​ព្រឹក​គឺ​សំខាន់​ជាង​គេ​បង្អស់

អាហារ​ចម្បង​ប្រចាំ​ថ្ងៃ​របស់​ជប៉ុន​គឺ​អាហារ​ពេល​ព្រឹក។ អាហារ​ពេល​ព្រឹក​ពួក​គេ មាន​ភាព​ចម្រុះ​គ្នា​ច្រើន​ដូចជា ត្រី បាយ ស៊ុត​ចៀន ស៊ុប សណ្ដែក សារ៉ាយ​សមុទ្រ និង​ទឹក​តែ។

៦. ការ​មិន​ទទួល​ទាន​បង្អែម ឬ​នំ​ផ្អែម​​

បើ​ឲ្យ​ជប៉ុន​ទទួល​ទាន​បង្អែម គឺ​វា​កម្រ​ណាស់ ​​​​ទាល់​តែ​មាន​កម្មវិធី​ណា​មួយ​ទើប​គេ​​ទទួល​ទាន​បង្អែម តែ​ក្នុង​បរិមាណ​តិច​តួច​ប៉ុណ្ណោះ។ ប្រភេទ​បង្អែម​ដែល​គេ​និយម​នៅ​ជប៉ុន មាន​ឈ្មោះ​ថា Mochi ដែល​ធ្វើ​ពី​គ្រាប់​​អង្ករ។ បង្អែម​នេះ​មាន​ជាតិ​ខ្លាញ់ និង​ស្ករ​តិច​បំផុត៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;