រុស្ស៊ី ដាក់ឈ្មោះ​វ៉ាក់សាំង​កូវីដ​ដំបូងគេ​ក្នុងលោក ដូចឈ្មោះ​ផ្កាយរណបទីមួយ​ក្នុងលោក

  • 2020-08-12 02:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី ជាប្រទេស​ដំបូងគេក្នុងលោក​ដែល​យល់​ព្រម​ឱ្យប្រើប្រាស់​ជាផ្លូវការ​ក្នុង​ប្រទេស​នូវវ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩។ នេះ​បើតាម​ការ​ប្រកាស​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុង​កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២០។

ជាមួយគ្នានេះ លោក ពូទីន ក៏បាន​ប្រាប់​ទៅរដ្ឋមន្រ្តីសុខាភិបាល ឱ្យបន្តផ្តល់​ព័ត៌មាន​មកលោកវិញ​អំពីការប្រើប្រាស់​វ៉ាក់សាំង ខណៈលោក​ជឿជាក់​ថាវាពិតជាមានប្រសិទ្ធភាព​ក្នុងការការពារ​ជំងឺនេះបាន។ ក្នុងនោះ កូនស្រីរបស់លោក បាន​ចាក់វ៉ាក់សាំងនេះរួចមកហើយ។

លោក​ប្រធានាធិបតីបន្តថា រុស្ស៊ី​នឹងផលិតវ៉ាក់សាំង​នេះជាទ្រង់ទ្រាយធំ សម្រាប់​ប្រើប្រាស់​នៅទីផ្សារពិភពលោក​តែម្តង។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ វ៉ាក់សាំងនេះ​ត្រូវបានដាក់ឈ្មោះថា «Sputnik V» ដែល​ដូចនឹង​ឈ្មោះផ្កាយរណបទីមួយក្នុងលោក ដែល​បាញ់បង្ហោះ​ដោយ​សហភាពសូវៀត​កាលពីសម័យ​សង្គ្រាម​ត្រជាក់​ ក្នុងឆ្នាំ១៩៥៧ផងដែរ ពោលគឺផ្កាយរណបនោះមានឈ្មោះថា «Sputnik I»។ ការបង្ហោះ​ផ្កាយរណបលើកដំបូង បានបើកផ្លូវសម្រាប់ការរុករកអវកាស​របស់មនុស្សជាតិ និង​ជាការ​ចាប់ផ្តើម​រត់ប្រណាំងប្រជែងគ្នា​រវាង​មហាអំណាចសូវៀត និងអាមេរិក​ក្នុងវិស័យអវកាស ដែលគេហៅថា «សង្គ្រាមអវកាស»៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;