ឆ្នាំ ២០១៦ ដល់ ២០២០ កម្ពុជាលក់ឥណទានកាបូនបានជាង ១១លានដុល្លារ

  • 2020-07-24 04:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាំងពីឆ្នាំ ២០១៦ រហូតមកទល់នឹងឆ្នាំ ២០២០ នេះ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា ចំនួន ១១,៦ លានដុល្លារសហរដ្ឋអាមេរិក ហើយកម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀតដើម្បី បន្តទិញឥណទានកាបូននេះបន្ថែមទៀត ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានាដែលកម្ពុជាមាន នៅសេសបរិមាណច្រើន។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី ២៣ កក្កដា ២០២០។

ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូងជាទីដែលបានការពារព្រៃឈើបានយ៉ាងល្អនិងបានលក់ឥណទានកាបូន។ មុននឹងទិញឥណទាន កាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ ការសម្រេចទិញឥណទានកា បូនពីកម្ពុជារបស់ក្រុមហ៊ុននានាគឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ។ ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុង ដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣ លាន ហិកតាដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានាបាននិងកំពុងឈរជើងការពារ។ ជាមួយគ្នានេះដែរ តំបន់ការពារធម្មជាតិមួយចំនួនកំពុងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏គួរឱ្យទាក់ទាញអារម្មណ៍ដូចជាខ្នងផ្សារ វាលធំជាដើម៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;