ដឹងអត់ថាប្រទេសរុស្ស៊ី និង​ សហភាព​សូវៀត ខុសគ្នាយ៉ាងម៉េច?

  • 2020-07-28 07:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាក្យថា «ប្រទេសរុស្ស៊ី និង​ សហភាពសូវៀត» គឺមិនដូចគ្នាទេ ប៉ុន្តែវាមានការពាក់ព័ន្ធគ្នា ពោលគឺ​ប្រទេសរុស្ស៊ី ជាផ្នែកមួយ​ធំជាងគេ​នៃសហភាពសូវៀត។

ទង់ជាតិរុស្ស៊ី
ទង់ជាតិសហភាពសូវៀត

សហភាពសាធារណរដ្ឋ​សង្គមនិយម​សូវៀត ឬហៅថា សហភាព​សូវៀត ត្រូវបាន​បង្កើតឡើង​នៅចុងឆ្នាំ​១៩២២ ក្រោយពេល​មានបដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧ ដឹកនាំ​ដោយបក្សប៊ុលសេវិក​ដែលជាបក្សសង្គមនិយម ដើម្បី​ផ្តួលរំលំ​របប​រាជានិយម​របស់​ស្តេចត្ស៉ា។

ការប្រកាស​បង្កើត​សហភាពសូវៀត ធ្វើឡើង​សន្និសីទមួយ​ដែល​មានការចូលរួមពី​គណៈប្រតិភូ​សាធារណរដ្ឋ​សង្គម​និយម​ចំនួន៤ គឺ ១. រុស្ស៊ី, ២. អន្តរកូកាស (រួមមាន​ប្រទេស​អាមេនី, អាហ្សែបៃហ្សង់ និង ហ្សកហ្ស៊ី), ៣. អ៊ុយក្រែន និង ៤. បេឡូរុស្ស៊ី (បច្ចុប្បន្នបេឡារុស)។ មេដឹកនាំ​សហភាពសូវៀត​ដំបូងគេ​បង្អស់គឺលោក វ្លាឌីមៀ លេនីន ចាប់ពីឆ្នាំ១៩២២ ដល់ ១៩២៤។

ជារួម​ត្រឹម​ឆ្នាំ​១៩៤០ សហភាព​សូវៀត បានកើនឡើង​ដល់ ១៥ប្រទេស​រួមមាន៖ រុស្ស៊ី, អាមេនី, អាហ្សែបៃហ្សង់, ហ្សកហ្ស៊ី, អ៊ុយក្រែន, បេឡូរុស្ស៊ី, អ៊ុយបេគីស្ថាន, កាហ្សាក់ស្ថាន, កៀជីស្ថាន, ម៉ុលដូវ៉ា, តួកមេនីស្ថាន, តាជីគីស្ថាន, ឡាតវី, លីធូអានី និង​អេស្តូនី។

ផែនទីសហភាពសូវៀត
ផែនទីប្រទេសរុស្ស៊ី

សហភាពសូវៀតបានដួលរលំទាំងស្រុង នៅចុងឆ្នាំ១៩៩១ ហើយ​ប្រទេសទាំង១៥ខាងលើ បានបំបែក​ខ្លួន ដោយក្លាយជាប្រទេស​ឯករាជ្យរៀងៗខ្លួនមកដល់បច្ចុប្បន្ន៕

ប្រភព៖ History

អត្ថបទថ្មី
;