មាន​បច្ចេកវិទ្យារួមគ្នា​របស់​ស្ថាប័ន​ទាំងពីរ​នេះ កុំ​ចង់ក្លែងបន្លំអត្តសញ្ញាណធ្វើបណ្ណបើកបរ និង​កាតគ្រី​ឱ្យសោះ

  • 2020-07-29 01:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយលោក ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លើកិច្ចសហប្រតិបត្តិការការងារបច្ចេកទេសតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធ្វើការផ្ទៀងផ្ទាត់នូវភាពត្រឹមត្រូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ប្រជាពលរដ្ឋលើការទទួលសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជំនួបប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យទៅលើលំហូរនីតិវិធីក្នុងការពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណប្រជាពលរដ្ឋ ដែលស្នើសុំសេវាចុះបញ្ជីយានយន្ត សេវាផ្តល់បណ្ណបើកបរ និងសេវាសាធារណៈផ្សេងទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលសេវា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានលឿនរហ័ស កាត់បន្ថយពេលវេលា និងនីតិវិធីស្មុគស្មាញ។

សូមជម្រាបថា បច្ចេកទេសផ្តល់សេវាដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា​តាមរយៈការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរវាងប្រព័ន្ធទាំងពីរ ក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវអត្តសញ្ញាណប្រជាពលរដ្ឋនេះ នឹងបង្កើននូវការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃអត្តសញ្ញាណប្រជាពលរដ្ឋ ដើម្បី ពន្លឿន ពេលវេលាផ្តល់សេវាឈានទៅរកការលុបំបាត់នីតិវិធីស្មុគ្រស្មាញ ការក្លែងបន្លំឯកសារសាធារណៈ ជាពិសេសការប្រើប្រាស់អត្តសញ្ញាណក្លែងបន្លំ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការពង្រឹងនូវការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងទិន្នន័យសន្តិសុខជាតិ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងជួយពង្រឹងនូវការប្រមូលចំណូលសារពើរពន្ធផងដែរ។

ទាំងនេះស្តែងឱ្យឃើញពីការគិតគូរដិតដល់ និងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជាគន្លឹះសំខាន់ក្នុងការជួយសម្រួលនីតិវិធីជូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលកាត់បន្ថយភាពស្មុគស្មាញ និងលុបបំបាត់ការចំណាយក្រៅផ្លូវការ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពជូនប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;