អាជ្ញាធរជាតិអប្សរា នឹងប្រើពេល៤ខែដើម្បីជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែន

  • 2020-07-31 02:17:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើពិធីប្រុងពលីដើម្បីសុំសេចក្តីសុខចម្រើនក្នុងការអភិរក្សនិងជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែនឱ្យមានស្ថានភាពល្អប្រសើរឡើងវិញ។ គម្រោងអភិរក្សនិងជួសជុលប្រាសាទនេះ មានរយៈពេល៤ខែ ដោយចាប់ផ្តើមពីថ្ងៃទី២០ខែកក្កដា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយលោកបណ្ឌិត ឈាន រដ្ឋា និងអនុវត្តផ្ទាល់ដោយលោក ពុទ្ធ សុទ្ធ និងមន្ត្រីបុគ្គលិកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ។ ពិធីនេះធ្វើឡោះង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

ប្រាសាទដំរីក្រាប រងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀងនិងរុក្ខជាតិ ដែលធ្វើឱ្យគ្រឹះស្រុតផ្នែកខាងលិច បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។ បញ្ហាសំណើមក៏ធ្វើឱ្យផ្នែកខឿនប្រាសាទពុកផុយខ្លាំង និងផ្នែកកណ្តាលមធ្យម។ រួមទាំងកត្តាមនុស្សដែលបានលួចបំផ្លិចបំផ្លាញក្បាច់ក្រឡោតខ្ពស់នៅលើជញ្ចាំង ហោជាង ផ្តែរ និងជីកកកាយគ្រឹះខាងក្នុងប្រាសាទ ធ្វើឱ្យលំនឹងប្រាសាទមានការប្រែប្រួល។

ដើម្បីលើកកម្ពស់តម្លៃប្រាសាទឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសម្រេចពង្រឹងខឿនដែលពុកផុយនៅជុំវិញតួប៉ម ជួសជុលខ្លោងទ្វារខាងកើត រៀបផ្ជិត ពង្រឹងស្នាមប្រេះតូចធំនៅលើជញ្ជាំង ដំបូល និងជួសជុលដំបូលដែលពុកផុយ។

ប្រាសាទដំរីក្រាប មានទីតាំងស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ជាប្រាសាទឥដ្ឋ ដែលមានតួប៉ម៣សង់លើខឿនតែ១ មានកំពែងព័ទ្ធជុំវិញ ហើយក៏ជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនដែលស្ថិតនៅក្នុងរចនាបថគូលែនក្នុងរជ្ជព្រះបាទជ័យវរ្ម័នទី២ (គ.ស.៨០២-៨៥០) ដែលជាការចាប់ផ្តើមនៃអារ្យធម៌អង្គរ។ ប្រាសាទនេះមិនសូវខុសប្លែកពីសម័យមុនៗទេ គឺបែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោតចំនួន៣ ប្លង់បាតមានរាងការេ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;